អានតួអត្ថបទ
កម្ពុជា

លោក​សុខ ​អាន​៖ ​រដ្ឋាភិបាល​​កម្ពុជា​ គ្មាន​​សមត្ថកិច្ច​​ទៅ​​លូក​ដៃ​​ក្នុង​​សាលាក្តី​​ខ្មែ​រក្រហ​ម​ទេ​

តំណាង​រដ្ឋាភិបាល​កម្ពុ​ជា លោកសុខ អាន បានបញ្ជាក់​ជាថ្មី​ថា រដ្ឋាភិបាល​កម្ពុជា គ្មាន​សមត្ថកិច្ច​ទៅ​លូកដៃ​ក្នុង​សាលាក្តី​ខ្មែរក្រហម​នោះទេ។ សាលាក្តី​ខ្មែរក្រហម ដែល​រហូតដល់​ពេលនេះ បន្ត​ខ្វែងយោបល់គ្នា រវាង​ភាគី​ជាតិ និង​អន្តរជាតិ លើ​សំណុំរឿង​ថ្មី​ពីរ​ទៀត គឺ០០៣ និង០០៤ ដែលជា​ការពង្រីក​សំណុំរឿង កាត់ទោស​លើ​អតីត​មេដឹកនាំ​ខ្មែរក្រហម។ ការខ្វែង​យោបល់​នោះ ត្រូវបាន​លោក​សុខ​អាន ចាត់ទុកថា ជា​បញ្ហា​ផ្ទៃក្នុង នៅ​សាលាក្តី​ខ្មែរក្រហម ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​សហប្រតិបត្តិ​ការល្អ​ជាមួយ​អង្គការសហប្រជាជាតិ។

លោកសុខ អាន ​ថ្លែង​នៅក្នុង​​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យនៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​មីនា ​ឆ្នាំ​២០១៥​
លោកសុខ អាន ​ថ្លែង​នៅក្នុង​​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យនៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​មីនា ​ឆ្នាំ​២០១៥​ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

គឺជា​ជំហរ​ចុងក្រោយ ដែល​មិន​ខុសពី​មុន​ទេ ដែល​បញ្ជាក់​ដោយ​លោក​សុខ​អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​សាលាក្តី​ខ្មែរក្រហម តំណាង​រដ្ឋាភិបាល​កម្ពុ​ជា។

ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​សាងសង់​នៅ​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង នា​ព្រឹក​ថ្ងៃទី២៦មីនា​នេះ លោក​សុខ ​អាន បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា និង​អង្គការសហប្រជាជាតិ បានកំណត់​មុខសញ្ញា​ច្បាស់​ហើយ​ថា យើង​កាត់ទោស​តែ​មេដឹកនាំ​កំពូល និង​អ្នក​ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត។ ដូច្នេះ​បើ​ឲ្យ​តែ​អ្នក​ខុស​ទាំងអស់ យើង​មក​កាត់ទោស នោះ​វា​នាំ​ឲ្យ​មាន​ភាព​ច្របូក​ច្រ​បូល។

ពាក់ព័ន្ធ​នឹង​ការ​ខ្វែងយោបល់គ្នា​លើ​ការពង្រីក​វិសាលភាព​កាត់ទោស​អតីត​មេ​ខ្មែរក្រហម បន្ថែមទៀត ក្នុង​សំណុំរឿង០០៣ និង ០០៤ ត្រូវបាន​លោក សុខ អាន ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត​ថា រដ្ឋាភិបាល​កម្ពុជា មិនអាច​ទៅ​អន្តរាគមន៍​អ្វី​ទេ មានតែ​រង់ចាំ​ស្តាប់​ចៅក្រម​ជជែក​គ្នា ពោលគឺ​ទុក​ឲ្យ​តុលាការ ជា​អ្នកធ្វើការ។

លោក សុខ អាន បាន​បញ្ជាក់ថា “យើង​នៅតែ​សហប្រតិបត្តិ​ការល្អ​ជាមួយ​នឹង​អង្គការសហប្រជាជាតិ ហើយ​ខ្ញុំ​សូមបញ្ជាក់ថា នេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​តុលាការ ECCC ហើយ​រដ្ឋាភិបាល គ្មាន​សមត្ថកិច្ច​ទៅ​លូកដៃ​នៅក្នុង​ការងារ​ផ្ទៃក្នុង​របស់​យុត្ថាធិការ​នេះ​ទេ។ អីចឹង អ្វីដែល​កំពុង​កើតឡើង ជាការ​ពិគ្រោះ​ពិភាក្សា​រវាង​ចៅក្រម​ស៊ើបអង្កេត ទាំងពីរ ដែល​កំពុងធ្វើការ​ងារ​នេះ ហើយ​ចៅក្រម គាត់​មាន​យោបល់ មិន​ដូចគ្នា មិនមែន​មានន័យថា គាត់​ទាស់​គ្នា ឈប់​សហការ​ទេ។ សហប្រតិបត្តិការ​គាត់ នៅតែ​បន្ត​ធម្មតា។

នៅ​ព្រឹក​មិញ លោក​សុខ​អាន ក៏បាន​ច្រានចោល​របាយការណ៍​រប​ស់​អង្គការ Human Rights Watch។ លោក​ចាត់ទុកថា​ជា​ចំរៀង​ចាស់ ដោយ​ពីមុន អង្គការ​អន្តរជាតិ​នេះ រិះគន់​ត្រឹមតែ​រដ្ឋាភិបាល តែ​ពេលនេះ ទិតៀន​ដល់​អង្គការសហប្រជាជាតិ។ Human Rights Watch បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា រារាំង មិន​ឲ្យ​សំណុំរឿង០០៣ និង០០៤ ចេញរួច ហើយ​អង្គការសហប្រជាជាតិ គួរតែ​ដកខ្លួន ចេញពី​សាលាក្តី​ចម្រុះ ដែល​បង្កើត​កាលពី​ឆ្នាំ២០០។

សំណុំរឿង០០៣ និង០០៤ ពេលនេះ ស្ថិតនៅក្នុង​ដៃ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត អន្តរជាតិ ខណៈដែល​ភាគី​ជាតិ ទាំង​សហ​ព្រះរាជអាជ្ញា និង​ទាំង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ មិន​យល់ព្រម​ឲ្យ​ដំណើរ​លើ​សំណុំរឿង​ថ្មី​ទាំងពីរ​នោះឡើយ។

ចុងក្រោយ​នេះ កាលពី​ថ្ងៃទី៣មីនា សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បានប្រកាស​ដាក់​ឲ្យ​លោក មាស មុត និង​លោកស្រី អ៊ឹម ចែម ស្ថិតក្រោម​ការពិនិត្យ​ដោយ​កំបាំងមុខ ក្នុង​សំណុំរឿង០០៣ និង​សំណុំរឿង០០៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ