អានតួអត្ថបទ
កម្ពុជា-នយោបាយ

ចៅក្រម​បដិ​សេធ​ជា​លើក​ទី​៣ ​មិន​ឲ្យ​លោក​ស្រី​ រ៉ូ​ណា ​ស្មីត​ ជួប​ លោក​ កឹម​ សុខា​

ចៅក្រម​តុលា​ការ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​ជា​ថ្មី​ម្តង​ទៀត​ មិន​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ​លោក​ស្រី ​រ៉ូណា ស្មីត ​ជួប​លោក​ កឹម ​សុខា ​ឡើយ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​របស់​ស្រីម​កកាន់​កម្ពុជា​ចាប់​ពី​ដើម​សប្តាហ៍​ក្រោយ​នេះ​។​ ការ​បដិសេធ​ជាលើក​ទី​៣​របស់​ចៅក្រម​ស៊ើប​សួរ​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដោយ​សំអាង​ថា​ លោក​ កឹម សុខា ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ស៊ើប​សួរ ដែល​ច្បាប់​ខ្មែរមិន​អនុញ្ញាត​ឲ្យ​ជួប​ភាគី​ណាមួយ​បាន​ឡើយ​។​

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា។
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា។ @RFI/Phearak
ផ្សាយពាណិជ្ជកម្ម

លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅថ្ងៃសៅរ៍ថា ថ្វី​ត្បិត​លោក កឹម សុខា ត្រូវតុលាការ​ដាក់​ស្ថិត​នៅ​ក្រៅឃុំ តែ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ ការ​ស្ថិត​កក្រោមការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​នេះ គឺមាន​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន ដែល​មិនអនុញ្ញាតឲ្យដើរ​ហើរ​ក្រៅ​ទីតាំង​ដែល​តុលាការ​បានកំណត់ ឬជួបភាគីមួយណាមួយបានឡើយ។

បើតាម ​លោក ជិន ម៉ាលីន ការដែល​ចៅក្រម​បដិសេធជាលើកទី៣មិន​ឲ្យ​លោក​ស្រី រ៉ូណា ស្មីត ជួប លោក កឹម សុខា គឺដោយសារ​ខ្លាច​ប៉ះពាល់​ដល់​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​តុលាការ។

យ៉ាងណាក៏ដោយ លោកស្រី រ៉ូណា ស្មីត បានលើកឡើងថា ការដែលលោកស្រី​ស្នើសុំជាលើកទី៣ ដើម្បីជួបលោក កឹម សុគឺដោយសារ​តែ​លោកស្រី​បារម្ភពី​ចំណាត់​ការ​បន្ត​ឃុំខ្លួន​បណ្តោះអាសន្ន និង​ការចោទ​ប្រកាន់​លើ​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​រូបនេះ។

មកទល់ពេលនេះ ​គេនៅមិនទាន់ដឹងថា សំណុំរឿង​លោក កឹម សុខា នឹង​បិទបញ្ចប់​ការ​ស៊ើបសួរ ហើយ​បញ្ជួនទៅ​ជំនុំជម្រៈនៅណានោះទេ ខណៈការ​ពន្យាឃុំខ្លួនបណ្តោះអាសន្នបានអូសបន្លាយ ដល់ជាង១៩ខែហើយ។

សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត មកកម្ពុជារយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសានេះ ដល់ថ្ងៃទី៩ ខែឧសភាខាងមុខ អ្នករាយការណ៍ពិសេសរូបនេះ ផ្ដោតលើបញ្ហាសិទ្ធិមនុស្ស បញ្ហាជម្លោះដីធ្លី រួមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

ក្រៅពីសុំជូបលោក កឹម សុខា ដូចរាល់ដងតែមិនបានសម្រេច លោកស្រី ស្មីត គ្រោងជួបមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មួយចំនួនទៀតនៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ