ការបិទល្បែងហ្គេម Online ពីសំណាក់រដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានធ្វើឲ្យលំហូរចេញរបស់ជនជាតិចិនពីខេត្តព្រះសីហនុមានយ៉ាងគំហុក ក៏ប៉ុន្តែមិនដល់ថ្នាក់ស្ងាត់ឈឹងនោះទេ។ នេះបើតាមការកត់សំគាល់របស់ លោកស្រី ជាប សុធារី មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំនៅខេត្តព្រះសីហនុ។ តែទោះជាយ៉ាងនេះក្តី លោកស្រីបានកត់សំគាល់ថា ការចាកចេញរបស់ជនជាតិចិនទាំងនោះ តិចឬច្រើន កំពុងបង្កជាហានិភ័យដល់ម្ចាស់ផ្ទះជួលមួយចំនួន។ ពួកគេត្រូវជំពាក់ប្រាក់ធនាគារ ឬប្រឈមនឹងការគ្មានប្រាក់បង់ថ្លៃការប្រាក់ទៅឲ្យធនាគារផង បន្ទាប់ពីពួកគេបានខ្ចីប្រាក់ពីធនាគារ ដើម្បីយកមកសាងសង់ជាបន្ទប់ឬផ្ទះជួល ឲ្យជនជាតិចិន ក៏ប៉ុន្តែបែរជាមិនមានអ្នកជួលទៅវិញ។ បើតាមអ្នកឃ្លាំមើលរូបនេះ មួយរយៈពេលចុងក្រោយនេះ ស្លាកផ្ទះជួលឬបន្ទប់ជួល បានលើកយ៉ាងព្រោងព្រាត ខណៈតម្លៃផ្ទះជួល ឬការជួលអគារខ្លះ បានធ្លាក់ថ្លៃស្ទើរជាងពាក់កណ្តាល។
ទោះជាយ៉ាងនេះក្តី អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជាយល់ថា នេះគ្រាន់តែជាបញ្ហាប្រឈមក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រធានសមាគមអចលនទ្រព្យកម្ពុជា លោក ច្រឹក សុខនីម បានលើកឡើងថា ទោះបីជាជនជាតិចិនមួយចំនួនបានចាកចេញពីខេត្តព្រះសីហនុក្តី ក៏ប៉ុន្តែសកម្មភាពនៃការទិញលក់ដីធ្លី និងផ្ទះសំបែងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ នៅតែមានសកម្មភាពជាធម្មតា។ លោករំពឹងថា ជនជាតិចិនមួយក្រុមទៀត នឹងមកជំនួសជនជាតិចិនដែលចាកចេញទៅ។
យ៉ាងណាក៏ដោយ បើតាមការកត់សំគាល់របស់លោកស្រី ជាប សុធារី មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំនៅខេត្តព្រះសីហនុ ម្ចាស់ផ្ទះជួលមួយចំនួនធំនៅខេត្តព្រះសីហនុ បានទទួលផលចំណេញច្រើន ពីការមកដល់នៃជនជាតិចិនកន្លងមក ពោលគឺចាប់តាំងពីចុងឆ្នាំ២០១៧មក។ ប៉ុន្តែពួកគេមួយចំនួនបានខាតបង់ធ្ងន់ធ្ងរទៅវិញ ក្រោយពីការចាកចេញរបស់ជនជាតិចិនខ្លះ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទល្បែងហ្គេម Online នៅថ្ងៃទី ១៨ សីហា មក។
នៅក្នុងរបាយការណ៍មួយរបស់ធនាគារពិភពលោក World Bank ចេញផ្សាយកាលពីថ្ងៃទី ១០ តុលា ឆ្នាំ ២០១៩នេះ បានព្រមានថា ការហូរចូលរបស់ជនបរទេសដែលទំនងជាសំដៅលើជនជាតិចិនដ៏ច្រើនសន្ធឹកសន្ធាប់មកកាន់ប្រទេសកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាចនឹងមិនថិតថេរទេ។ ជាពិសេស នៅពេលដែលសកលលោក មានភាពមិនប្រាកដប្រជាមិនចេះចប់ ហើយសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងតែដើរថយក្រោយនោះ៕