អានតួអត្ថបទ
កម្ពជា

លោក​សម រង្ស៊ី​៖ ​លោក​ហ៊ុន សែន ​កំពុង​​ប្រើ​​វិធីសាស្ត្រ​​ហិង្សា​​រក្សា​​អំណាច​

បន្ទាប់ពី​តំណាងរាស្ត្រ​ពីររូប​របស់ខ្លួន​រង​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ​ពី​មនុស្ស​មួយក្រុម​នៅក្នុង​អំឡុងពេល​បាតុកម្ម​ទាមទា​ទម្លាក់​លោក​កឹម សុខា កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​សម រង្ស៊ី បានចាត់ទុក​បាតុកម្មហិង្សា​នោះ​ថា គឺជា​ការឆ្លើយតប​ពី​សំណាក់​គណបក្សកាន់អំណាច​ទៅនឹង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ជាងនេះទៀត​នោះ ប្រមុខ​បក្សប្រឆាំង ថែមទាំង​ចោទ​លោក​ហ៊ុន សែន​ថា កំពុង​ប្រើ​វិធីសាស្ត្រ​ស្រដៀង​នឹង​ពួក​ហ្វា​ស៊ី​ស្ត (fascit) នៅ​ប្រទេស​អ៊ីតាលី ដើម្បី​រក្សា​អំណាច។ ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​ថា ការលើកឡើង​របស់លោក​សម រង្ស៊ី នេះ គឺ​ខុស​សម័យកាល។

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន លោក​សម រង្ស៊ី ប្រមុខ​គណបក្សប្រឆាំង​កម្ពុជា​ដែល​កំពុងស្ថិត​នៅឯ​ប្រទេស​បារាំង កាលពី​យប់​ថ្ងៃ​ចន្ទ​បាន​បរិហារ​ថា បាតុកម្ម​របស់​ក្រុម​អ្នកគាំទ្រ​លោក ហ៊ុន សែន នៅក្នុង​ប្រទេស​កម្ពុជា​តែងតែ​ប្រើ​អំពើហិង្សា ដើម្បី​បំភិតបំភ័យ​ដូច​អ្វីដែល​លោក ហ៊ុន សែន ខ្លួនឯងបាន​បំភិតបំភ័យ​ប្រជាពលរដ្ឋ​ក្នុងពេលថ្មីៗនេះ ដោយ​ប្រកាសថា នឹងមាន​សង្គ្រាម​បើសិនណា​គណបក្សប្រឆាំង​ឈ្នះឆ្នោត​នោះ។  

បើតាម​លោក​សម រង្ស៊ី លោក ហ៊ុន សែន ហាក់ដូចជា​ចង់រក​លេស​ប្រើ​អំពើហិង្សា​កាន់តែច្រើន ដើម្បី​បង្កើត​ព្រឹត្តិការណ៍​អវិជ្ជមាន​និង​អ​ធម្មនុញ្ញ ក្នុង​គោលបំណង​ជៀសវាង​ការបោះឆ្នោត​ខាងមុខ។ ការបោះឆ្នោត ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជឿថា លោក​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ឈ្នះ​បាន​នោះទេ​នៅក្នុង​ឆ្នាំ ២០១៧ និង ឆ្នាំ ២០១។ លោក​សម រង្ស៊ី ថែមទាំង​ចោទ លោក​ហ៊ុន សែន ថា ដើម្បី​រក្សា​អំណាច​បាន​ច្រើន​ឆ្នាំ​ទៅមុខទៀត ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បច្ចុប្បន្នកំពុង​ប្រើ​វិធីសាស្ត្រ​ស្រដៀង​ពួក​ហ្វា​ស៊ី​ស្ត (fascit) នៅ​ប្រទេស​អ៊ីតាលី ដែល​ចូលចិត្ត​ប្រើ​អំពើហិង្សា​ទៅលើ​អ្នកតំណាងរាស្ត្រ​និង​អ្នក​ដទៃទៀត​កាលពី​ចន្លោះ​ឆ្នាំ ១៩២២ ដល់​ឆ្នាំ ១៩៤៥។

លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​ប្រតិកម្ម​ថា លោក​សម រង្ស៊ី ហាក់ដូចជា​មិនបាន​យល់ដឹង​ជ្រៅជ្រះ​ពី​ប្រវត្តិសាស្ត្រ​នោះទេ ព្រោះថា​មកដល់ពេលនេះ​ទៅហើយ ប្រមុខ​បក្សប្រឆាំង បែរជា​និយាយ​ពី​ពួក​ហ្វា​ស៊ី​ស្ត​នោះ​ទៅវិញ។ បើតាម​អ្នកនាំពាក្យ​រូបនេះ បាតុកម្ម​ទាមទារ​ទម្លាក់​លោក​កឹម សុខា ពី​តំណែង​អនុប្រធាន​ទី១នៃ​រដ្ឋសភា និង អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​ពីរ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ចន្ទ គឺជា​រឿង​ពីរ​ផ្សេង​ពីគ្នា ។ ផ្សេង​ពីគ្នា ព្រោះថា អំពើហិង្សា​បានកើត​ឡើង បន្ទាប់ពី​បាតុកម្ម​បានបញ្ចប់។ ជាមួយគ្នានេះ លោក​សុខ ឥសាន បាន​គូសបញ្ជាក់ថា បាតុកម្ម​នោះ គឺ​មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​រៀបចំឡើង​នោះឡើយ។

សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី២៦ តុលា​ម្សិលមិញ ប្រជាពលរដ្ឋ​ប្រមាណ​ជាង២ពាន់​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅខាងមុខ​រដ្ឋសភាជាតិ ដើម្បី​ទាមទារ​ឲ្យ​លោក​កឹម សុខា ចុះ​ចេញពី​តំណែង។ ក៏ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ១២ និង ៣០ នាទី គឺមាន​បាតុភាព​មួយ​បាន​កើតឡើង នោះ គឺ​អ្នកតំណាង​គណបក្សប្រឆាំង​ពីររូប គឺ​លោក ញ៉យ ចំរើន និង លោក​គង់ សុភា ត្រូវបាន​មនុស្ស​មួយក្រុម​ព្រួត​គ្នា​វាយដំ​យ៉ាងធ្ងន់ធ្ងរ។  

គណបក្ស​សង្គ្រោះ​ជាតិ អង្គការសិទ្ធិមនុស្ស ស្ថានទូត​អាមេរិក រួមទាំង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្កោលទោស និង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ ស្វែងរក​ជនដៃដល់ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។ ចំណែក​តំណាងរាស្ត្រ​ទាំងពីរ​នៅពេលនេះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅក្នុង​ប្រទេស​ថៃ ហើយ​រាល់​ការចំណាយ​ទាំងអស់ គឺជា​បន្ទុក​របស់​រដ្ឋ​សភា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឈាង វន់ អ្នកនាំពាក្យ​របស់​រដ្ឋ​សភាជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ