ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

​នៅ​ខេត្ត​រតន​គិរី​៖ គ្រុន​ឈាម​សម្លាប់​កុមារី​ម្នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ជាង​១០០​នាក់​

media  
រូប​សំណាក​មូសខ្លា (រូបតំណាង) © ចាន់ណា/rfi

ជំងឺ​គ្រុន​ឈាម​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ខេត្ត​រតនគិរី ​តាំង​ពី​ចុង​ខែ​ឧសភា បាន​សម្លាប់​មនុស្ស​អស់​ម្នាក់​ហើយ គិត​ត្រឹមថ្ងៃ​អង្គារ​ទី​០៤​មិថុនា​ម្សិលមិញ​​​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​។ សូម​ជម្រាប​ថា គិត​ត្រឹម​ពេល​នេះ ករណី​ឆ្លង​ជំងឺ​គ្រុន​ឈាម​នៅ​រតនគិរី មាន​​ចំនួន​ជាង​១០០​ករណី​ កើន​ឡើង​ជិត​៣​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន​។ កំណើន​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​ពន្យល់​ថា គឺ​ដោយ​សារ​តែ​ឆ្នាំ​២០១៩​ គឺ​ជា​វដ្ត​របស់​ជំងឺ​គ្រុន​ឈាម ដែល​តែង​តែ​ផ្ទុះ​ឡើង​រៀងរាល់​៤​ទៅ​៥​ឆ្នាំម្ដង​។ 

អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុនឈាម​ដំបូង​គេ​នៅ​ខេត្ត​រតនគិរី នា​ដើម​រដូវ​វ​ស្សា​ឆ្នាំ​២០១៩​នេះ គឺកុមារី​ អាយុ​១២​ឆ្នាំ រស់​នៅ​ភូមិ​ក្រឡាញ់ញ៉ៃ ឃុំ​វើនសៃ ស្រុក​វើនសៃ​។ លោក អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី បាន​គូស​បញ្ជាក់​ថា កុមារី​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត ដោយ​សារ​តែ​ឪពុក​ម្ដាយ​មិន​បាន​បញ្ជូន​នាង​ទៅ​មណ្ឌល​សុខភាព​ឲ្យ​បាន​ទាន់​ពេល​វេលា ដោយ​គិត​ថា ជា​ជំងឺ​ក្ដៅខ្លួន​ធម្មតា​។

សូម​ជម្រាប​ជូន​ថា ជំងឺ​គ្រុន​ឈាម​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ខែ​ឧសភា នៅ​ក្នុង​ស្រុក​ប្រតិបត្តិ​ចំនួន​៣ នៃ​ខេត្ត​រតនគិរី​ ជា​អាថិ៍ ស្រុក​វើនសៃ ស្រុក​បកែវ និង​ក្រុង​បានលុង ដោយ​មាន​អ្នក​កើត​ជំងឺ​នេះ​ចំនួន​១១១​នាក់​។ ចំនួន​នេះ កើន​ឡើង​ប្រមាណ​ជិត​៣​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​អ្នក​កើត​ជំងឺ​គ្រុន​ឈាម​ចំនួន​៣៨​នាក់​ប៉ុណ្ណោះ​។

ប្រឈម​នឹង​កំណើន​នៃ​ករណី​ជំងឺ​គ្រុនឈាម​ដូច្នេះ មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី បាន​ចាត់​មន្ដ្រី​ជំនាញ​ឲ្យ​ចុះ​ទៅ​បាញ់​ថ្នាំ​សម្លាប់​ប្រភព​មូស​ខ្លា ចាប់​តាំង​ពី​ថ្ងៃ​ទី​០២​មិថុនា​។ ចំពោះ​ការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​វិញ មន្ទីរ​សុខាភិបាល​បាន​បញ្ជូន​គ្រូពេទ្យ​ជា​ច្រើន​នាក់​ទៅប្រចាំ​ការ​នៅ​ទីតាំង​ដែល​ផ្ទុះ​​ជំងឺ​គ្រុន​ឈាម ដើម្បី​អន្តរាគមន៍​ព្យាបាល​បាន​ទាន់​ពេល​វេលា​។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុងឆ​មាស​ទី​១ ឆ្នាំ​២០១៩​នេះ អ្នក​កើត​ជំងឺ​គ្រុន​ឈាម​នៅទូទាំង​ប្រទេស​កម្ពុជា មាន​ចំនួន​ជិត​៨,០០០​នាក់​ហើយ​។ ចំនួន​នេះ កើន​ឡើង​ច្រើន បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​។ ក្រសួង​សុខាភិបាល បាន​អះអាងថា កត្តា​ដែល​បណ្ដាល​ឲ្យ​មាន​ករណី​គ្រុន​ឈាម​ច្រើន​ដូច្នេះ គឺ​ដោយ​សារ​តែ​បម្រែ​បម្រួល​អាកាស​ធាតុ និង​វត្តមាន​ជម្រក​មូស​ខ្លា​នៅ​តាម​ផ្ទះ​សម្បែង ឬ​ទីធ្លា​សាធារណៈ​។ មួយ​វិញ​ទៀត គឺ​ដោយ​សារ​តែ​ឆ្នាំ​២០១៩​ គឺ​ជា​វដ្ត​របស់​ជំងឺ​គ្រុន​ឈាម ដែល​តែង​តែ​ផ្ទុះ​ឡើង​រៀងរាល់​៤​ទៅ​៥​ឆ្នាំម្ដង​។ យ៉ាង​ណា​ក៏​ដោយ លោក​វេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង​បាណកសាស្ត្រ​នៃ​ក្រសួងសុខាភិបាល បានអះអាង​ថា ស្ថានភាព​​​នៃ​ជំងឺ​គ្រុន​ឈាម​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​ដែល​អាច​គ្រប់​គ្រង​បាន មិន​ទាន់​ឈាន​ចូល​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅឡើយ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ