ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/11 12h00 GMT
កម្ពុជា

បញ្ហា​ទេសចរ​ធ្លាក់​ចុះ៖ រដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​ពី​ការ​លើក​លែង​ទិដ្ឋាការ តាម​សំណើ​របស់​ភាគី​ឯកជន

media  
រូបភាព៖ទិដ្ឋភាពមួយផ្នែកនៃតំបន់អង្គរដែលវិស័យឯកជនបង្ហាញពីកង្វល់នៃការធ្លាក់ចុះភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប ក្នុងឆមាសទី១ឆ្នាំ២០១៩នេះ @kimhong

អ្នកនាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​ទី១​ខែ​កញ្ញា​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​ពី​ការ​លើក​លែង​ទិដ្ឋាការ​ដល់​ទេសចរ​បរទេស បន្ទាប់​ពីវិស័យ​ឯកជន​បង្ហាញ​ពី​កង្វល់​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវទេសចរ មក​កាន់​ខេត្តសៀម​រាប ក្នុង​ឆមាស​ទី១​ឆ្នាំ​២០១៩នេះ​។ ក្រៅ​ពី​លើក​លែង​ទិដ្ឋាការ ក្រសួងទេស​ចរ​ណ៍អះអាង​ថា នៅ​មាន​ផ្លូវ​ផ្សេង​ទៀត ដែល​គេ​អាច​ធ្វើ​បាន ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេស​ចរ​បរទេស​ឲ្យ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ ឧទាហរណ៍​ដូច​ជា គំនិតច្នៃ​ប្រឌិត​ផលិត​ផល​ទេសចរ​ថ្មីៗ​ជា​ដើម​។

លោក ជុក ជំនោរ អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​បាន​គូស​បញ្ជាក់​ថា មូល​ហេតុ​នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវទេសចរ​មក​កាន់​ខេត្តសៀមរាប ក្នុង​ឆ្នាំ​ឆមាសទី១​ឆ្នាំ​២០១៩​នេះ គឺ​មាន​កត្តា​ជា​ច្រើន មិន​ដោយ​សារ​តែ​បញ្ហា​ទិដ្ឋាការ​មួយ​មុខ​នោះ​ទេ ក្នុង​នោះមាន​ការ​ជះឥទ្ធិពល​ពី​ខាងក្រៅ​និង​ខាង​ក្នុង​ជាដើម។ ការ​ជះឥទ្ធិពល​ពី​ខាង​ក្រៅ គឺ​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាងតាម​រយៈ​គោល​ដៅ​ទេសចរ​និង​ផលិតផល​ទេសចរ​ថ្មីៗ​របស់​ប្រទេស​ទាំង​នោះ។ ចំណែក​ឯ​កត្តា​ខាងក្នុង ចំពោះ​ការ​ធ្លាក់​ចុះភ្ញៀវទេសចរ នៅ​ក្នុង​គោល​ដៅ​នៃ​ខេត្តសៀមរាប គឺ​ដោយ​សារ​តែ​ការ​ចល័ត​គោល​ដៅ​ទេសចរ​ពី​តំបន់​អង្គរ ទៅ​កាន់​តំបន់សមុទ្រ ឬ​សំចត​ក្នុង​រាជធានី​ភ្នំពេញ​ជាដើម។

ប៉ុន្តែ​យ៉ាង​ណា​មិញ ចំពោះ​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដើម្បី​ទាក់​ទាញ​ភ្ញៀវ​បរទេស​ត្រឡប់​មក​វិញ​ដូច​មុន គឺក្រសួង​ទេសចរណ៍​កំពុង​បង្កើត​គោលដៅ​ទេសចរ​ថ្មីៗ​ក្នុង​ខេត្ត​សៀមរាប ដោយ​សារ​ថា ក្រៅ​ពី​ប្រាង្គ​ប្រាសាទ​ភ្ញៀវ​ទេសចរចង់​បន្ត​ដំណើរ​ទៅ​តំបន់​ផ្សេង​ទៀត។ ក្នុង​នោះ​ក៏​មាន​ផង​ដែរ ការ​បង្កើត​ផែន​ការ​មេ​ដើម្បី​អភិវឌ្ឍ​ខេត្តសៀមរាប​ទាំងមូល ព្រោះ​ថា សៀមរាប​ជា​ខេត្ត​មួយ​សំបូរ​ទៅ​ដោយ​សក្ដានុពល​អេកូទេសចរណ៍។ បន្ថែម​លើនេះ ក្រសួង​កំពុង​សិក្សា​ពី​ការលើក​លែង​ទិដ្ឋាការ​ទៅ​តាម​ការ​ចង់​បាន​របស់​វិស័យ​ឯកជន។

លោក ហ្វី​លី​ព កៅ ប្រធានសមាគម​ក្លិប​ប្រតិបត្តិ​ករ​ទេសចរណ៍សៀមរាប លើកឡើងថា មូល​ហេតុ​ដែល​ប្រតិបត្តិករទេសចរណ៍​ចង់​ឱ្យ​រដ្ឋាភិបាល​ពិចារណា លើកលែង​ទិដ្ឋាការ​ដល់ភ្ញៀវ​ទេសចរបរទេស ដោយ​សារ​តែ​កន្លង​មក ប្រទេស​វៀតណាម និង​ថៃ​ ដោះស្រាយ​បញ្ហា​ធ្លាក់​ចុះ​ចំនួន​អ្នក​ទេសចរ​បរទេស តាម​រយៈ​វិធី​នេះ​បាន​ជោគជ័យ។ សម្រាប់​កម្ពុជា បើពុំដោះ​ស្រាយ​តាម​រូបមន្ត​នេះ​ទេ ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ នឹង​ធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន​​ប្រឈមនឹង​ការបិទ​អាជីវកកម្ម​ ខណៈ​បច្ចុប្បន្ន​នៅ​ខេត្ត​សៀមរាប បន្ទប់​សណ្ឋាគារ​ជិត​២ម៉ឺន​បន្ទប់ មាន​ភ្ញៀវ​ចន្លោះពី ២ ទៅ ៣ពាន់នាក់ ប៉ុណ្ណោះ​ស្នាក់​នៅ​ក្នុង​មួយយប់។ នេះ​បើតាម​ការ​គូស​បញ្ជាក់​របស់ លោក ហ្វី​លី​ព កៅ ក្នុងជំនួប​​ប្រតិបត្តិ​ករ​ទេសចរណ៍លើក​ទី ​៤៨ កាលពីថ្ងៃទី ៣០ ខែសីហា។

សូមជម្រាបជូនថា គិត​ត្រឹម​រយៈ​ពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរសរុប​ជាង​៣​លាន​៣​សែន​នាក់ កើន​ឡើង​ប្រមាណ​១១​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨។ ដោយ​ឡែកសម្រាប់​ភ្ញៀវទេសចរ មកខេត្តសៀមរាប ក្នុង​រយៈ​៧ខែ មាន​ចំនួន​ជិត​១​លាន​៤​សែន​នាក់ ថយចុះ ៩,៦៦​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៨ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​កូរ៉េ និង​ចិន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ​៕

 

 

 

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ