ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 12/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/11 12h00 GMT
កម្ពុជា

អ្នក​ជំនាញ​ជំរុញអាជ្ញាធរ​ពិនិត្យ​ផ្លូវ​ជាតិ​លេខ៤ ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១០នាក់

media រូបភាព៖រថយន្តឆេះក្នុងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ កាលពីល្ងាចថ្ងៃទី៨ មិថុនា ឆ្នាំ២០១៩ ម្សិលមិញ @Pl

ស្នងការរង​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក តាប់ លន បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​អាទិត្យ​នេះថា តុល្យ​ការ​ចុង​ក្រោយ មនុស្ស​១០​នាក់​បាន​ស្លាប់​និង​៤នាក់ទៀត បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​មួយ​កាល​ពី​ល្ងាច​មិញ នៅ​លើ​កំណាត់​ផ្លូវ​ជាតិលេខ៤ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ អ្នក​ជំនាញ​ផ្នែក​ចរាចរណ៍ ជំរុញ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​ស្ថានភាព​ផ្លូវជាតិលេខ៤ ក្រោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​១០​នាក់។

សមត្ថកិច្ច​ប្រចាំការ​នៅ​នឹង​កន្លែង​កើត​ហេតុ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​ពី​ភ្នំពេញ បាន​ធ្វើការ​សន្និ​ដ្ឋានបឋម​ថា គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៨​មិថុនា​ម្សិល​មិញ លើ​កំណាត់​ផ្លូវ​ជាតិ​​លេខ​៤ ដោយ​សារ​តែ​ការ​បើកបរ​លើស​ល្បឿន​កំណត់​តាម​រយៈ​ការ​បើបរ​បញ្ច្រាស​គ្នា​រវាង​រថយន្ត និងរថយន្ត​ចំនួន​៣គ្រឿង។ ដូច្នេះ​មួយ​ទំហឹង​នៃ​ការ​បុក​គ្នា​បាន​បង្ក​ទៅ​ជា​អណ្ដាត​ភ្លើងឆាប​ឆេះ​មួយសន្ទុះ​ធំ ហើយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់ ខណៈ​អ្នក​របួស​មាន​ចំនួន​៤នាក់។ នេះបើ​តាម​ស្នង​ការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក តាប់ លន ដោយ​លោក​បាន​គូសបញ្ជាក់​ទៀតថា នេះ​ជា​ករណី​រន្ធត់ ហើយ​ក៏​ជា​ករណី​ធំ​ប្រចាំ​ឆ្នាំ​២០១៩ ដែល​សម្លាប់​មនុស្ស​១០​នាក់។

ក្រៅ​តែ​ពី​កត្តា​ល្បឿន កត្តា​ផ្លូវ​ចង្អៀត​ដែល​មាន​ភាព​មមាញឹក និង​ភាព​មិន​អើ​ពើ​មើល​ស្លាក​​សញ្ញា​ចរាចរណ៍ គឺ​សុទ្ធ​តែ​ជា​មូល​ហេតុ​រួម​ផ្សំ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណា​ត់​​ផ្លូវ​ជាតិលេខ​៤ ដែល​តែងតែ​កើត​មាន​ជា​ញឹក​ញយ។ នេះ​បើ​តាម​លោក តាប់ លន ស្នង​ការ​រងនគរបាល​ខេត្ត​កំពង់​ស្ពឺ។

សម្រាប់​សង្គម​ស៊ីវិល និង​អ្នក​ធ្វើការ​ផ្នែក​ចរាចរណ៍​មើល​ឃើញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែលកើត​ឡើង​ញឹក​ញយ លើ​ផ្លូវជាតិ​លេខ៤​នេះ​កើត​ឡើង ដោយ​សារ​ផ្លូវ​មាន​ភាព​ចង្អៀត​ណែន។ ចង្អៀត​ណែន​ព្រោះ​ផ្លូវ​ជាតិ​លេខ​៤ ជា​ផ្លូវ​សេដ្ឋកិច្ច​ដែល​ជា​កន្លែង​ចរាចរណ៍​ទំនិញ​ដឹក​ចេញ​ពីកំពង់​ផែ​ព្រះសីហនុ។ ដូច្នេះ​ការ​ពង្រីក​ផ្លូវ​និង​ការ​បន្ថែម​កាម៉េរា​ចាប់​ល្បឿន ក៏​ជា​ផ្នែក​មួយសំខាន់​ក្នុង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៤​ដែរ។ ក្នុង​នោះ​ពួក​គេ ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពន្លឿន​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ជុំវិញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ដែល​កើត​លើ​ផ្លូវ​ជាតិ​លេខ​៤នេះ។ បើ​និយាយ​ជា​រួម កត្តា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគច្រើន​កើត​ឡើង​ដោយ​សារ​ឥរិយាបទ​របស់​អ្នក​បើក​បរ និង​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​មានភាព​ធូរ​រលុង។

គិត​ក្នុង​ខែ​ឧសភា​ ឆ្នាំ២០១៩ គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​បាន​៣៤៨​លើក ឆក់​យក​ជីវិតមនុស្ស​១៥៥​នាក់ និង​៥០៤​នាក់​រង​របួស​ធ្ងន់​ស្រាល។ សូម​ជម្រាប​ជូន​ថា មនុស្ស​ជិត១.៨០០នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ​ក្នុង​ឆ្នាំ២០១៨​គឺ​ថយ​ចុះ​ជិត១០០​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ