អានតួអត្ថបទ
កម្ពុជា

ទេសចរណ៍ ​និង​​វប្បធម៌ ​ក្លាយ​ជា​​របៀបវារៈ​​នៃ​​ការ​អភិវឌ្ឍន៍​​ក្រោយ​​ឆ្នាំ​២០១៥​

សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ​បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ម្សិលមិញ​ហើយ ប៉ុន្តែ​បើតាម​កម្មវិធី​នៃ​ព្រឹត្តិការណ៍​លើ​ទឹកដី​អង្គរ​នោះ ថ្ងៃ​សុក្រ​នេះ​ទើប​ជា​ថ្ងៃ​បង្ហើយ ត្បិត​ដំណើរ​ទស្សនកិច្ច​បច្ចេក​ទេស​គឺជា​សកម្មភាព​ដែល​ត្រូវធ្វើ​ពេញ​មួយ​ព្រឹក​នេះ។ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា ថោង ខុន បានបង្ហាញ​លទ្ធផលសំខាន់ៗនៃ​សន្និសីទ​រយៈ​ពេល​៣ថ្ងៃ​នោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍។ លទ្ធផល​ដែល​បង្ហាញថា វិស័យ​ទេសចរណ៍ និង​វប្បធម៌ នឹង​ក្លាយជា​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥។

លោក ​ថោង ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍
លោក ​ថោង ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី០៤ ដល់​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ​ខេត្តសៀមរាប បានដាក់​ចេញ​នូវ«សេចក្តីថ្លែងការណ៍​សៀមរាប​ស្តីពី​ទេសចរណ៍ និង​វប្បធម៌»

ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ដែល​សហការ​ផ្តួចផ្តើម​ដោយ​អង្គការ​ទេសចរណ៍​ពិភពលោក និង​អង្គការ​យូណេស្កូ រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​គូសបញ្ជាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា សេចក្តីថ្លែងការណ៍​សៀមរាប​ស្តីពី​ទេសចរណ៍ និង​វប្បធម៌​នោះ«ជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់​បន្ថែមទៀត​សម្រាប់​ការរៀបចំ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ ជាពិសេស​ការធ្វើសមាហរណកម្ម​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ទៅក្នុង​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ក្រោយ​ឆ្នាំ២០១៥»

ទន្ទឹមនឹង​នេះដែរ បើតាម​លោក ថោង ខុន សេចក្តីថ្លែងការណ៍​ដដែល​នោះ ក៏​ចាំបាច់«សម្រាប់​ការបង្កើតឱ្យមាន​យន្តការ​ស្ថាប័ន ដោយ​រៀបចំ​រចនាសម្ព័ន្ធ​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ថ្នាក់មូលដ្ឋាន ក្នុង​ការជំរុញ​ការអភិវឌ្ឍ​រួមគ្នា​នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ សំដៅ​សម្រេចបាន​នូវ​ការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ សម្រាប់​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ ស្របតាម​ទស្សនាទាន ‘ទេសចរណ៍​សម្រាប់​ទាំងអស់គ្នា ទាំងអស់គ្នា​ដើម្បី​ទេសចរណ៍’»

សន្និសីទ​ពិភពលោក​លើទឹក​ដី​អង្គរ​រយៈពេល៣ថ្ងៃ ដែលមាន​អ្នកចូលរួម១១០០នាក់ មកពី៩៩ប្រទេស បាន​ឆ្លងកាត់​កិច្ចសន្ទនា​ថ្នាក់​រដ្ឋមន្ត្រី៣៨ប្រទេស​ស្តីពី​ការកសាង​ភាពជា​ដៃគូ​ថ្មី​មួយ និង​កិច្ចពិភាក្សា​ថ្នាក់​បច្ចេកទេស​ក្រោម​ប្រធានបទ៤ផ្សេងទៀត ជាក់ស្តែង​គឺ៖ ១) ការលើកស្ទួយ និង​ការការពារ​វប្បធម៌ ២) ភាព​គង់វង្ស​នៃ​វប្បធម៌ និង​ឧស្សាហកម្ម​សិល្បៈ​ច្នៃប្រឌិត ៣) ការផ្សារភ្ជាប់​ប្រជាពលរដ្ឋ និង​ការលើកកម្ពស់​ការអភិវឌ្ឍ​តាមរយៈ​វប្បធម៌ និង៤) ទេសចរណ៍វប្បធម៌ និង​ការអភិវឌ្ឍ​ទីក្រុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ