អានតួអត្ថបទ
កម្ពុជា

ជនភៀស​ខ្លួន​​ម៉ុង​តា​ញ៉ា​​វៀតណាម​​រត់​ចេញ​​ពី​​ព្រៃ​​មក​ជួប​​នឹង​​UN ​ដើម្បី​​សុំ​​ការ​ជួយ​​សង្គ្រោះ​

ជនភៀស​ខ្លួន​​ម៉ុង​តា​ញ៉ា​​ក្រុមទី១ ​ចំនួន ៨​នាក់ ​មាន​​ស្រី​​ម្នាក់ ​បាន​នាំគ្នា​​រត់​ចេញ​​ពី​​ព្រៃ​​មក​ជួប ​ភ្នាក់ងារ​​អង្គការ​​សហ​ប្រជា​តិ ​ដើម្បី​​សុំ​​ការ​ជួយ​​សង្គ្រោះ ​នៅ​​ព្រឹក​​ព្រលឹម​​ថ្ងៃ​ទី ​២០​ធ្នូ​​នេះ ​នៅ​ត្រង់​ចំណុច​​ភូមិ​​ណង​ហៃ ​ឃុំ​សេ​ដា ​ស្រុក​លំផាត់ ​ខេត្តរតនគិរី​។ ​នេះ​​បើតា​ម​​ការ​បញ្ជាក់​​របស់​​មន្ត្រី​​ស​ម្រ​ប​​សម្រួល​​អង្គការ​​អាដហុក​។

ភ្នាក់ងារ​​​ UNHCR ​ជួប​ជាមួយ​ជនភៀស​ខ្លួន ​ម៉ុងតាញ៉ា នៅ​ថ្ងៃទី​២០​ ខែធ្នូ ​ឆ្នាំ២០១៤​ នៅ​ក្នុង​ខេត្ត​រតនគិរី​
ភ្នាក់ងារ​​​ UNHCR ​ជួប​ជាមួយ​ជនភៀស​ខ្លួន ​ម៉ុងតាញ៉ា នៅ​ថ្ងៃទី​២០​ ខែធ្នូ ​ឆ្នាំ២០១៤​ នៅ​ក្នុង​ខេត្ត​រតនគិរី​ @ Chhay Thi Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ ភ្នាក់ងារ​នៃ​ឧត្តម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​របស់​អង្គការ​សហ​ប្រជា​តិ UNHCR បាន​ជួប​ជាមួយនឹង​ជនភៀសខ្លួន ម៉ុង​តា​ញ៉ា​ចំនួន ៨នាក់ នៅក្នុង​ខេត្តរតនគិរី។ ជនភៀសខ្លួន​ទាំងនោះ បាន​រត់​ចេញពី​ព្រៃ​មក ដើម្បី​សុំ​ឲ្យ​អង្គការ​សហ​ប្រជា​តិ​ជួយសង្គ្រោះ​ពួកគេ បន្ទាប់ពី​បាន​លាក់ខ្លួន​នៅក្នុង​ព្រៃ​កម្ពុជា​ជាច្រើន​សប្តាហ៍​មក។

មន្ត្រី​សម្របសម្រួល​អង្គការ​អា​ដ​ហុក លោកឆាយ ធី បាន​​ប្រាប់​​វិទ្យុ​​បារាំង​​ថា ​នៅ​​ព្រឹក​​នេះ​ អង្គការ​សហប្រជាជាតិ​កំពុងតែ​រង់ចាំ​ការសហការ​ជាមួយនឹង​អាជ្ញាធរខេត្ត​រតនគិរី ដើម្បី​បញ្ជូន​ជនភៀសខ្លួន​ទាំងអស់នោះ មកកាន់​ទីក្រុង​ភ្នំពេញ។ ដោយឡែក​ក្រុម​មួយទៀត ដែលមាន​គ្នា ៥នាក់ កំពុងតែ​លាក់ខ្លួន​នៅក្នុង​ព្រៃ​ជ្រៅ ក្បែរ​តំបន់​ព្រំដែន​កម្ពុជា និង​វៀតណាម ហើយ​អង្គការសហប្រជាជាតិ​ក៏​កំពុងតែ​ធ្វើដំណើរ​ស្វែងរក​ពួកគេ​ជា​បន្តទៀត​ដែរ។

នៅ​ថ្ងៃ​សុក្រ​ទី១៩ធ្នូ ម្សិលមិញ​នេះ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​អង្គការ​សហ​ប្រជា​ជាតិ UNHCRនិង​ឧត​ម្ត​ស្នងការ​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ OHCHR បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ពី​ទីក្រុង​បាង​កក ដោយ​អំពាវនាវ​ឲ្យ​មានការ​សហការ​ជួយសង្គ្រោះ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​វៀតណាម នៅ​កម្ពុជា។

សេចក្តីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ផ្ទុយ​ពី​ការណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង ឲ្យ​មានការ​សហការគ្នា​ជា​ក្រុម​នោះ អាជ្ញាធរខេត្ត​រតនៈគិរី បាន​បដិសេដ មិន​អនុញ្ញាត​ឲ្យ​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ​ជួបនឹង​ក្រុម​ជនជាតិ​នោះ​ និង​បញ្ជូន​ពួកគេ​មកកាន់​ទីក្រុង​ភ្នំពេញ។ ហើយ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ ក្រុមការងារ​អង្គការ​សហ​ប្រជា​តិ​ត្រូវបាន​ប្រាប់ថា ប៉ូលីស​ខេត្ត​បាន​កំពុងតែ​តាម​ស្វែងរក​ជនភៀសខ្លួន​ទាំងនោះ ហើយ​ថា​អាច​នឹង​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​វៀតណាម​វិញ។

UNHCR និង OHCHR ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់វិធានការ​ជា​បន្ទា​ន់ ដើម្បី​ធានាថា ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងអស់នោះ ត្រូវបាន​បញ្ជូន​មកកាន់​ទីក្រុង​ភ្នំពេញ ហើយ​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ពួកគេ ដោយ​យោងតាម​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន​ឆ្នាំ ១៩៥១ និង​អនុ​ក្រឹ​ត​កម្ពុជា​លើ​ជនភៀសខ្លួន និង​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន។

សូមបញ្ជាក់ថា ជនជាតិ​ម៉ុង​តា​ញ៉ា​វៀតណាម ចំនួន ១៣នាក់ បានមក​លាក់ខ្លួន​នៅក្នុង​ព្រៃ​កម្ពុជា ក្នុង​ខេត្តរតនគិរី​អស់​រយៈពេល​ជាង៧សប្តាហ៍​មកហើយ ដោយ​មិន​ទទួលបាន​ការជួយ​សង្គ្រោះ និង​ការការពារ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ