អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ស្នើ​សុំ​ផ្ទាល់​មាត់​ទៅ​លោក​ហ៊ុន សែន​ឲ្យ​ដោះ​លែង​លោក​កឹម សុខា​

ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោកWilliam A. Heidt នៅ​ព្រឹក​មិញ​នេះ បាន​ចូល​ជួប​ជំរាប​លា​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន បន្ទាប់​ពី​លោក​ត្រូវ​ផុត​អាណត្តិ​នៅ​កម្ពុជា​ត្រឡប់​ទៅ​កាន់​អាមេរិក​វិញ​។ នៅ​ក្នុង​ជំនួប​នេះ លោក​William A. Heidt បាន​ស្នើ​ត្រង់ៗ​ទៅ​កាន់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន សុំ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ និង​អ្នក​ទោស​ខាង​នយោបាយ​ផ្សេង​ទៀត​។ 

លោក William A. Heidt (វីល លៀមហេដ) អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ
លោក William A. Heidt (វីល លៀមហេដ) អគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ © U.S. Embassy
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​ជំនួប​ចុង​ក្រោយ​ជាមួយ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​នៅ​ព្រឹក​នេះ លោក​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ជិត​ផុត​អាណត្តិ William A. Heidt បាន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បន្ត​កែ​លំអ​ចំណង​ទាក់​ទង​ទ្វេ​ភាគី ដែល​រួម​មាន​ការ​ជំរុញ​ការ​ផ្សះផ្សា​ជាតិ ការ​ដោះ​លែង​លោក កឹម សុខា និង អ្នក​ទោស​នយោបាយ​ដទៃ​ទៀត ព្រម​ទាំង​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

ការ​លើក​ឡើង​របស់​លោក William A. Heidt ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ដោយ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន​។ ជាមួយ​ការ​លើក​ឡើង​ដូច្នេះ លោកWilliam A. Heidt ក៏​បាន​កត់​សំគាល់​ដែរ​ថា លោក​មាន​ការ​លើក​ទឹក​ចិត្ត ដោយ​សារ​ជំហាន​វិជ្ជមាន​ក្នុង​ពេល​ថ្មីៗ​នេះ ដែល​រួម​មានការ​បន្តឡើង​វិញ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទាក់ទង​នឹង​បញ្ហា​ឈ្លើយ​សឹក និង​យុទ្ធជន​បាត់​ខ្លួន​អាមេរិក​នៅ​កម្ពុជា​។

ដោយ​ឡែក នៅ​ក្នុង​សន្និ​សីទ​សារព័ត៌មាន​ក្រោយ​ជំនួប​នៅ​ព្រឹក​មិញ​នេះ​ដែរ លោក​កៅ គឹម​ហួន រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ការ​ឆ្លើយ​តប​របស់​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន ទៅ​កាន់​លោក William A. Heidt ជុំ​វិញ​ការ​ស្នើ​សុំ​ឲ្យ​ដោះ​លែង​លោក​កឹម សុខា នេះ​ទេ​។ ប៉ុន្តែ​លោក​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​បាន​ប្រាប់​ទៅ​លោក William A. Heidtថា រដ្ឋា​ភិបាល​កម្ពុជា​ចង់​ឲ្យ​ប្រទេស​ទាំង​ពីរ​បន្ត​នូវ​ការ​សន្ទនា​រវាង​គ្នា និង​គ្នា ដើម្បី​ឲ្យ​យល់​គ្នា​បាន​ច្រើន​។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ពី​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក បើ​ទោះ​បី​មាន​បញ្ហា​ខ្លះៗ​នា​ពេល​កន្លង​មក​ក៏​ដោយ​។

ក្រៅ​ពី​បញ្ហា​ទំនាក់​ទំនង​ទ្វេ​ភាគី លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ក៏​បាន​បញ្ជាក់​ប្រាប់​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូល​ដ្ឋាន​យោធា​បរទេស​ណា​មួយ​នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ​។ លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា បាន​ប្រាប់​ទៅ​លោក William A. Heidt កុំ​ឲ្យ​អាមេរិក​មាន​ការ​ងឿង​ឆ្ងល់ និង​បារម្ភ​ពី​បញ្ហា​នេះ​។ នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ដឹង​ពី​លោក​កៅ គឹមហួន​។

ជា​ការ​ឆ្លើយ​តប លោក​ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​បាន​ទទួល​ស្គាល់​នូវ​ការ​បញ្ជាក់​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដូច​ខាង​លើ ហើយ​ថា​ការ​បន្ត​កិច្ច​ពិភាក្សា​លើ​បញ្ហា​នេះ គឺ​មាន​សារៈ​សំខាន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ