អានតួអត្ថបទ
កម្ពុជា

​រដ្ឋាភិបាល​​ប្រគល់​​ភារកិច្ច​​ឱ្យ​​ក្រសួង​រ៉ែ ​លើ​​ការ​ចេញ​​អាជ្ញា​ប័​ណ្ណ​​​បូម​ខ្សាច់​​ទាំង​អស់​​នៅ​​កម្ពុជា​

រដ្ឋាភិបាល​​កម្ពុជា​​បាន​សម្រេច​​ប្រគល់​​ភារកិច្ច​​ជូន​​ក្រសួង​រ៉ែ​ និង​​ថាមពល​ ជា​​​អ្នក​ចេញ​​អាជ្ញា​​ប័​ណ្ណ​​បូម​ខ្សាច់​ និង​​ជា​​អ្នក​ទទួល​ខុសត្រូវ​​គ្រប់​បែប​យ៉ាង ​លើ​​ការ​ធ្វើ​​អាជីវកម្ម​​ខ្សាច់​​គ្រប់​​ប្រភេទ​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា​។ ​សេចក្តី​សម្រេច​ភ្លាមៗ​នេះ ​ត្រូវ​បាន​​គេ​​មើល​ឃើញ​ថា ​ជា​​បង្កើន​​វិធាន​ការ​​គ្រប់គ្រង​​​លើ​ការ​ធ្វើ​​អាជីវកម្ម​​បូម​​ខ្សាច់​​ប្រកប​ដោយ​​តម្លាភាព​ ប្រសិទ្ធភាព ​និង​​ដើម្បី​​បំបាត់​​នូវ​​ការ​ធ្វើ​​អាជីវកម្ម​​បូម​​ខ្សាច់​​បែប​​អនាធិបតេយ្យ​​នា​ពេ​ល​​កន្លង​មក​។

​ការ​បូម​ខ្សាច់​​នា​ពេល​កន្លង​មក​
​ការ​បូម​ខ្សាច់​​នា​ពេល​កន្លង​មក​ ©​ សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ទើបតែ​បាន​ធ្លាក់​មក​កាលពី​ថ្ងៃទី២០មីនា​ម្សិល​មិញ ដោយបាន​សំដៅ​បិទ​បញ្ចប់​នូវ​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម​រ៉ែ បែប​អនាធិបតេយ្យ និង​គ្មាន​ការទទួលខុសត្រូវ​នាពេល​កន្លងមក ឫ អាច​និយាយបានថា ដើម្បី​គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា​ប្រកបដោយ​តម្លាភាព និង​ការទទួលខុសត្រូវ​ខ្ពស់។ 
 
នៅក្នុង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ដែលមាន​ចុះហត្ថលេខា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃទី២០មីនា បានប្រគល់​ភារកិច្ច​ជូន​ក្រសួង​រ៉ែ និង​ថាមពល​ជា​អ្នកចេញ​អាជ្ញា​ប័ណ្ណ និង​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​លើ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​គ្រប់​ប្រភេទ ដោយ​គិត​ចាប់តាំងពី​ពេល​ដាក់ពាក្យ​ស្នើសុំ រហូតដល់​ការចេញ​អាជ្ញា​ប័ណ្ណ។ ហើយ​រាល់​ការចេញ​អាជ្ញា​ប័ណ្ណ​ទាំងអស់ ក្រសួង​រ៉ែ និង​ថាមពល​ត្រូវ​ចម្លងជូន​គណៈកម្មាធិកា​រ​គ្រប់គ្រង​ធនធាន​ខ្សាច់ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​រួមមាន​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ និង​ក្រសួង​សាធារណៈការ ជា​កំហិត។

សេចក្តីសម្រេច​នេះ​ក៍៏បានដាក់​ល​ក្ខខ​ណ្ឌ មិន​អនុញ្ញាត​ឲ្យចេញ​អាជ្ញា​ប័ណ្ណ​បណ្តោះអាសន្ន​ជា​ដាច់​ខាត។ ហើយ​ក្នុងពេល​អនុវត្ត​ការធ្វើ​អាជីវកម្ម គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​សិទ្ធិ​ធ្វើការ​តាមដាន ត្រួតពិនិត្យ និង​ផ្តល់​អនុសាសន៍​លើ​រាល់​ចំណុច​បច្ចេកទេស គោល​ការ​រណ៍ និង​កាតព្វកិច្ច ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​របស់ខ្លួន ជូន​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ធ្វើការ​កែលម្អ ហើយ​ក្នុងករណី​មាន​ភាពអនាធិបតេយ្យ​ធ្ងន់ធ្ងរ​កើតឡើង ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់ មាន​សិទ្ធិ​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ឫតំណាង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ប្រជុំ​ត្រួតពិនិត្យ និង​វាយតម្លៃ។
 
សេចក្តីសម្រេច​នេះ បានទទួល​ការ​សាទរ​ពី​ម្ចាស់​អាជីវកម្ម​បូម​ខ្សាច់​មួយចំនួន ដែល​ទំនងជា​ធុញ នឹង​ការបង់ប្រាក់​ទៅឲ្យ​អាជ្ញាធរ​ច្រើន​ប្រភេទ ច្រើនដង ហើយ​ថវិកាទាំងនោះ ទំនងជា​មិនបាន​ចូលទៅក្នុង​ថង់​ថវិកាជាតិ​ផង។

កន្លងមក មាន​ក្រុមហ៊ុន​ប្រមាណ​ជា១៤០ ដែល​បានទទួល​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ពី​ក្រសួង​រ៉ែ និង​ថាមពល ហើយ​ភាគច្រើន​នៃ​អាជ្ញា​ប័ណ្ណ​ទាំង​នោះបាន​ផុតកំណត់​ទៅហើយ ដែល​តម្រូវឲ្យ​ពួកគេ​មក​ស្នើសុំ​អាជ្ញា​ប័ណ្ណ​ជាថ្មី ដែលមាន​ភ្ជាប់​ល​ក្ខខណ្ឌ​តឹងរ៉ឹង​ជាមួយ​ផលប៉ះពាល់​នៃ​បរិស្ថាន។ លោកម៉េង សក្តិ​ធារ៉ា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIថា នឹងមាន​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ បន្ទាប់ពី​មាន​សេចក្តីសម្រេច​ពី​រដ្ឋាភិបាល​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ