ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
កម្ពុជា

​សភា​ជាន់​ទាប​អាមេរិក​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌ​កម្ម​លើ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​

media  
សភាជាន់ទាបអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា @Internet

សភា​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ឬ សភា​ជាន់​ទាប កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ឬ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ម៉ោង​នៅ​កម្ពុជា បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526។ ខ្លឹម​សារ​នៃ​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​គេ​ពិព៌ណនា​ថា នឹង​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​នៅ​កម្ពុជា​ដែល​ស្និទ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​គេ​សំដៅ​ដល់​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​។ 

សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​មាន​ឈ្មោះ​ថា (Cambodia Democracy Act) ឬ H.R. 526 នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​សហ​រដ្ឋ​អាមេរិក គឺ​បក្ស​សាធារណៈ​រដ្ឋ និង​គណ​បក្ស​ប្រជា​ធិបតេយ្យ​។ នេះ​បើ​តាម​ការ​អះអាង​របស់ លោក ឬទ្ធី អ៊ុង តំណាង​គណបក្ស​សង្រ្គោះ​ជាតិ ប្រចាំ​រដ្ឋ​ម៉ាស្សា​ជូសេត​។

​គោល​បំណង​នៃ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​សភា​ជាន់​ទាប​អាមេរិក​អះអាង​ថា​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ គោរព​សិទ្ធិ​សេរីភាព​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។

ចំណែក​ឯ​ខ្លឹម​សារ​សំខាន់​នៃ​ច្បាប់​នេះ​ត្រូវ​បាន​គេ​ពិព៌ណនា​ថា នឹង​ដាក់​ទណ្ឌ​កម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​នៅ​កម្ពុជា​ដែល​ស្និទ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែល​គេ​សំដៅ​ដល់​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​។ ទណ្ឌកម្ម​ទាំង​នោះ គឺ​មាន ការបិទ​ទិដ្ឋាការ ដោយ​មិន​ឱ្យ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​ទាំងនោះ ចូល​ទឹកដី​អាមេរិក និង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា និង​អ្នក​ពាក់ព័ន្ធដែល​រក្សា​ទុក​នៅ​ក្រៅ​ប្រទេស​។

ប៉ុន្តែ លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ចំពោះ​ការ​អនុម័ត​ច្បាប់​នេះ​ទេ ដោយ​លោក​អះអាង​ថា មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​មិន​មាន​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ទៅ​ផ្ញើទុក​នៅ​អាមេរិក​ឡើយ។ ចំណែក​ការ​បិទ​ទិដ្ឋាការ​មិន​ឲ្យ​មន្រ្តី​កម្ពុជា​ទៅ​លេង​បងប្អូន​នៅ​អាមេរិក​នោះ ក៏អ្នកនាំ​ពាក្យ​ដដែល​អះអាង​ថា មិន​មាន​អ្វី​ចាំ​បាច់​ត្រូវ​ទៅ​លេង​អាមេរិក​នោះ​ទេ​។

សូម​បញ្ជាក់​ថា សេចក្តី​ស្នើ​ច្បាប់​នេះ ត្រូវ​បាន​ខក​ខាន​អនុម័ត​ម្តង​ហើយ កាល​ពី​ចុង​ឆ្នាំ២០១៨ ដោយ​សារ​តែ​សភា​អាមេរិក​ឈប់​សម្រាក។ យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​ខ្លឹមសារ​ដាក់​ទណ្ឌ​កម្ម​លើ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ពេល​នេះ គឺត្រូវ​ឆ្លងកាត់​សភាជាន់​ខ្ពស់​ឬ​ព្រឹទ្ធ​សភា​អាមេរិក​មួយ​ជំហាន​ទៀត មុន​នឹង​បញ្ជូន​ទៅ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើ​ការ​អនុម័ត ឬ សម្រេច​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ