ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

​ស្ថាន​ទូត​អាមេរិក​អះអាង​ថា ​អាមេរិក​មិន​បាន​ជាប់​ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់ ​លោក ​លន់ ​នល់ ​​ឡើយ​​

media  
លោក លន់ នល់ ឈរជិត ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ @FB

ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បាន​ចេញ​មុខ​មក​អះអាង​ថា អាមេរិក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​រដ្ឋ​ប្រហារ​របស់​លោក​លន់ នល់ ដើម្បី​ទម្លាក់​សម្តេច​នរោត្តម សីហនុ​នៅ​ក្នុង​ឆ្នាំ​១៩៧០​ឡើយ​។ ការ​ចេញ​មក​អះអាង​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា និង​ប្រជាពល​រដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ចោទ​ប្រកាន់​រដ្ឋបាល​អាមេរិក​ថា បាន​ចូល​រួម​ជាមួយ​លោក​សេនា​ប្រមុខ​លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ​។ 

“សូម​អរគុណ​ចំពោះ​មតិ​របស់​លោក​អ្នក​។ តែ​យើង​សូម​ធ្វើ​ការ​កត់​សម្គាល់​ថា សហ​រដ្ឋ​អាមេរិក​មិន​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​រដ្ឋ​ប្រហារ​ដែល​នាំ​ឱ្យ​លោក លន់ នល់ ឡើង​កាន់​អំណាច​នោះ​ទេ”។ នេះ គឺ​ជា​សារ​អត្ថា​ធិប្បាយ​(Comment) របស់​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បាន​ចោទ​ប្រកាន់​អាមេរិក​ថា បាន​ជួយ​លោក​លន់ នល់ ទម្លាក់ សម្តេច នរោត្តម សីហនុ ហើយ​ក្រោយ​មក​ក៏​បាន​បណ្តាល​ឱ្យ​កើត​មាន​នូវ​របប​ខ្មែរ​ក្រហម​។ ប៉ុន្តែ​អាមេរិក បាន​ទាត់​ចោល​នូវ​ការ​ចោទ​ប្រកាន់​នេះ ​ដោយ​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​ពាក់​ព័ន្ធ​របស់​សហ​រដ្ឋអាមេរិក​ក្នុង​ការ​ជួយ​ដល់​លោក​លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៧០​នោះ​ទេ​។

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​ស្ថាន​ទូត​អាមេរិក ការិយាល័យ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​កម្ពុជា អះអាង​ថា អាមេរិក​បាន​លូក​ដៃ​ចូល​ក្នុង​នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧០​។ តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ការិយាល័យ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋា​ភិបាល​កម្ពុជា បាន​បញ្ជាក់​ថា អ្នក​នយោបាយ​អាមេរិក និង​បេក្ខជន​ប្រធានា​ធិបតី​ទី៤៥​របស់​អាមេរិក​បាន​ទទួល​ស្គាល់ និងស្វែង​នូវ​ការ​សោក​ស្តាយ​ក្នុង​កិច្ច​ពាក់​ព័ន្ធ​របស់​សហ​រដ្ឋអាមេរិក​ដែល​បាន​ឈ្លាន​ពាន​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​កម្ពុជា​ចន្លោះ ឆ្នាំ១៩៧០ ដល់១៩៧៥។ ជា​ការ​ជ្រៀត​ជ្រែក​នយោបាយ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ដែល​បង្កើត​ឱកាស​ឱ្យ​ខ្មែរ​ក្រហម​ឈាន​ឡើង​មក​កាន់​អំណាច​ជាមួយ​នឹង​ការ​សម្លាប់​រង្គាល​។

ក៏​ប៉ុន្តែ​សហ​រដ្ឋអាមេរិក​មិន​ទទួល​ស្គាល់​នូវ​ការ​លើក​ឡើង​នេះ​ទេ​។ មិន​ប៉ុណ្ណោះ អាមេរិក​បាន​ទម្លាក់​បញ្ហា​ទាំង​អស់​នេះ​ទៅ​លើ​រដ្ឋា​ភិបាល​ចិន​។ អាមេរិក​បាន​គូស​បញ្ជាក់​ថា គេ​មាន​ភស្តុតាង​យ៉ាង​ច្រើន​ដែល​បង្ហាញ​ថា រដ្ឋា​ភិបាល​ចិន​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និង នៅ​ក្នុង​រយៈ​កាល​ក្រោយ​ពីនោះ​មក​។ បន្ថែម​លើ​នេះ តាម​រយៈ​សេចក្តីការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ អាមេរិក បាន​រំលេច​ឱ្យ​ដឹង​ដែរ​ថា ក្រុម​ខ្មែរ​ក្រហម​បាន​ពឹង​ផ្អែក​យ៉ាង​ងប់​ងល់​ទៅ​លើ​មហា​អំណាច​ធំ​មួយ ដែល​មាន​ផល​ប្រយោជន៍​ខុស​ពី​ផល​ប្រយោជន៍​របស់​ប្រជាជន​កម្ពុជា​។

ជាមួយ​គ្នា​នេះ អាមេរិក​ក៏​បាន​អំពាវ​នាវ​ត្រង់ៗ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ប្រកាន់​ខ្ជាប់​នូវ​នយោបាយ​ការបរទេស​ឯករាជ្យ អធិបតេយ្យ​ភាព និង​ប្រកប​ដោយ​តុល្យភាព ដែល​រក្សា​បាន​នូវ​អនាគត​របស់​ប្រទេស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់​។ រីឯ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​អំពាវ​នាវ​ត្រង់ៗ​ទៅ​វិញ​ដែរ ដោយ​ស្នើ​ឱ្យ​អាមេរិក កុំ​លូក​ដៃ​ចូល​ជ្រៀក​ជ្រែក​បញ្ហាផ្ទៃ​ក្នុង​កម្ពុជា ដែល​ជា​ប្រជា​ជាតិ​អធិបតេយ្យ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ