អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​អ្នក​ជំនាញ​៖ ​ចំពោះ​មុខ ​និង​អនាគត​វិស័យ​ដីធ្លី​ក្នុង​ព្រះសីហនុ​អាច​ប្រែ​ប្រួល​

អ្នក​ជំនាញ​ផ្នែក​អចល​ទ្រព្យ​នៅ​ថ្ងៃ​ទី១៣​សីហា​បាន​ធ្វើ​ការ​វាយ​តម្លៃ​ជំហ៊ាន​បឋម​ថា វិស័យ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ អាច​មាន​ការ​ប្រែ​ប្រួល​នៅ​ចំពោះ​មុខ​និង​អនាគត​។ បើ​តាម​អ្នក​ជំនាញ​ការ​ប្រែ​ប្រួល​នេះ បណ្ដាល​មក​ពី​ការ​ប្រឈម​មួយ​ចំនួន កំពុង​តែ​កើត​មាន​ក្នុង​ខេត្ត​មួយ​នេះ​។ តែ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​គូស​បញ្ជាក់​ថា បញ្ហា​ទាំង​នោះ​មិន​បាន​ជះ​ឥទ្ធិពល​ដល់​វិស័យ​ដីធ្លី និង​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ឡើយ​។ 

ទិដ្ឋភាពនៅក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ
ទិដ្ឋភាពនៅក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះ @FB
ផ្សាយពាណិជ្ជកម្ម

ករណី​រលំ​អគារ​កម្ពស់​៧ជាន់ ការ​ប្រេះ​ស្រាំ​អគារ ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ បូក​រួម​នឹង​ជំនន់​ទឹក​ភ្លៀង ហើយ​បាន​បង្ក​ផល​ប៉ះ​ពាល់​ដល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខេត្ត​ជា​ដើម សុទ្ធ​សឹង​ជា​បញ្ហា ដែល​កំពុង​លង​បន្លាច​ក្រុង​ព្រះ​សីហនុ ដែល​អ្នក​តាម​ដាន​សង្គម​មើល​ឃើញ​ថា ខេត្ត​ព្រះ​សីហនុ​ពេល​នេះ មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​។

មួយ​ផ្នែក​នៃ​បញ្ហា​ទាំង​នេះ អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ បារម្ភ​ខ្លាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​អ្នក​វិនិ​យោគ ទាំង​ចំពោះ​មុខ និង​អនាគត​។ ត្រង់​ចំណុច​នេះ លោក ស៊ន ស៊ាប នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលន​ទ្រព្យ Key Real Estate អះ​អាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ថា ជា​ធម្មតា​វត្ត​មាន​អ្នក​វិយោគ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​ក្នុង​ក្រុង​ព្រះ​សីហនុ​មាន​ការ​ប្រែ​ប្រួល​មិន​ធ្លាប់​មាន​។ ដូច្នេះ​ប្រសិន​បើ​គ្រប់​យ៉ាង​បន្ត​អូស​បន្លាយ អ្នក​វិនិយោគ​អាច​ប្ដូរ​ទីតាំង​ទៅ​ខេត្ត​ផ្សេង​ដោយ​សារ​តែ​ការ​ខាត​បង់​ដោយ​ប្រការ​ណា​មួយ នោះ​តម្លៃ​ដី​ក្នុង​ខេត្ត​នឹង​ស្រក​ចុះ​។

ចំណែក លោក ​ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​យល់​ឃើញ​ផ្ទុយ​ពី​នេះ​ថា វិស័យ​សំណង់ និង​អចលន​ទ្រព្យ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ចំពោះ​មុខ និង​អនាគត​មិន​មាន​អ្វី​ប្រែ​ប្រួល​ឡើយ​។ មិន​ប្រែ​ប្រួល​ព្រោះ​ថា រដ្ឋា​ភិបាល និង​អាជ្ញាធរ​កំពុង​ស្ដារ​មុខ​មាត់​ខេត្ត​ឡើង​វិញ តាម​រយៈ​វិធាន​ការ​ផ្នែក​ច្បាប់​ចំពោះ​សំណង់​អគារ​ដែល​គ្មាន​គុណ​ភាព​និង​ច្បាប់​អនុញ្ញាត​។

ជាមួយ​គ្នា​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះ​សីហនុ លោក ឃាង ភារម្យ ឲ្យ​ដឹង​ថា ទោះ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​ណា ក៏​មិន​អាច​ធ្វើ​ឲ្យ​វិស័យ​អចលន​ទ្រព្យ​ក្នុង​ខេត្ត​ជា​ពិសេស​តម្លៃ​ដី​ប្រែ​ប្រួល​ឡើយ​។ ចំពោះ​មុខ​តម្លៃ​ដី​មិន​ត្រឹម​តែ​មិន​ប្រែ​ប្រួល អនាគត តម្លៃ​ដី​ក្នុង​ខេត្ត​អាច​មាន​និន្នការ​កើន​ឡើង​ខ្ពស់​ទៀត​ផង​។

ជាក់​ស្ដែង បច្ចុប្បន្ន​តម្លៃ​ក្នុង​ក្រុង​ព្រះ​សីហនុ​នៅ​តំបន់​ខ្លះ​មាន​តម្លៃ​១ម៉ែត្រ​ការ៉េ​៥ពាន់​ដុល្លារ​។ គួរ​រំឭក​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សីហនុ បាន​ទាក់​ទាញ​ឲ្យ​មាន​ក្រុម​ហ៊ុន​ចិន​ជាង ១០០ មក​វិនិយោគ​ដោយ​បង្កើត​ការងារ​ផ្ទាល់ និង​ប្រយោល​ជាង ២ម៉ឺន​កន្លែង​គិត​ក្នុង​ឆ្នាំ​២០១៩​។ និយាយ​ដោយ​ឡែក ក្រៅ​ពី​ខេត្ត​ព្រះ​សីហនុ ខេត្ត​មួយ​ចំនួន​ដូច​ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បាវិត ប៉ោយ​ប៉ែត ភ្នំពេញ​ជា​ដើម តម្លៃ​អចលន​ទ្រព្យ​ក៏​មាន​សន្ទុះ​កើន​ឡើង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ