អានតួអត្ថបទ
កម្ពុជា-ច្បាប់

អាជ្ញាធរខេត្ត​កំពង់ឆ្នាំង៖ ជនជាតិ​វៀតណាម​ជាង​២០០០​គ្រួសារ​ផ្លាស់​ទី​ឡើង​លើ​គោក​ជិត​អស់​ហើយ

អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអះអាងនៅថ្ងៃពុធទី១០តុលានេះថា ជនជាតិ​វៀតណាម​ដែល​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេ​សាប​ជាង​២០០០គ្រួសារ បាន​ផ្លាស់ទី​ឡើង​មក​រស់​នៅ​លើ​គោក​ស្ទើរ​តែ​ស្រុង​ហើយ គិត​មក​ដល់​ថ្ងៃនេះ។ គ្រួសារ​ដែល​នៅ​សេសសល់ នឹង​ចាប់​ផ្ដើម​ឡើង​គោក​ជា​បន្ត​បន្ទាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក ពោល​គឺ​ក្រោយពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​បិទ​បញ្ចប់។

រូបភាព៖ មួយ​ផ្នែក​នៃ​ការ​រស់​នៅ​របស់ជន​ជាតិ​វៀតណាម​ក្នុង​ខេត្ត​កំពង់​ឆ្នាំ
រូបភាព៖ មួយ​ផ្នែក​នៃ​ការ​រស់​នៅ​របស់ជន​ជាតិ​វៀតណាម​ក្នុង​ខេត្ត​កំពង់​ឆ្នាំ @សហការី
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ខេត្ត​កំពង់​ឆ្នាំង ចំណាយ​ពេល​១០​ថ្ងៃ​គត់ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី​០១​ដល់​ថ្ងៃ​ទី​១០​ខែ​តុលា ដើម្បី​ផ្លាស់​ទី​ជនជាតិ​វៀត​ណាម​ជាង​២០០០​គ្រួសារ​នៅ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​បឹង​ទន្លេសាប ឡើង​មក​រស់​នៅ​លើ​គោក។ នេះ​បើ​តាមលោក ស៊ុន សុវណ្ណរិទ្ធ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង​។ បើ​តាម​លោក​អភិបាល​រង​ខេត្ត ជន​ជាតិ​វៀតណាម​ជាង២០០០​គ្រួសារ​នេះ ផ្លាស់​ទី​ចេញ​ពី​គោល​ដៅ​ចំនួន​៦​នៅ​ទូទាំង​ខេត្ត​កំពង់​ឆ្នាំង រួមមាន៖ ឃុំ​ឆ្នុកទ្រូ ឃុំ​កំពង់ប្រាសាទ ស្រុក​កំពង់​លែង និង​ក្រុង​កំពង់​ឆ្នាំង​ជាដើម។

សម្រាប់​​ក្រុង​កំពង់ឆ្នាំង​ មាន​ជនជាតិ​វៀតណាម​ ៩៩៦ គ្រួសារ​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ ដែល​ត្រូវផ្លាស់ទៅ​រស់នៅ​លើ​ដី​ទំហំ​ជាង​ ៤០ ​ហិកតា​ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដែល​អាជ្ញាធរ​ខេត្ត​បាន​សុំ​ធ្វើ​អនុបយោគ​​ពី​រាជរដ្ឋាភិបាល​ ដោយកាត់​ចេញ​ពី​តំបន់​ដី​លិច​ទឹក។ ក្នុងនោះ ជន​ជាតិ​វៀតណាម​មួយ​ចំនួន សុំ​ស្នាក់​នៅ​បណ្ដោះ​អាសន្ននៅ​លើ​ទឹក​សិន​ ទម្រាំ​ដល់​អាជ្ញាធរ​រៀប​ចំ​រចនា​សម្ព័ន្ធ​នៅ​លើ​គោក​រួច​រាល់។

ទាក់​ទង​រចនា​សម្ព័ន្ធ លោក ស៊ុន សុវណ្ណរិទ្ធ គូស​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​សហការ​រៀប​ចំ​បណ្ដើរៗ​ជា​មួយសមាគម​វៀតណាម​នៅ​កម្ពុជា​ដោយ​មាន៖ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាត បណ្ដាញអគ្គិសនី និងផ្លូវថ្នល់ជាដើម។

សូមបញ្ជាក់ថា ការ​ផ្លាស់​ទី​ជនជាតិ​វៀតណាម​ឡើង​មក​នៅ​លើ​គោក​នេះ ស្ថិត​នៅ​ក្នុង​ផែន​ការ​ការងារ​៥​ឆ្នាំ​របស់ខេត្តកំពង់​ឆ្នាំង ចាប់​ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៩។ ក្រោយ​ប្រតិ​បត្តិ​ការ​​ផ្លាស់ទី​បិទ​បញ្ចប់​ទាំង​ស្រុង អាជ្ញាធរ​នឹងចាប់​ផ្ដើម​សំអាត​បរិស្ថាន​តំបន់​បឹង​ទន្លេសាប មុន​នឹង​កែ​ច្នៃ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ តាមរយៈការ​ចិញ្ចឹម​ត្រី។

ជា​ការ​កត់​សម្គាល់ វត្ត​មាន​របស់​ជន​ជាតិ​វៀត​ណាមរាប់ពាន់គ្រួសារនៅ​លើ​បឹង​ទន្លេ​សាប ដែល​ជា​ជង្រុក​ត្រី​របស់​ខ្មែរ​រាប់​ទសវត្សរ៍​មក​ហើយ​នោះ ត្រូវ​បាន​អង្គ​ការ​សង្គម​ស៊ីវិលរិះ​គន់​ថា បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ផល​ប្រយោជន៍​ធន​ធាន​ធម្មជាតិ​របស់​ខ្មែរ តាម​រយៈ​ការ​បោះ​កាក​សំណល់​ចោល​ទៅ​ក្នុង​ទឹក ការ​បង្ហៀរ​ប្រេង​ម៉ាស៊ីន​កាណូតជា​រៀង​រាល់​ថ្ងៃ និង​ការ​បំពុល​បរិស្ថាន​​ផ្សេងៗ​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ