អានតួអត្ថបទ
កម្ពុជា

​លោ​ក​​អ៊ុំ សំអាន ​សុំ​​បញ្ចប់​រឿង​​ផ្លូវច្បាប់​​ជាមួយ​​លោក​​ហេង សំរិន ​តែ​​បន្ត​​រង​​ទណ្ឌកម្ម​​វិន័យ

លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្តសៀមរាប បាន​សុំ​ការ​អធ្យាស្រ័យ ចំពោះ​ការប្រើ​ពាក្យសម្តី​មិន​សមរម្យ​ទៅលើ​លោក​ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។ លោក​ហេង សំរិន បានផ្តល់​ការ​អធ្យាស្រ័យ​ដល់​តំណាងរាស្ត្រ​រូបនេះ ដោយ​ព្រម​បញ្ចប់​ត្រឹម​ការដាក់ទណ្ឌកម្ម​ខាង​វិន័យ។

លោក អ៊ុំ សំអាន​ សមាជិកសភាគណបក្សសង្គ្រោះជាតិ​
លោក អ៊ុំ សំអាន​ សមាជិកសភាគណបក្សសង្គ្រោះជាតិ​
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​ថ្ងៃ​តែមួយ​តែម្តង ដែល​លោក​អ៊ុំ សំអាន បាន​សរសេរ​លិខិត​សុំ​ការ​អធ្យាស្រ័យ និង អត់អោន​ពី​លោក​ហេង សំរិន។ លោក ហេង សំរិន ដែល​មួយថ្ងៃ​បន្ទាប់ ពោល គឺ​នៅ​ថ្ងៃ​សៅរ៍​នេះ បានផ្តល់​ការ​អធ្យាស្រ័យ​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ដោយបាន​បញ្ជាក់ថា បញ្ចប់​រឿងរ៉ាវ​ត្រឹម​ការដាក់ទណ្ឌកម្ម​ខាង​វិន័យ។ លិខិត​របស់លោក​អ៊ុំ សំអាន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​លោក​ហេង សំរិន បានសម្រេច​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ដល់​រូបលោក​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។

យ៉ាងណាក៏ដោយ លោក​អ៊ុំ សំអាន បាន​ថ្លែង​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការសរសេរ​លិខិត​នេះ មិនមែន​លោក​សុំ​ឲ្យ​លើកលែង​ការដាក់ទណ្ឌកម្ម​ខាង​វិន័យ​នោះទេ ប៉ុន្តែ​លោក​ចង់​បញ្ចប់​រឿងរ៉ាវ​ប្តឹងផ្តល់​គ្នា​រវាង​លោក និង លោក​ហេង សំរិន ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​តុលាការ​ជាដើម។
សូម​រំលឹក​បន្តិច​ថា  កាលពី​ថ្ងៃ​សុក្រ លោក​ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា បានសម្រេច​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ដល់​លោក​អ៊ុំ សំអាន ដោយ​កាត់​ប្រាក់​បំណាច់​ប្រចាំខែ៥០ភាគរយ​រយៈពេល​ពីរ​ខែ និង ប្រកាស​ផ្សាយ​ជា​សាធារណៈ​នូវ​សម្រង់​កំណត់ហេតុ​បន្ទោស ព្រមទាំង​យកទៅ​បិទ​នៅ​គ្រប់​ឃុំ​ក្នុង​មណ្ឌល​ខេត្តសៀមរាប​ទៀតផង។ អ្វីដែល​ធ្ងន់ធ្ងរ​ជាងនេះទៀត​នោះ គឺ​ហាម​មិន​ឲ្យ​លោក​ចូលរួម​ប្រជុំ​សភា​ក្នុង​វេលា១៥ពេល​បន្តបន្ទាប់។

មូលហេតុ​នៃ​ការដាក់ទណ្ឌកម្ម​នេះ គឺ​បន្ទាប់ពី​លោក​អ៊ុំ សំអាន តាមរយៈ​បណ្តាញ​ហ្វេ​ស​ប៊ុ​កបាន​បរិហារ​លោក​ហេង សំរិន ដោយ​ពាក្យសម្តី​មិន​សមរម្យ​ចំពោះ​ការបដិសេធ​មិន​ស៊ី​ញ៉េប​ញ្ជូ​ន​លិខិត​អ្នកតំណាងរាស្ត្រ​ពាក់​ព​ន្ធ័​រឿង​ព្រំដែន​ទៅកាន់​រដ្ឋាភិបាល ។ បន្ថែម​លើ​នេះ លោក​អ៊ុំ សំអាន ក៏បាន​ព្រមាន​ប្តឹង​ប្រធានរដ្ឋសភា ទៅ​ក្រុមប្រឹក្សាធម្មនុញ​ទៀតផង ចំពោះ​ការបដិសេធ​នេះ។ ទង្វើ​នេះ ត្រូវបាន​រដ្ឋសភា​ចាត់​ទុក​ថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្យានុភាព​រដ្ឋសភា និង​ជាការ​ជេរប្រមាថ​មើលងាយ​ប្រធានរដ្ឋសភា។

លោក​អ៊ុំ សំអាន បាន​លើកឡើងថា ការដាក់វិន័យ​ដោយ​កាត់​ប្រាក់ខែ ឫ​ប្រាក់ឧបត្ថម្ភ​ជាដើម​នោះ មិនមែនជា​បញ្ហា​នោះទេ​សម្រាប់​រូបលោក។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា រដ្ឋសភា​ហាម​មិន​ឲ្យ​លោក​ចូលរួម​ប្រជុំ​ដល់​ទៅ១៥ ពេល​ឯណោះ។ តំណាងរាស្ត្រ​បក្សប្រឆាំង​ប្រចាំ​មណ្ឌល​ខេត្តសៀមរាប​រូបនេះ បាន​ត្អូញត្អែរថា ការដាក់វិន័យ​នេះ អាចធ្វើ​ឲ្យ​លោក​មិនបាន​ចូលរួម​ប្រជុំ​សភា​រហូតដល់​ចប់​អាណត្តិ​ឫ​នៅ​ចុង​អាណត្តិ​ក៏​ថា​បាន។ នេះ​គឺ​ដោយសារ​រដ្ឋសភា​ក្នុង១ឆ្នាំ​ចូល​កង៦ខែ និង វ៉ា​កង៦ខែ ពោលគឺ​សភា​អាច​ប្រជុំ​ក្នុងអំឡុងពេល៦ខែ​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ ហើយ​ក្នុង១ខែ ៗ សភា​អាច​ប្រជុំ​បានតែ១ពេល​ទៅ៣ពេល ជួនកាល​អត់​មាន​ប្រជុំ​សោះ​ក៏មាន ខណៈដែល​ការបោះឆ្នោតជាតិ​អាណត្តិ​ក្រោយ​នៅសល់​ជាង២ឆ្នាំ​ទៀត​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ