អានតួអត្ថបទ
កម្ពុជា

សម រង្ស៊ី​-ស ខេង ​ជួប​គ្នា​​នៅ​​ថ្ងៃ​ស្អែក​​ពិភាក្សា​​ពី​​បញ្ហា​​សេសសល់​

អគ្គលេខាធិការ​ដ្ឋាន​រ​ដ្ឋ​សភា​ នៅ​​រសៀល​​ថ្ងៃ​​សុក្រ​​ទី ​២៧ ​កុម្ភៈ​នេះ​ បាន​ឱ្យដឹ​ង​ថា ​ថ្នាក់​ដឹកនាំ​​តំណាង​រាស្ត្រ​​នៃ​​គណបក្ស​​ប្រជា​ជន​ក​​ម្ពុ​ជា​​លោកស ខេង ​និង​លោក​សម រង្ស៊ី ​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​​នឹង​​ជួប​​ពិ​ភាក្សា​គ្នា​​ជា​​លើក​​ទី២​នៅ​​រសៀល​​ថ្ងៃ​​សៅរ៍​​ទី​២៨ ​កុម្ភៈ​​ស្អែក​​នេះ​។ ​បក្ស​​ទាំង​ពីរ​​បញ្ជាក់​​បញ្ហា​​​សេស​សល់​​ស្តី​ពី​​វិសោធនកម្ម​​ច្បាប់​​តំណាងរាស្ត្រ​​ដែល​​បក្ស​​ទាំងពីរ​​បាន​​ពិភាក្សា​​ជិត​​បី​​ខែ​​មក​ហើយ ​នឹងត្រូវ​​យក​មក​​ដាក់​​លើ​​តុ។​

លោកស ​ខេង​ និង ​លោកសម រង្ស៊ី ​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​រាស្រ្ត​ជួប​គ្នា​ជា​លើក​ដំបូង​
លោកស ​ខេង​ និង ​លោកសម រង្ស៊ី ​ប្រធាន​ថ្នាក់ដឹកនាំ​តំណាង​រាស្រ្ត​ជួប​គ្នា​ជា​លើក​ដំបូង​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

បើ​គ្មានអ្វី​ប្រែប្រួល​ទេ របៀបវារៈ​ស្តីពី​ចំណុច​ខ្វែងគំនិត​លើ​វិសោធនកម្ម​ច្បាប់​តំណាងរាស្ត្រ​ដែល​បក្ស​ទាំងពីរ​បាន​បន្សល់ទុក​ទាំងអស់ នឹងត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ​ទល់មុខ​គ្នា​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី។ ជំនួប​រវាង​ប្រធាន​ក្រុមតំណាងរាស្ត្រ​ភាគច្រើន និង​ភាគតិច​នៅក្នុង​សភា​នេះ​ជា​លើក​ទី២នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ​ទី២៨ កុម្ភៈ​នេះ នៅ​វិមាន​រដ្ឋសភា។ អ្នកនាំពាក្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា មេដឹកនាំ​នៃ​បក្ស​ទាំងពីរ​នឹង​ស្វែងរក​គន្លឹះ​ចេញពី​ការខ្វែងគំនិត​គ្នា​ដែល​ក្រុមការងារ​បក្ស​ទាំងពីរ​បាន​ពិភាក្សា​តាំងពី​ខែធ្នូ​ឆ្នាំ២០១៤មក។ កិច្ចពិភាក្សា​ចុងក្រោយ​បានធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី ២៧ កុម្ភៈ​នេះ ដោ​យស​ម្រ​ច​បន្ថែម​ចំណុច​ខ្វែងគ្នា​ចំនួន៥ទៀត​ដែល​ធ្វើឱ្យ​ចំណុច​ខ្វែងគ្នា​ឡើងដល់ ១៥ចំណុច។ ចំណុច​ដែល​ខ្វែងគំនិត​គ្នា​សេសសល់​មានដូចជា ការទាមទារ​ដាក់បញ្ចូល ឬ​ដកចេញ​នូវ​មន្ត្រី​តុលាការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​អាចធ្វើ​សកម្មភាព​នយោបាយ និង​ការបង្កើន​អាសនៈ​ក្នុង​រដ្ឋសភា ជាដើម។

គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា គណបក្សប្រឆាំង​នៅតែ​ប្រកាន់​ជំហរ​ទាមទារ​ដកចេញ​នូវ​មន្ត្រី​តុលាការ យោធា និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ពី​សកម្មភាព​នយោបាយ។ ដកចេញ​ព្រោះតែ​អ្នក​ទាំងនោះ​គឺជា​អ្នក​អនុ​វន្ត​ច្បាប់ និង​ភារៈកិច្ច​ឥត​លម្អៀង ព្រមទាំង​អ​ព្យា​ក្រឹត ដូចនេះ​មិនត្រូវ​ប្រកាន់​និន្នាការ​គណបក្សនយោបាយ​នោះទេ។

ផ្ទុយ​ពីនេះ គណបក្ស​ប្រជាជន​កម្ពុជា​តាមរយៈ​លោក ឈឹម ផល​វរុន អ្នកនាំពាក្យ​បាន​គូសបញ្ជាក់ថា​ការធ្វើ​នយោបាយ​គឺជា​សិទ្ធ​របស់​ពលរដ្ឋ​ខ្មែរ​ដែលមាន​ចែង​ក្នុង​ច្បាប់។ អ្នក​នាំ​ពាក្យ​​រូបនេះ បាន​ស្នើឱ្យ​គណបក្សប្រឆាំង និង​ក្រុម​សង្គម​ស៊ីវិល​ត្រូវ​មើល​ច្បាប់រដ្ឋធម្មនុញ្ញ និង​មិនត្រូវ​ចង្អៀតចង្អល់​នោះទេ។ មិន​ចង្អៀត​ព្រោះថា ការ​អ​ព្យា​ក្រឹត ឬ​មិន​អ​ព្យា​ក្រឹត​គឺ​មើល​លើ​ការអនុវត្ត​ច្បាប់​តែប៉ុណ្ណោះ។ ត្រង់ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​គូសបញ្ជាក់ខ្លាំងៗដែរ​ថា បើ​មិន​ដាក់​ចំណុច​ស្តីពី​ការចូលរួម​របស់​កង​កម្លាំងប្រដាប់អាវុធ និង​មន្ត្រី​តុលាកា​នេះ ក៏​លោក មិន​ព្រម​នោះដែរ។

សូមបញ្ជាក់ថា សង្គម​ស៊ីវិល បាន​រិះគន់ខ្លាំងៗលើ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទាមទារ​ដាក់បញ្ចូល​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ  និង​មន្ត្រី​តុលាការ​ឱ្យធ្វើ​សកម្មភាព​នយោបាយ​ផងដែរ។ សូម​រំលឹកថា ការជួបប្រជុំគ្នា​រវាង​លោក ស ខេង និង​លោក សមរង្ស៊ី​នេះ គឺជា​លើក​ទី២ហើយ​ក្រោយ​រដ្ឋ​ស​ផា​បង្កើត​ប្រធាន​ក្រុមតំណាងរាស្ត្រ​នៃ​បក្ស​ភាគច្រើន​និង​បក្ស​ភាគតិច។ ហើយ​ក្រុម​ទាំងពីរ​គឺ​នឹង​ជួបប្រជុំគ្នា​សម្រាប់​ដោះស្រាយ​បញ្ហានយោបាយ និង​ជាការ​បង្កើត​វប្បធម៌​សន្ទនា។

គួរ​កត់សម្គាល់ថា ជំនួប​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី​នេះ នៅ​ថ្ងៃ​សៅរ៍​ទី២៨កុម្ភៈ​នេះ ទំណងជា​ជំនួប​តឹងតែង​ព្រោះថា​នៅ​ចំណុចធំៗជាច្រើន​ដែល​បក្ស​ទាំងពីរ​ប្រកាន់​គោលជំហរ​ដាច់ខាត​ដាក់គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ