អានតួអត្ថបទ
កម្ពជា

លោកស្រី​រ៉ូ​ណា ​ស្មី​ត​​​បារម្ភ​​រឿង​​គំរា​ម​“​ក្បាល​​នឹង​​គល់​​ឫ​ស្ស៊ី​”​របស់​​រដ្ឋ​មន្ត្រី​​ខ្មែរ​​ចំពោះ​​អ្នក​​តវ៉ា​​លទ្ធផ​ល​​បោះឆ្នោត​

អ្នក​រាយ​ការ​ណ៏​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី​រ៉ូ​ណា ស្មី​ត​បាន​ផ្តើម​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី​នៅថ្ងៃនេះ ដោយបាន​ជួបពិភាក្សា​គ្នា​ភា្ល​ម​តែម្តង​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។ នៅក្នុង​ជំនួប​ប្រមាណ១ម៉ោង​កន្លះ​កាលពី​ថ្ងៃ​ត្រង់នេះ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​សួរនាំ និង​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​អំពី​រឿង​គំរាម​វាយ​ក្បាល​នឹង​គល់​ឫ​ស្ស៊ី​លើ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយពី​សំណាក់​លោក​រដ្ឋមន្ត្រី​សង្គមកិច្ច​ខ្មែរ​វង សូត។

អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត
អ្នករាយការណ៏ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា លោកស្រីរ៉ូណា ស្មីត @Chin Malin
ផ្សាយពាណិជ្ជកម្ម

ជាការ​ឆ្លើយតប​ចំពោះ​ការព្រួយបារម្ភ​នេះ លោក​កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​កម្ពុជា បានបញ្ជាក់​ប្រាប់​លោកស្រី​រ៉ូ​ណា ស្មី​ត​វិញ​ថា នោះ​មិនមែនជា​ការគំរាមកំហែង​ទេ ប៉ុន្តែ​ជាការ​អប់រំ​តាមផ្លូវ​ច្បាប់​តែប៉ុណ្ណោះ។ បន្ថែម​លើ​នេះ លោក​កែវ រ៉េមី បានចាត់ទុក​ពាក្យសម្តី​ព្រមាន “វាយ​ក្បាល​នឹង​គល់​ឫ​ស្ស៊ី”នោះ​ថា ជាការ​ព្រួយបារម្ភ​រប​ស់​ថ្នាក់ដឹកនាំ​នៅក្នុង​រដ្ឋាភិបាល​កម្ពុជា ។ ការព្រួយបារម្ភ​នៅត្រង់​នេះ គឺ​លោក​កែវ រ៉េមី ផ្អែកទៅលើ​ការបោះឆ្នោតមុនៗដែលមាន​ការមិនទទួលស្គាល់​នូវ​លទ្ធផល​ក្រោយ​ការបោះឆ្នោត។

យ៉ាងណាក៏ដោយ លោកស្រី​រ៉ូ​ណា ស្មី​ត​ដែល​ទទួលស្គាល់ថា លោក​រដ្ឋមន្ត្រី​ខ្មែរ​វង សូត ជា​មនុស្ស​ស្លូតបូត​នោះ បានបញ្ជាក់​ទៅកាន់​លោក​ប្រធាន​សិទ្ធិមនុស្ស​ខ្មែរ​វិញ​ថា លោក​រដ្ឋមន្ត្រី​រូបនេះ មិនគួរណា​ប្រើប្រាស់​ពាក្យសម្តី ដែល​បង្ក​ឲ្យ​មាន​ព្រួយបារម្ភ និង​ភ័យខ្លាច​ដល់​បញ្ហា​សិទ្ធិមនុស្ស​ឡើយ។ ទោះជា​បែបនេះ​ក្តី លោកស្រី​រ៉ូ​ណា ស្មី​ត ក៏បាន​លើកឡើង​ដែរ​ថា បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មានការ​ប្រែប្រួល ពោល គឺ​មិនអាក្រក់​ដូច​មជ្ឈដ្ឋាន​ខ្លះ​លើកឡើង​នោះទេ។ នេះ​បើតាម​ការ​ថ្លែងប្រាប់​របស់លោក​កែវ រ៉េមី ចំពោះមុខ​អ្នកកាសែត​ក្រោយពី​ជំនួប​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត។

សូមបញ្ជាក់ថា នេះ គឺជា​លើក​ទី​ពីរ​ហើយ​ដែល​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បានទទួល​ជួប​ជាមួយ​លោកស្រី​រ៉ូ​ណា ស្មី​ត ។ លោកស្រី​រ៉ូ​ណា ស្មី​ត ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល១០ថ្ងៃ​ចាប់ពី​ថ្ងៃទី០៨ ដល់​ថ្ងៃទី១៨ ខែសីហា។ ដំណើរ​ទស្សនកិច្ច​ជាថ្មី​នេះ គឺ​ដើម្បី​ពិនិត្យមើល​សិទ្ធិ​កុមារ និង​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ។

តាម​គម្រោង ក្រៅពី​ជួប​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​នេះ នឹង​ជួប​ជាមួយ​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ផ្សេងទៀត តំណាង​សង្គម​ស៊ីវិល និង​សមាជិក​នៃ​សហគមន៍​ការទូត​នៅ​កម្ពុជា។ នៅ​ថ្ងៃទី១៨ សីហា ដែលជា​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ជាថ្មី​នេះ លោកស្រី​រ៉ូ​ណា ស្មី​ត នឹងធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​បេសកម្ម​រយៈពេល១០ថ្ងៃជា​ថ្មី​នៅ​កម្ពុជា​នេះ​នៅវេលា​ម៉ោង៣ រសៀល​នៅ​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ