អានតួអត្ថបទ
កម្ពុជា

លោក ស ខេង​៖ ​វា​​ជា​​កំហុស​​ធំ​​ណាស់​​ដែល​​អនុញ្ញាត​​ឱ្យ​ធ្វើ​​សំណង់​​ខុស​​បច្ចេកទេស​

វឌ្ឍនភាព​​និង​​ការ​​ប្រឈម​​នៃ​​ដំណើរ​​គ្រប់គ្រង​​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​​ឆ្លុះ​បញ្ចាំង​​នៅ​ក្នុង​​សន្និបាត​​បូក​សរុប​​លទ្ធផល​​ការងារ​​ឆ្នាំ​២០១៤ ​និង​​លើក​​ទិសដៅ​​អនុវត្ត​​ការងារ​​ឆ្នាំ​២០១៥ ​នា​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ​។ ​ក្នុង​ឱកាស​​ថ្លែង​​បិទ​​សន្និបាត​​នោះ ​ក្រៅ​ពី​​សរសើរ​​ស្នាដៃ​​ជាច្រើន​​ដែល​​បាន​​កើត​ឡើង​​ក្នុង​​ឆ្នាំ​​កន្លងទៅ​ លោក​ស ខេង ​រដ្ឋមន្ត្រី​​ក្រសួង​មហាផ្ទៃ​​កម្ពុជា ​ដែល​​បាន​ឃើញ​​មាន​ការ​​ធ្វើ​​សំណង់​​មិន​​ត្រឹមត្រូវ​​ខ្លះ​​ក្នុង​​រាជធានី​ បាន​ស្នើ​​ឱ្យ​​អាជ្ញា​ធ​រ​មាន​​សមត្ថកិច្ច​​គិត​​អំពី​​ផល​វិបាក​ មុន​នឹង​​សម្រេច​​ឱ្យ​​សាងសង់​។​

លោកស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ
លោកស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ @rfi/channa
ផ្សាយពាណិជ្ជកម្ម

លោកប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​រាយការណ៍​អំពី​ការងារ​ឆ្នាំ២០១៤ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៥ របស់​សាលាក្រុង​នេះ ជូន​លោកស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។

ការគ្រប់គ្រង​ទីក្រុង​ដែល​រីក​មាឌ​យ៉ាង​ឆាប់រហ័ស ពេល​ប្រជាជន​បច្ចុប្បន្ន​កើន​ដល់១លាន៤សែន៤ម៉ឺន៧ពាន់​នាក់ លើ​ផ្ទៃដី៦៧៨គីឡូម៉ែត្រ​ក្រឡា​នេះ បើ​យោងតាម​លោក ប៉ា សុជាតិ​វង្ស គឺ​ប្រឈម​នឹង៖ ១) អសន្តិសុខ​និង​ភាពអនាធិបតេយ្យ​នៅតាម​ទីសាធារណៈ ២) ទំនាស់​ដីធ្លី ៣) កង្វះ​ការផ្គត់ផ្គង់​សេវាសាធារណៈ ៤) អតុល្យភាព​នៃ​ការអភិវឌ្ឍ និង៥) ការគ្រប់គ្រង​កាកសំណល់​ជាដើម។

របាយការណ៍​ឆ្នាំ២០១៤បង្ហាញថា ក្នុង​ការងារ​សំណង់ សាលា​រាជធានី​ភ្នំពេញ​បាន​ពិនិត្យ​ផ្តល់យោបល់​លើ​ប្លង់​ស្នើសុំ​លិខិត​ង​នុ​ញ្ញាត​សាងសង់​បាន៤១១គម្រោង ចេញ​លិខិត​ទប់ស្កាត់​សំណង់​គ្មាន​លិខិតអនុញ្ញាត​ចំនួន២១០កន្លែង ព្រមទាំង​បាន​ដោះស្រាយ​ទំនាស់​សំណង់​បាន៣ករណី និង​បញ្ជូន​ឱ្យ​ថ្នាក់លើ​ដោះស្រាយ​ចំនួន០៩ករណី។

នាឱកាស​បិទ​សន្និបាត​នោះ លោកស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​កត់សម្គាល់ថា សំណង់​មួយចំនួន​បានធ្វើ​រំលោភ​លើដី​ចំណីផ្លូវ និង​មិនបាន​គិតដល់​គ្រោះ​អគ្គីភ័យ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ចង្អុល​សំណង់​នៅលើ​ដី​ស្តា​ត​អូ​ឡាំ​ពិ​ច និង​សំណង់​នៅលើ​កោះ​ពេជ្រ ជា​ឧទាហរណ៍។ លោក ស ខេង លើកឡើងថា៖ «យើង​បន្ទោស​អ្នក​សាងសង់​ក៏បាន​ដែរ ប៉ុន្តែ​ហេតុអ្វី​បានជា​សមត្ថកិច្ច​អនុញ្ញាតឱ្យ​សាងសង់? វា​ជា​កំហុស​ធំ​ណាស់» ។ លោក ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ថ្លែង​ដូច្នេះ​នៅ​ចំពោះមុខ​អ្នកចូលរួម​ក្នុង​សន្និបាត​ចំនួន៤៣៥នាក់ ដែលជា​អ្នកដឹកនាំ​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន៩៦សង្កាត់ និង១២ខណ្ឌ៕  

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ