រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក(VOA)ដំណើរការដោយស្របច្បាប់
ក្រសួងព័ត៌មានកាលពីថ្ងៃទី៥ខែមិថុនា បានសម្រេចទទួលស្គាល់ការិយាល័យវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅប្រទេសកម្ពុជា ដោយមានលោក Christopher Service Decherd ជនជាតិអាមេរិកជាតំណាងស្របច្បាប់។ ការសម្រេចទទួលស្គាល់នេះ គឺធ្វើឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងមន្ត្រីតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា រួមជាមួយនិងមន្ត្រីទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលកាលពីពេលថ្មីៗនេះ នៅភ្នំពេញ។
ចុះផ្សាយនៅថ្ងៃ៖
ប្រកាសរបស់ក្រសួងព័ត៌មាន ដែលបានទទួលស្គាល់ការិយាល័យសម្លេងសហរដ្ឋអាមេរិក (VOA) ប្រចាំកម្ពុជា បានធ្វើឡើងដោយភ្ជាប់នូវការណែនាំ នៅក្នុងប្រការមួយចំនួន ក្នុងនោះមានការរិយាល័យសម្លេងសហរដ្ឋអាមេរិក និងអ្នកតំណាងស្របច្បាប់ ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ជា កិច្ចសន្យា និងសេចក្តីណែនាំនានាពាក់ព័ន្ធវិស័យព័ត៌មាន និងសោធទស្សន៍នៃប្រទេសកម្ពុជា។ ករណីប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។
ប្រកាសរបស់ក្រសួងព័ត៌មាន ក៏បានបញ្ជាក់ពីសុពលភាពផងដែរ គឺមានរយៈពេល១ឆ្នាំ ព្រមទាំងត្រូវជូនដំណឹងទៅក្រសួងព័ត៌មាន រាល់ការផ្លាស់ប្តូរព័ត៌មានពីទីតាំងការិយាល័យ និង/ឬអ្នកតំណាងស្របច្បាប់។ នៅមិនទាន់មានអត្ថាធិប្បាយពីសំណាក់លោក Christopher Service Decherd តំណាងការិយាល័យ VOA ក៏ដូចជាតំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា លោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃទីភ្នាក់ងារអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល(US Agency for Global Media ) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ្ញារីទ្ធ ដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា និងពិភាក្សាការងារអំពីនីតិវិធីនៃការបើកការិយាល័យ VOA ជាខេមរភាសាផ្លូវការប្រចាំនៅកម្ពុជា។
សូមរំលឹកដែរថា កាលពីឆ្នាំ២០១៧កន្លងទៅ បញ្ហាពន្ធដារ បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមរិកទាំងពី VOA និងវិទ្យុអាស៊ីសេរី រួមទាំងកាសែត The Cambodia Daily ប្រឈមនឹងការបិទទ្វារ ដោយវិទ្យុអាស៊ីសេរី និងកាសែត The Cambodia Daily បានប្រកាសបិទទ្វារដោយខ្លួនឯង ខណៈវិទ្យុសម្លេង សហរដ្ឋអាមេរិក បានដំណើរការធម្មតា ក៏ប៉ុន្តែមិនត្រូវបានអនុញ្ញាតឲ្យធ្វើការចាក់ផ្សាយ ដោយជួលម៉ោងពីវិទ្យុក្នុងស្រុកនោះទេ។ រដ្ឋាភិបាលកម្ពុជាកន្លងមក ធ្លាប់បានបញ្ជាក់រួចមកហើយថា វិទ្យុទាំងពីរនេះអាចបើកការិយាល័យនៅកម្ពុជាបាន ដរាបណាពួកគេគោរពកាតព្វកិច្ចសារពើពន្ធជាមុនសិន និង ត្រូវចុះបញ្ជីតាមច្បាប់របស់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ