អានតួអត្ថបទ
កម្ពុជា

សង្គមស៊ីវិល​ មិន​ទាន់​ច្បាស់លាស់​រឿង​រៀបចំ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នៅ​ថ្ងៃ​ចន្ទ​ក្រោយ​

គិត​ត្រឹម​ថ្ងៃ​សៅរ៍នេះ ​គេ​មិន​ទាន់​ឃើញ​មាន​ការ​ប្រកូក​ប្រកាស ​ឫ​អំពាវនាវ​ឲ្យមាន​ការ​ចូល​រួម​ស្លៀកពាក់​ខ្មៅ​នៅក្នុង​យុទ្ធនាការ​ ​“ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ​”​ ដូច​កាល​ពី​សប្តាហ៍​មុន​នោះទេ​។ មន្រ្តី​សង្គមស៊ីវិល ​និង ​សកម្មជន​ដីធ្លី​ដែល​បាន​ចូលរួម​យុទ្ធនាការ​នេះ​កាល​ថ្ងៃ​ចន្ទ​ ដើម​សប្តាហ៍​នេះ ​បាន​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​ក្នុងការ​លើកឡើង​ពី​លទ្ធភាព​នៃ​រៀបចំ​យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ​នៅ​ថ្ងៃចន្ទ ​ដើម​សប្តាហ៍​ក្រោយនេះ​។

មន្ត្រី​សង្គមស៊ីវិល​​ត្រូវបាន​ឃាត់​ខ្លួន​នៅក្នុង​យុទ្ធនាការ​ស្លៀកពាក់​ខ្លៅ​កាល​ពី​ថ្ងៃ​ទី០៩ ​ខែ​ឧសភា ​ឆ្នាំ២០១៦​
មន្ត្រី​សង្គមស៊ីវិល​​ត្រូវបាន​ឃាត់​ខ្លួន​នៅក្នុង​យុទ្ធនាការ​ស្លៀកពាក់​ខ្លៅ​កាល​ពី​ថ្ងៃ​ទី០៩ ​ខែ​ឧសភា ​ឆ្នាំ២០១៦​ @Licadho
ផ្សាយពាណិជ្ជកម្ម

ក្រុមមន្ត្រីសង្គមស៊ីវិល ​និង​សកម្មជនដីធ្លី ​បាន​លើកឡើង​ថា ​នៅពេលនេះ​ពួកគេ​មិនទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយទេ​ពី​គម្រោង​នៃ​ការ​ជួបជុំគ្នា​ស្លៀកពាក់​ខ្មៅ ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ “ថ្ងៃចន្ទពណ៌ខ្មៅ” ​នៅ​ថ្ងៃចន្ទ​ដើមសប្តាហ៍ក្រោយ​។ ​មន្ត្រី​សង្គមស៊ីវិល ​និង​សកម្មជន​ដីធ្លី​ ហាក់​កំពុង​រង់ចាំ​មើលគ្នាទៅ​វិញ​ទៅមក​ជុំវិញ​ការ​រៀបចំ​ប្រមូល​ផ្តុំ​គ្នា​ស្លៀកពាក់​ឈុតខ្មៅ​នេះ​។ ​ពួកគេ​បាន​ស្ទាក់ស្ទើរ​ក្នុងការ​លើកឡើង​ពី​លទ្ធភាព​នៃ​ការ​កើតមាន​យុទ្ធនាការ​នេះ​ម្តងទៀត​ ឫ​ក៏​យ៉ាងណា​នោះ​។​
 

​ភាពមិនច្បាស់លាស់​របស់​មន្ត្រីទាំងនេះ​ បាន​កើតឡើង​បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ បាន​ព្រមាន​ខ្លាំងៗ​កាល​ពី​ថ្ងៃអង្គារ​ ថា​មិន​អនុញ្ញាត​ឲ្យ​អ្នកណាធ្វើ​ខុសច្បាប់​ឡើយ ​ដោយ​លោក​សង្កត់ធ្ងន់​ថា ​ទោះបី​ពណ៌អ្វី​ក៏ដោយ ​ឲ្យ​តែ​ធ្វើខុស​ច្បាប់​នឹង​មាន​វិធានការ​ទាំងអស់​។ លោក​នាយករដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ដល់​អ្នក​បំផុស​ឲ្យ​មាន​គំនិត​ធ្វើយុទ្ធនាការ​ “ថ្ងៃចន្ទពណ៌ខ្មៅ” ​និង​ អ្នក​ដែល​ចេញ​ប្រាក់​​​បោះពុម្ភអាវ​ឲ្យ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្លួន​ផងដែរ​។ ​ការ​ព្រមាន​ពី​នាយករដ្ឋមន្ត្រី​នេះ ​បាន​ធ្វើ​ឡើង​មួយថ្ងៃ​តែប៉ុណ្ណោះ ​ក្រោយពី​សង្គមស៊ីវិល​ និង​សកម្មជន​ដីធ្លី​មួយចំនួន​បាន​រៀបចំ​យុទ្ធនាការ ​“ថ្ងៃចន្ទពណ៌ខ្មៅ” ​ដោយ​នាំគ្នា​ស្លៀកពាក់ខ្មៅ​។​ យុទ្ធនាការ​កាល​​ថ្ងៃចន្ទ​ដើមសប្តាហ៍​នេះ ​អាជ្ញាធរ​បាន​ចាប់​ឃាត់​ខ្លួន​មន្ត្រី​សង្គមស៊ីវិល ​និង ​សកម្មជន​ដីធ្លី​ចំនួន​៨នាក់​ក្នុងនោះ​ជនបរទេស​ចំនួនពីរនាក់​ដែល​បម្រើការ​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​។ ការ​ឃាត់​ខ្លួននោះ​ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​អះអាងថា ​គ្រាន់តែ​ធ្វើការ​សាកសួរ​ ​ធ្វើកំណត់ហេតុ ​អប់រំ ​ធ្វើកិច្ច​សន្យា​បញ្ឈប់​សកម្មភាព​តវ៉ា ​និង​រក្សាទុក​ជាឯកសារ​សម្រាប់​បម្រើ​ដល់ផ្លូវ​ច្បាប់​ទៅថ្ងៃ​ក្រោយ​។
 

លោកខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ​បាន​លើកឡើង​ថា ​មន្ត្រីសង្គមស៊ីវិល ​និង​សកម្មជន​ដីធ្លី​ទាំងនេះ ​នឹង​គោរព​ទៅតាម​អ្វី​ដែល​ពួកគេ​សន្យា​ ថានឹង​មិនប្រព្រឹត្ត​បែបនេះ​ទៀត​នោះទេ។​ តែ​ទោះជាយ៉ាងណា ​លោក​ព្រមាន​ថា ​ប្រសិនបើ​ពួកគេ​ធ្វើសកម្មភាព​ទៀត​នោះ ​នឹង​បញ្ហា​មួយផ្សេងទៀត ​ដោយ​កិច្ចសន្យា​ដែល​ពួកគេ​បាន​ចុះហត្ថលេខា​នោះ ​នឹង​ជា​លិខិត​ភស្តតាង​បម្រើ​ផ្លូវច្បាប់​។

យុទ្ធនាការ​ “ថ្ងៃចន្ទពណ៌ខ្មៅ”​ ត្រូវ​បាន​សង្គមស៊ីវិល ​និង​សកម្មជន​ដីធ្លី​រៀបចំ​ធ្វើឡើង ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​របស់​ស​មាគម​អាដហុក​ចំនួន​៤នាក់​ និង​មន្ត្រី​គណៈកម្មការជាតិរៀបចំការបោះឆ្នោត​ម្នាក់ទៀត​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។ ​ពួកគេ​ទាំងនោះ ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅពន្ធនាគារ​ ក្រោម​ការ​ប្រកាន់​ពី​បទ​ “សូកប៉ាន់សាក្សី”​ និង​ “សមគំនិត​ក្នុងរឿង​សូកប៉ាន់សាក្សី​” ​នៅក្នុង​សំណុំរឿង​កញ្ញា ​ខុម ចាន់តារាទី ​ហៅស្រីមុំ​ដែល​កំពុង​មាន​រឿងអាស្រូវ​សេ្នហា​ជា​មួយ​លោកកឹម សុខា ​ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ