អានតួអត្ថបទ
កម្ពុជា

​គម្រោង​យុត្តិធម៌​ពិភពលោក​៖ ​កម្ពុជា​ស្ថិត​នៅ​ជិត​បាត​តារាង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ពិភពលោក​

ចំណាត់ថ្នាក់​យុត្តិធម៌របស់​កម្ពុជា គិតក្នុង​ឆ្នាំ ២០១៧​ និង ២០១៨ ស្ថិត​នៅ​ជិត​បាត​តារាង ពោល​ជាប់​លេខ​ចំណាត់​ថ្នាក់ទី ១១២ ក្នុងចំណោម​ ១១៣ប្រទេស ។ នេះ​បើ​តាម​របាយការណ៍​ស្រាវ​ជ្រាវ​ របស់​គម្រោង​យុត្តិធម៌​ពិភពលោក ឬ World Justice Project របស់​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​។ សម្រាប់​ក្រសួង​យុត្តិធម៌​កម្ពុជា​ មានការ​ប្រយ័ត្ន​ប្រយែង​ក្នុង​វាយ​តម្លៃ​លើ​របាយការណ៍នេះ ដោយត្រូវការ​ពេល​សិក្សា​បន្ថែម។ ទោះ​ជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​បាន​អះអាង​ថា​ កម្ពុជា​បាន​ធ្វើ​ការ​កែទម្រង់​ច្រើន​ហើយ​​លើ​ប្រព័ន្ធ​យុត្តិធម៌នេះ។ 

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

យោង​តាម​របាយការណ៍ World Justice Project ប្រទេស​ដែល​មាន​ចំណាត់ថ្នាក់​ទាប​ជាង​គេ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ពិភពលោក​ គឺ វេណេ​ហ្សុយ​អេឡា ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១១៣ និង​តាម​ពីក្រោយ​ដោយ​ប្រទេសកម្ពុជា ដែល​ស្ថិត​នៅ​លេខ​រៀង​ទី ១១២ ខណៈ​អាហ្វហ្កា​នី​ស្ថាន ស្ថិត​នៅ​លេខ​រៀង​ទី ១១១។ ចំណែក​ប្រទេស​ដែល​មាន​យុត្តិធម៌​ពេញ​លេញ ទទួលបាន​ចំណាត់​ថ្នាក់​លេខ១ គឺប្រទេស​ដាណឺម៉ាក​។​

សម្រាប់​ក្រសួង​យុត្តិធម៌​កម្ពុជា​ តាមរយៈ​អ្នកនាំ​ពាក្យ មានការ​ប្រយ័ត្ន​ប្រយែង​ក្នុង​វាយ​តម្លៃ​លើ​របាយការណ៍នេះ ដោយត្រូវការ​ពេល​សិក្សា​បន្ថែម ថាតើរបាយការណ៍​នេះ​ធ្វើ​វាយ​តម្លៃ​ផ្អែក​លើ​កត្តាអ្វីខ្លះ។ ទោះជាយ៉ាងណា លោក ជិន ម៉ាលីន បានអះអាងថា​ កម្ពុជាបានធ្វើ​ការ​កែទម្រង់​ច្រើន​ហើយ​​លើ​ប្រព័ន្ធ​យុត្តិធម៌នេះ ត្បិតតែនៅមានការ​ខ្វះ​ចន្លោះខ្លះ។

បើតាមរបាយការណ៍​គម្រោង​យុត្តិធម៌ពិភពលោក មូលហេតុ​ដែល​កម្ពុជានៅមានចំណាត់ថ្នាក់ទាបលើ​ប្រព័ន្ធ​យុត្តិធម៌ គឺ​មកពីរដ្ឋាភិបាល​នៅ​តែ​ប្រើ​ឥទ្ធិ​ពល​ទៅ​លើ​ប្រព័ន្ធតុលាការ ជាពិសេសរឿងក្តី​ធំៗទាក់ទង​នឹង​នយោបាយ។

ចំណុចនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បកស្រាយ​ថា កម្ពុជាមិនបាន​បែង​ចែក​ប្រភេទ​រឿង​ក្តីឬតូចនោះទេ ដោយអះអាងថា ឲ្យតែអ្នកណាប្រព្រឹត្តខុស​ច្បាប់ គឺនឹង​ត្រូវ​ទទួល​ទោសតែ​ទាំងអស់។ តែ​លោកបានរិះគន់​ទៅ​លើ​របាយការណ៍នោះថា​ ច្រើន​តែ​សន្និដ្ឋាន​ដោយ​លំអៀង​ទៅរក​អង្គការ​សង្គម​ស៊ីវិល ឬគណបក្សដែលពួកគេគាំទ្រ។

សូមរំឭកថា កាលពីឆ្នាំ២០១៦ របាយការណ៍​របស់គម្រោង​យុត្តិធម៌​ពិភពលោក​ដដែលក៏​បាន​ធ្វើ​ការ​វាស់​ស្ទង់​ពី​នីតិរដ្ឋ​ និងយុត្តិធម៌នៅកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី​១១២ នៃប្រទេសសរុបចំនួន១១៣ ដូចពេលនេះដែរ ពោល​នៅ​លើតែ​ប្រទេស​វ៉េណេស៊ុយអេឡា​តែ​មួយ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ