ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/11 12h00 GMT
កម្ពុជា

ពលររដ្ឋនៅភូមិស្រែគរថា មិនទាន់ឃើញអាជ្ញាធរមកសួរសុខទុក្ខ ក្រោយលិចភូមិដ្ឋាន

media  
ទន្លេ​សេសាន​នៅ​ក្នុង​ឃុំសេសាន​ ស្រុក​អូរយ៉ាដាវ​ ខេត្តរតនគិរី ©Navin/RFI

រហូតមកទល់ពេលនេះ ស្ថានភាពទឹកលិចភូមិស្រែគរចាស់ ដែល​រង​ផល​ប៉ះ​ពាល់​ពី​ការ​អភិវឌ្ឍ​ន៍​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ នៅតែ​រង​ការ​លិច​លង់​ខ្លាំង គិត​ត្រឹម​ថ្ងៃ​អា​ទិត្យ​​នេះ។ ប្រឈម​នឹង​ទឹក​លិចនេះ ប្រជាពលរដ្ឋជាង ៧០គ្រួសារនៃភូមិស្រែគរ ដែល​មិន​ព្រមទទួលយកសំណង​ពីការ​អភិវឌ្ឍន៍​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ នៅ​តែ​បន្ត​ជម្លៀ​ស​​ខ្លួនមកទីទួលសុវត្ថិភាព និង ថា មកទល់ពេលនេះ មិនទាន់​ឃើញ​អាជ្ញាធរ​មក​សួរ​សុខទុក្ខឡើយ ចាប់តាំងពីភូមិដ្ឋានរបស់ពួកគាត់រងការលិចលង់។

ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​ហ៊ុន​ទំបន់​វារីអគ្គិសនី​សេសាន​ក្រោម​២ ចាប់​ផ្ដើម​បិទ​ទ្វារ​ទឹក​បន្ថែម​នៅ​ថ្ងៃ​ទី​១៥​តុលា ភូមិ​ចំនួន​៣ នៅ​ក្នុង​តំបន់​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​បាន​រង​ការ​លិចលង់​។ ភូមិ​ទាំង​៣​នោះ គឺ​ភូមិ​ក្បាល​រមាស​ចាស់ ភូមិ​ស្រែគរ​១ និង​ភូមិ​ស្រែ​គរ​២​។ ក៏ប៉ុន្តែក្នុងចំណោមភូមទាំងបី ស្ថានភាពទឹកលិចនៅភូមស្រែគរ មិន​ទាន់​ថម​ថយ​នៅ​ឡើយទេ។

ប្រឈម​នឹង​ការ​លិចលង់​នេះ លោក​ស្រី វណ្ណនី ប៉ាត តំណាង​សហគមន៍​ស្រែ​គរ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិនៅថ្ងៃទី ០៥ វិច្ឆិកា នេះ​ថា ប្រជាពលរដ្ឋ​ជាង៧០ គ្រួសារ កំពុង​ប្រឈម​នឹងការលំបាក បន្ទាប់ពីចាកចេញពីភូមិដ្ឋាន ហើយ​មករស់​នៅបណ្តោះ​អាសន្ន​នៅ​ទីទួលសុវត្ថិភាព។ បញ្ហាប្រឈមទាំងនោះរួមមាន កូនៗមិនបានទៅសិក្សារៀនសូត្រ ការ​ប្រើប្រាស់​ទឹក​គ្មាន​អនាម័យ គ្មាន​បង្គន់ និងបញ្ហា​ឈឺ​ថ្កាត់​យប់​ព្រលប់។ ប្រឈម​នឹង​បញ្ហានេះ លោកស្រី តំណាងឲ្យប្រជាពលរដ្ឋភូមិស្រែគរចាស់ បានអំពាវនាវឲ្យ​អាជ្ញាធរ​ស្រុក ខេត្ត និង​ម្ចាស់​ក្រុមហ៊ុន​វារីអគ្គិសនី​​សេសាន​ក្រោម​ពីរ បើក​ទឹក​ឡើង​វិញ​ជា​បណ្ដោះ​អាសន្ន​សិន។

ជា​ការ​កត់​សម្គាល់ មុន​នឹង​ឈាន​ដល់​ការ​លិចលង់​នេះ អាជ្ញាធរខេត្តស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី១១តុលា បាន​ជូន​ដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​៣ភូមិ ដែល​កំពុង​រស់​ក្នុង​តំបន់​បាត​នៃទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម២ ឲ្យ​ចាក​ចេញ​ពី​ភូមិ​ជា​បន្ទាន់​។ អាជ្ញាធរ​បាន​ប្រកាស​ពី​ការ​បិទ​ទ្វារ​ទឹក​បន្ថែម​នៅ​ថ្ងៃ​ទី​១៥​តុលា និង​ព្រមាន​ពី​ការ​លិច​លង់​បន្ថែម​ទៀត​ផង​ដែរ​។

ទោះ​រង​ការ​លិច​លង់​យ៉ាង​ណាក៏​ដោយ លោកស្រី វណ្ណនី ប៉ាត បន្តលើកឡើងថា ពលរដ្ឋ​មក​ពី​បី​ភូមិ គឺ​ភូមិ​ក្បាល​រមាស និង​ភូមិ​ស្រែ​គរ១ ភូមិ​ស្រែ​គរ​២ គឺ​​នៅ​តែ​រក្សា​ជំហរ​មិន​ចាក​ចេញ​ឡើយ ដោយ​នឹង​ត្រឡប់​ទៅ​រស់​នៅ​កន្លែងនោះ​វិញ​នៅ​ពេល​ទឹក​ស្រក។

ទោះបីជាពលរដ្ឋ​ទាំង​នេះ​នៅ​តែ​រក្សា​មិន​ព្រម​ចាក​ចេញ ក៏ដោយ តែ​នៅ​មាន​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​ទៀត បាន​យល់​ព្រម​ចាក​ចេញ ដោយ​ទទួល​យក​សំណង​និង​ការ​តាំង​ទី​លំនៅ​ថ្មី។ ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២ គឺ​ជា​ទំនប់​វារី​អគ្គិសនី​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​អាច​ផលិត​ថាមពល​អគ្គិសនី​បាន​៤០០​ម៉េហ្គាវ៉ាត់ ត្រូវ​បាន​ធ្វើ​ពិធី​បិទ​ទ្វារ​ទឹក​កាល​ពី​ថ្ងៃ​ទី ២៥ កញ្ញា ក្រោម​អធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ