អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​​សង្គមកិច្ច​​ត្រូវ​បាន​​អ្នក​តំណាងរាស្ត្រ​​កោះហៅ​​ឱ្យ​ទៅ​​បំភ្លឺ​​រឿង​​ជនពិការ​

គណៈកម្មការ​​សង្គម​កិច្ច​​នៃ​​រដ្ឋសភា ​ដែល​​ដឹកនាំ​​ដោយ​​អ្នកស្រី ​កែ សុវណ្ណ​រតន៍ បាន​​កោះហៅ​​លោក វ​ង សូត្រ ​រដ្ឋមន្ត្រីក្រសួង​​សង្គមកិច្ច ​ឱ្យ​ទៅ​​បំភ្លឺ​​នៅ​​រសៀល​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​អំពី​​បញ្ហា​​ជន​ពិការ​។ ​អ្នកស្រី ​កែ សុវណ្ណរតន៍​ បាន​​អះអាង​​អំពី​​ចំណុច​​លម្អិត​​នា​នា ​ដែល​​សមាជិក​​គណៈកម្មកា​រ​​ទី៨​នៃ​​រដ្ឋសភា​​ចង់​​ស្តាប់​ ព្រមទាំង​​បាន​បង្ហាញ​​សេចក្តី​​សង្ឃឹម​ថា ​ជនពិការ​​នៅ​តាម​​មណ្ឌល​​នឹង​​ទទួល​បាន​​ការ​យក​ចិត្ត​​ទុកដា​ក់​​ពី​រដ្ឋាភិបាល​​ប្រសើរ​​ជាង​​បច្ចុប្បន្ន​។​

ជនពិការ​កម្ពុជា
ជនពិការ​កម្ពុជា © សុខលីម
ផ្សាយពាណិជ្ជកម្ម

 

ជនពិការ​នៅ​កម្ពុជា​អាច​សប្បាយចិត្ត ប្រសិនបើ​ការកោះហៅ​រដ្ឋមន្ត្រី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ឱ្យទៅ​បំភ្លឺ​នៅ​ចំពោះមុខ​គណៈកម្មការ​រ​ដ្ឋ​សភាជាតិ នឹងធ្វើ​ឱ្យលក្ខខណ្ឌ​ជីវិត​របស់ខ្លួន​បាន​ប្រសើរ។

អ្នកស្រី កែ សុវណ្ណ​រតន៍ ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការនារី បាន​ប្រាប់​ឱ្យដឹងថា ការអញ្ជើញ​លោក វង សូត្រ ឱ្យចូល​បំភ្លឺ​អ្នកតំណាងរាស្ត្រ មាន​គោលបំណង​បីធំ។ គណៈ​កម្មការ​ទី៨នៃ​រដ្ឋសភា​នេះ ចង់​ស្តាប់​ជាពិសេស​អំពី​ការអនុវត្ត​ច្បាប់​ឆ្នាំ២០០៩ ស្តីអំពី​កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ បន្ទាប់មក​គឺ​អំពី​កញ្ចប់​ថវិកា​របស់​រដ្ឋ​សម្រាប់​ទ្រទ្រង់​ជនពិការ ហើយ​ចុងក្រោយ​គឺ​ដើម្បី​ស្នើឱ្យ​រដ្ឋមន្ត្រី​សង្គមកិច្ច​កែទម្រង់​ការ​គ្រប់គ្រង​មណ្ឌល​សម្រាប់​ជនអនាថា និង​ជនពិការ នៅ​ទូទាំងប្រទេស​កម្ពុជា។

អ្នកតំណាងរាស្ត្រ កែ សុវណ្ណ​រតន៍ ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ សង្ឃឹមថា លោក វង សូត្រ «នឹងត្រូវ​តែពិចារណា»រាល់​អនុសាសន៍​របស់​គណៈកម្មការ​ជំនាញរ​បស់​អ្នកស្រី បន្ទាប់ពី​កិច្ចប្រជុំ​នោះ ព្រោះ​អ្នកស្រី​បញ្ជាក់៖ «វា​ជា​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​ប្រទេស​ទាំងអស់គ្នា»។

ការកោះហៅ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា គឺធ្វើឡើង​បន្ទាប់ពី​អ្នកតំណាងរាស្ត្រ​បានធ្វើ​អង្កេត​លើ​មជ្ឈមណ្ឌល​ព្រៃ​ស្ពឺ នៅ​ជាយ​រាជធានី​ភ្នំពេញ ដែល​បាន​ប្រមូល​ជនអនាថា​ឱ្យទៅ​ស្នាក់នៅ​ទីនោះ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​អ្នកស្រី កែ សុវណ្ណ​រតន៍ ដែល​បានបញ្ជាក់​បន្ថែមថា នៅ​ទីនោះ របប​អាហារ​សម្រាប់​ជនពិការ​ម្នាក់​គឺ​តែ១៥០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហើយ​ជនពិការ​ខ្វះ​ការថែទាំ​សុខភាព និង​ការបណ្ដុះបណ្តាល​វិជ្ជាជីវៈ។ ទន្ទឹមនឹង​នេះដែរ អ្នក​តំ​ណា​រាស្ត្រ​រូបនេះ​ក៏បាន​សង្កេតឃើញ​ផងដែរ​ថា ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ច​គាំពារ និង​លើកកម្ពស់​សិទ្ធិ​ជនពិការ​ប​ច្ច​ប្បន្ន​គឺ​មិនទាន់​ពេញលេញ ជាពិសេស​ខ្វះ​ការបង្កើត​ផ្លូវ​សម្រាប់​សម្រួលការ​ធ្វើដំណើ​រ​របស់​ជនពិការ ខ្វះ​ការលើកទឹកចិត្ត​ឱ្យ​ជនពិការ​ទទួល​បានកា​រងារ​ធ្វើ​នៅក្នុង​ក្រុមហ៊ុន​ឯកជន ព្រមទាំង​ខ្វះ​ការគោរព​សិទ្ធិ​ជនពិការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ