អានតួអត្ថបទ
កម្ពុជា-ច្បាប់

កម្មករ​២៥​នាក់​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរណ៍​នៅ​កំពង់​ស្ពឺ

កម្មករ​និយោជិត​យ៉ាង​ហោច​ណាស់​២៥​នាក់ បានរង​របួស​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៩​មិថុនា​នេះ នៅ​ក្នុង​ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ។ ក្នុង​នោះមាន​កម្មករ​៩​នាក់​រង​របួសធ្ងន់​ ខណៈ​កម្មករ​៤នាក់ បាន​បញ្ជូន​មក​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជធានីភ្នំពេញ។ ប្រឈម​បញ្ហា​នេះ សហជីព​ជំរុញ​ឲ្យ​ក្រសួង​ការងារ ផ្ដល់​មធ្យោបាយ​ធ្វើ​ដំណើរ​ដល់​កម្មករ ដើម្បី​ចូល​រួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

រូបភាពៈ រថយន្ត​ដែល​បាន​បើក​ប៉ះ​គ្នា​ធ្វើ​ឲ្យ​កម្មករ​២៥​នា​ក់រ​បួស​ធ្ងន់​ស្រាល នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៨
រូបភាពៈ រថយន្ត​ដែល​បាន​បើក​ប៉ះ​គ្នា​ធ្វើ​ឲ្យ​កម្មករ​២៥​នា​ក់រ​បួស​ធ្ងន់​ស្រាល នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០១៨ @FB ប.ស.ស
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ខ្សាច់​ធុន​ធំ​ប៉ះ​គ្នា និង​រថយន្ត​ដឹក​កម្មករ​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​៦​និង​១០នាទី ព្រឹក​ថ្ងៃ​សៅរ៍​ទី​៩​មិថុនា​នេះ។ ក្នុង​ចំណោម​កម្មករ​៣០​នាក់​ជិះ​ក្នុង​រថយន្ត គឺ​មាន​កម្មករ​២៥​នាក់​បាន​រង​របួស​ធ្ងន់ស្រាល ដែល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក ខេត្ត​កំពង់ស្ពឺ។ ភ្លាម​ៗ ក្រសួង​ការងារ បាន​ចូលរួម​សោកស្ដាយ​ចំពោះ​ហេតុការណ៍​នេះ ដោយសន្យា​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​របស់​កម្មករ-កម្មការិនី។

ប្រឈម​បញ្ហានេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​សេរីកម្មករ មាន​យោបល់​ថា ក្រសួង​​ការងារ និង​ដៃ​គូ​ពាក់ព័ន្ធ​គួរ​បន្ត​គិតគូរ​លើ​បញ្ហា​នេះ​ឡើង​វិញ តាម​រយៈ​ការ​ដាក់ចេញ​វិធាន​ការណ៍ ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ វិធាន​ការណ៍​ដែល​លោក ប៉ាវ ស៊ីណា​គិត​ថា ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន​នោះ គឺ​ការ​ផ្ដល់​មធ្យោ​បាយដឹក​ជញ្ជូន​ប្រកប​ដោយ​ស្តង់​ដា និងសុវត្ថិភាព។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ប្រាប់​​វិទ្យុ​បារាំង​អន្ដរជាតិ​ថា កន្លង​មក​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​អប់​រំ​អ្នក​បើក​រថយន្ត​ពីច្បាប់​ចរាចរណ៍ និង​បន្ត​សកម្មភាព​ដដែល​នេះ ហើយ​ថែម​ទាំង​ជំរុញ​ទៅ​កម្មករ ឲ្យ​ជួយរម្លឹក​អ្នក​បើកបរ​ពី​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ។ តាមរយៈ​សកម្មភាព​ទាំង​នេះ លោក ហេង សួរ អះអាង​ថា ករណី​គ្រោះថ្នាក់​ចរារណ៍​កើត​ឡើង​ចំពោះ​កម្មករ​នៅ​ក្នុង​១​ឆមាសឆ្នាំ​២០១៨ មាន​ការ​ថយ​ចុះ​រហូត​ដល់​៤០​ភាគរយ​បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ២០១៧​។ ហើយ​ទាក់ទង​ចំនួន​មនុស្ស​ស្លាប់​និង​របួស​វិញ បើ​គិត​ត្រឹម​៥​ខែ​ដើម​ឆ្នាំ២០១៨​នេះ គឺ​មាន​កម្មករ​៦៩៨​នាក់​របួស និង​១០​នាក់​បាន​ស្លាប់ ខណៈ​រយៈ​ពេល​ដូច​គ្នានៅ​ឆ្នាំ​២០១៧ អ្នក​របួស​មាន​ចំនួន ១៤៩៩ និង​ស្លាប់ ២៤នាក់៕

 

 

 

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ