អានតួអត្ថបទ
កម្ពុជា

តុលាការ​​កំពូល​​នៅ​តែ​​សម្រេច​​ឲ្យ​​លោក​​ឈូក បណ្ឌិត ​ជាប់​ពន្ធនាគារ​

នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ​តុលាការ​​កំពូល ​បាន​​បើក​សវនាការ​​លើ​​បណ្តឹង​​សារទុក្ខ​​សំណុំ​រឿ​ង​​អតីត​​អភិបាល​ក្រុង​​បាវិត ​លោក​ឈូក បណ្ឌិត​ដែល​​បាន​​បាញ់​ប្រហារ​​លើ​​កម្មការិនី៣ រូប​​កាល​ពី​​ជាង​​ពីរ​​ឆ្នាំ​មុន​។ ​បន្ទាប់​ពី​​ធ្វើការ​​ជំនុំជម្រះ​​ពេញ​​មួយ​​ព្រឹក​​មក ​ចៅក្រម​​តុលាការ​​កំពូល​​បាន​ប្រកាស​​សម្រេច​​តម្កល់​​សាស​ក្រម​​របស់​​តុលាការ​​សាលាដំបូង​​ខេត្តស្វាយរៀង​​ដដែល​។ ​ជា​​សាលក្រម​​ដែល​​សម្រេច​​ឲ្យ​​លោក​ឈូក បណ្ឌិត ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ ​និង​​បង់ប្រាក់​​សំណង​​ដល់​​ជន​រង​គ្រោះ​​សរុប​៣៨​លាន​រៀល​។​

លោកឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ កំពុងរត់​គេច​ខ្លួន
លោកឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ កំពុងរត់​គេច​ខ្លួន RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ក៏​មិន​ខុសពី​តុលាការ​សាលាឧទ្ធរណ៍​ដែរ ចៅក្រម​តុលាការ​កំពូល បានប្រកាស​តម្កល់​សេចក្តីសម្រេច​របស់​សាលាដំបូង​ខេត្តស្វាយរៀង​លើ​សំណុំរឿង​លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត ដែល​បាន​បាញ់ប្រហារ​លើ​កម្មការិនី៣ រូប​ឲ្យ​មាន​របួស​កាលពី​ជាង​ពីរ​ឆ្នាំមុន។ សំណុំរឿង​លោក​ឈូក បណ្ឌិត​នេះ ត្រូវបាន​តុលាការ​កំពូល​លើក​មក​ធ្វើការ​ជំនុំជម្រះ​​នៅ​ថ្ងៃ​សុក្រ​នេះ តាម​បណ្តឹង​សារទុក្ខ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ទាំងសងខាង។ ក៏​ប៉ុន្តែ​​នៅក្នុង​សវនាការ​នោះ មិនមាន​វត្តមាន​លោក​ឈូក បណ្ឌិត នោះទេ គឺ​មានតែ​ជនរងគ្រោះ​ដែលជា​កម្មការិនី និង មេធាវី​ការពារ​ក្តី​ទាំងសងខាង​ប៉ុណ្ណោះ។

សូម​ជំរាបជូន​ថា លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ត្រូវបាន​ចៅក្រម​សាលាដំបូង​ខេត្តស្វាយរៀង បាន​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ រយៈពេល ១ឆ្នាំកន្លះ​និង បង់ប្រាក់​សំណង ទៅឲ្យ​ជនរងគ្រោះ​ទាំង៣នាក់​សរុប  ៣៨លាន​រៀល។ តុលាការ​បាន​ចោទប្រកាន់​លោក​ឈូក បណ្ឌិត ពីបទ​បង្ក​របួសស្នាម​ដោយ​អ​ចេតនា​លើ​កម្មការិនី​បី​រូប​នៅក្នុង​បាតុកម្ម​មួយ​ក្នុង តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បាវិត កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ។ តុលាការ​កំពូល​បាន​បិទផ្លូវ​តវ៉ា និង​បានកំណត់​ឲ្យ​អនុវត្តតាម​សេចក្តីសម្រេច​នេះ។

ក៏ប៉ុន្តែ​លោក​អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សរ​បស់​អង្គការ​លីកាដូ​ដែល​បាន​ចូលរួម​តាមដាន​សវនាការ​នោះ យល់ថា ការសម្រេច​នេះ​មិនទាន់​ផ្តល់​យុត្តិធម៌​ពេញលេញ​ដល់​ជនរងគ្រោះ​ទាំងអស់នោះ​នៅឡើយ​ទេ។ មិន​ពេញលេញ ព្រោះថា សំណង​ដល់​ពួកគេ​មិន​សមស្រប​នឹង​ស្ថានភាព​រងគ្រោះ ហើយ​ការកំណត់​ឲ្យ​ជាប់ពន្ធនាគារ​ត្រឹម​មួយឆ្នាំ​កន្លះ​នេះ​ទៀតសោត គឺ​មិន​សមាមាត្រ​នឹង​អ្វីដែល​លោក​ឈូក បណ្ឌិត​បាន​ប្រព្រឹត្តិ​នោះដែរ។

ថ្វី​ត្បិត​តុលាការ​កំពូល​បានសម្រេច​បែបនេះ​ក៏ដោយ ប៉ុន្តែ​ចាប់តាំងពី​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ផ្តន្ទាទោស​លោក​ឈូក បណ្ឌិត​មក អតីត​អភិបាលក្រុង​បាវិត​រូបនេះ​នៅ​មិនទាន់​ត្រូវបាន​អាជ្ញាធរ​នាំខ្លួន​មក​អនុវត្ត​ទោស​នៅឡើយ​ទេ។ លោក​មឿ​ន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ដែល​បាន​តាមដាន​សំណុំ​រឿងនេះ​យ៉ាង​ដិតដល់ បាន​សម្តែង​ការខកចិត្ត​ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​លោក​យល់ថា មិនមាន​ឆន្ទៈ​ក្នុងការ​ចាត់វិធានការ​លោក​ឈូក បណ្ឌិត។ លោក​មឿ​ន តុលា សង្កត់​ធ្ញ​ន់​ថា អាជ្ញាធរ​មិនមាន​ចេតនា​ចាប់ខ្លួន​លោក​ឈូក បណ្ឌិត​នេះ តាំងពី​ដើមឡើយ​មក​ម្លេះ។

យ៉ាងណាក៏ដោយ លោក​ខៀវ សុភ័គ អ្នក​នាំ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា អាជ្ញាធរ​មិនមែន​នៅ​ស្ងៀម​នោះទេ ចំពោះ​ករណី​លោក​ឈូក បណ្ឌិត​នេះ។ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា អាជ្ញាធរ​នៅតែ​បន្ត​ការខិតខំ​ស្វែងរក​ចាប់ខ្លួន​លោក​ឈូក បណ្ឌិត មក​អនុវត្ត​ទោស​តាម​ការសម្រេច​របស់​តុលាការ ក៏ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា នឹង​អាច​រកឃើញ​លោក​ឈូក បណ្ឌិត​នៅពេលណា​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ