អានតួអត្ថបទ
កម្ពុជា-ច្បាប់

សម្ថកិច្ច៖ ចាប់ខ្លួនអ្នកផលិត​វីឌីអូ​ឯកសារ «ម្តាយខ្ញុំ លក់ខ្ញុំ» ធ្វើ​​តាម​ដីកា​តុលា​ការ

ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​ជាប់​ទាក់​ទង​ការ​ផលិត​វីឌីអូ​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា «ម្តាយ​ខ្ញុំ លក់ខ្ញុំ» របស់​សារ​ព័ត៌មាន​រុស្ស៊ី​ធូដេ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ថ្ងៃសុក្រ​ម្សិល​មិញ ​តាម​សំណើរ​របស់​អាជ្ញាធរ​ខ្មែរ។ ប៉ុន្តែ​យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាល​​ជាតិ​បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះថា ការ​ចាប់​ខ្លួន លោក រ៉ាត់ រដ្ឋមុនី ធ្វើ​ឡើង​តាម​ដីកា​របស់​តុលាការ​តែ​ប៉ុណ្ណោះ។

រូបភាព៖ លោករ៉ាត់ រដ្ឋមុនី ពាក់អាវបង្កងដែល​ភរិយា​របស់​គាត់​អះអាង​ថា បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ផលិ​តវីដេអូ​ឯកសារ​ស្ដីពី​ម្ដាយ​ខ្ញុំ​លក់​ខ្ញុុំ
រូបភាព៖ លោករ៉ាត់ រដ្ឋមុនី ពាក់អាវបង្កងដែល​ភរិយា​របស់​គាត់​អះអាង​ថា បាន​រួម​ចំណែក​នៅ​ក្នុង​ការ​ផលិ​តវីដេអូ​ឯកសារ​ស្ដីពី​ម្ដាយ​ខ្ញុំ​លក់​ខ្ញុុំ @FB
ផ្សាយពាណិជ្ជកម្ម

មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន លោក​រ៉ាត់ រដ្ឋមុនី មិន​ត្រូវ​បញ្ជាក់​ពី​សំណាក់​អាជ្ញាធរ​ខ្មែរ​នៅ​ឡើយ​​ទេ​គិត​មក​ដល់​ពេល​នេះ។ ប៉ុន្តែ​យ៉ាង​ណា​មិញ តាមរយៈ​សារព័ត៌មាន​នៅ​ក្នុងស្រុក បាន​ផ្សាយ ដោយ​ស្រង់​សំដី អ្នកស្រី ឡុង គីមហ៊ាង ភរិយា​លោក រ៉ាត់ រដ្ឋមុនី អះ​អាង​ថា ការ​ចាប់​ខ្លួន​ស្វាមី​គាត់​នេះ ពាក់ព័ន្ធ​ការ​ផលិត​វីឌីអូ​ឯកសារ​មួយ​មាន​ចំណង​ជើងថា «ម្តាយខ្ញុំ លក់ខ្ញុំ» របស់​សារព័ត៌​មាន​រុស្ស៊ី​ធូដេ។

តែ​លោក ឆាយ គីមឃឿន អ្នក​នាំ​ពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​លោក រ៉ាត់ រដ្ឋមុនី នៅពេ​ល​នេះ​ទំនង​ជា​ជាប់​ទាក់​ទង​នឹង​បទឧក្រិដ្ឋ ដែល​ផ្អែក​ទៅ​តាម​ដីកា​​របស់​តុលាការ។ សម្រាប់​សមត្ថកិច្ច​កម្ពុជា ខ្សែ​ភាពយន្ត​ឯកសារ«ម្តាយខ្ញុំ លក់ខ្ញុំ» នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​កម្ពុជា ខណៈ​ក្រុម​អ្នក​ផលិត​និយាយ​ថា​ វា​គ្រាន់​តែ​ជាផ្នែក​មួយ​បង្ហាញ​ពី​ទិដ្ឋភាព​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម​កម្ពុជា​តែ​ប៉ុណ្ណោះ។

យោង​ទៅ​លើ​ការ​ចុះផ្សាយ​របស់​សារព័ត៌មានReutersថា ការ​ចាប់​ខ្លួន​លោក រ៉ាត់ រដ្ឋមុនី​ ធ្វើ​ឡើង​អំឡុង​ពេល​ដែល​លោក​និង​ក្រុម​គ្រួសារ​ព្យាយាម​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហូឡង់​។​ អ្នក​ស្រី ឡុង គីមហ៊ាង ភរិយា លោក រ៉ាត់ រដ្ឋមុនី បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​ថា ប្ដី​របស់​គាត់អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធគារ​ក្រោយ​ការ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ។​ ភ្លាមៗក្រោយ​ការ​ចាប់​ខ្លួន លោក រ៉ាត់ រដ្ឋមុនី ក្រុម​គ្រួសារ​និង​មតិ​មួយ​ចំនួន​បាន​រិះគន់​ចំពោះការ​ចាប់​ខ្លួន​នេះ​ដោយ​ពួក​គេថា សកម្មភាព លោក រ៉ាត់ រដ្ឋមុនី គឺ​គ្រាន់​តែ​ជា​ការ​បង្ហាញការ​ពិត​នៅ​ក្នុង​សង្គម​ខ្មែរ​តែប៉ុណ្ណោះ។ សូមបញ្ជាក់ដែរ ថា លោក រ៉ាត់ រដ្ឋមុនី ក៏ជាប្រធាន​សហ​ព័ន្ធ​​សហជីព​កម្មករ​សំណង់​កម្ពុជា (CCTUF) ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ