ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/04 12h00 GMT
កម្ពុជា

លោកវ៉ែន វ៉ន ​ប្រកាស​មិន​ប្តូរ​ឆន្ទៈ​ការពារ​តំបន់​អារ៉ែង ​ក្រោយ​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​

media  
លោកវ៉ែន វ៉ន ​សកម្មជន​ការពារ​តំបន់​អាវ៉ែង​ @Ven Vorn Facebook Page

នៅម៉ោង​ប្រមាណ​៤ ​រសៀល​នេះ ​សកម្មជន​ការពារ​តំបន់​អារ៉ែង​លោក វ៉ែន វ៉ន​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ខេត្ត​កោះកុង​ហើយ។​ ការ​ដោះលែង​នេះ ​គឺ​អនុវត្ត​ទៅតាម​សាលក្រម​របស់​តុលាការ​ខេត្ត​កោះកុង​ដែល​បាន​ប្រកាស​នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ក្រោយ​ពី​ត្រូវ​បាន​ដោះលែង ​លោក​វ៉ែន វ៉ន​ បាន​ប្រកាស​ថា ​លោក​​នៅតែ​បន្ត​ឆន្ទៈ​ការពារ​តំបន់​អារ៉ែង​ត​ទៅ​ទៀត​។​

​បន្ទាប់ពី​​ត្រូវ​បាន​ដោះលែង​ចេញពី​​ពន្ធនាគារ​ភ្លាម ​លោក​វ៉ែន វ៉ន ​សកម្មជន​ការពារ​តំបន់​អារ៉ែង​បាន​ថ្លែង​បញ្ជាក់​ប្រាប់​វិទ្យុបា​រាំង​អន្តរជាតិ​ថា ​លោកនឹង​មិន​ផ្លាស់​ប្តូរ​ឆន្ទៈ​ក្នុង​ការ​ការពារ​តំបន់​អាវ៉ែង ​និង​ធនធាន​ធម្មជាតិ​ផ្សេងទៀត​នៅក្នុង​ខេត្ត​កោះកុង​នោះទេ​។ ​លោក​បញ្ជាក់​បន្ថែម​ថា​ ការ​លះបង់​របស់​លោក ​គឺដើ​ម្បី​ផល​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តកោះកុង​ទាំង​អស់​ ក៏​ដូចជា​ប្រជាពលរដ្ឋ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ផងដែរ​។

ជា​ជនដើម​ភាគតិច​ជង ​លោក​វ៉ែន វ៉ន​ ត្រូវបាន​តុលាការ​ខេត្តកោះកុង​ប្រកាស​សាលក្រម​នៅ​ព្រឹក​ថ្ងៃទី៣ ​មីនា ​ដោយ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយឆ្នាំ​ ប៉ុន្តែ​ទោសនេះ​ត្រូវ​បាន​ព្យួរ​។ ​តែ​ទោះ​យ៉ាង​ណាក្​តី លោកវ៉ែន វ៉ន ​បាន​ជាប់​ពន្ធនាគារ​ខេត្តកោះកុង​ចំនួន​៤ខែ ​២៥ ​ថ្ងៃ​ មក​ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ​។ ​ទោះបី​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ក៏ប៉ុន្តែ​ទាំង​លោក​វ៉ែន វ៉ន ​មេធាវី​ការពារក្តី​ ព្រម​ទាំង​សង្គម​ស៊ីវិល​សុទ្ធតែ​បាន​លើកឡើង​ថា​ នេះ​មិនមែន​ជា​យុត្តិធម៌​ពេញលេញ​នោះទេ​។ ​មិន​ពេញលេញ ​ក៏​ព្រោះថា ​លោកវ៉ែន វ៉ន ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស ​ដូច​ការ​ចោទ​ប្រកាន់ ​និង​ផ្តន្ទាទោស​របស់​តុលាការ​នោះទេ​។

សូម​បញ្ជាក់ថា ​លោកវ៉ែន វ៉ន ​សកម្មជន​ការពារ​តំបន់​អាវ៉ែង​ និង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ផ​ង​នោះ​ ត្រូវបាន​តុលាការ​ខេត្តកោះកុង​ចាប់ខ្លួន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​ខេត្ត​ កាល​ពី​ថ្ងៃ​ទី៧ ​ខែ​តុលា ​ឆ្នាំ​២០១៥ ​ក្រោម​បទចោទ​ចំនួន​២ ​គឺការ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ និង​បទ​លុបបំ​បាត់​វត្ថុតាង​។ ​បទចោទ​ទាំង​នេះ​ធ្វើឡើង ​បន្ទាប់​ពី​លោក​បាន​បញ្ជា​ទិញ​ឈើ​ធ្វើ​ផ្ទះ​សហគមន៍​ ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​នៅក្នុង​តំបន់​អារ៉ែង​។ ​ប៉ុន្តែ​ក្រោយ​មក​ តុលាការ​បាន​ទម្លាក់​ចោល​បទចោទប្រកាន់​លុបបំបាត់​វត្ថុតាង​មក​លើ​រូបលោក​។ ​ដូច្នេះ ​ការ​កាត់​ទោស​ដោយ​ព្យួរទោស​នៅ​ពេលនេះ ​គឺ ​ធ្វើឡើង​តែ​លើ​បទចោទ​ប្រកាន់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​តែ​ប៉ុណ្ណោះ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ