ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT
កម្ពុជា

ធនាគារ​ពិភព​លោក​ព្រ​មាន​ពី​ការ​បន្ត​ធ្លាក់​ចុះ ​នៃ​ចំណាត់​ថ្នាក់​ការ​ធ្វើ​អា​ជី​វ​កម្ម​នៅ​កម្ពុជា​

media កិច្ចប្រជុំធនាគារពិភពលោក @សហការី

ធនាគារ​ពិភព​លោក ឬ World Bank កាល​ពី​ចុង​​ខែ​តុលា បាន​បញ្ចេញ​របាយ​ការណ៍​របស់​ខ្លួន​​ទាក់​ទង​នឹង​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​បរិយា​កាស​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​បណ្តា​ប្រទេស​នានា​លើ​ពិភព​លោក​ ក្នុង​នោះក៏​មាន​និយាយ​ពី​ការ​ធ្វើ​អាជីវ​កម្ម​នៅ​កម្ពុជា​ផងដែរ​។​ នៅ​កម្ពុជា​ នៅ​ឆ្នាំ​២០២០​ ខាងមុខ​ចំណាត់​ថ្នាក់​នៃ​ការ​ធ្វើ​អាជីវកម្ម​របស់​កម្ពុជា​នៅ​តែ​បន្ត​ធ្លាក់​ចុះ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩​នេះ​។​

យោង​តាម​របាយការណ៍​សិក្សា​ប្រចាំ​ឆ្នាំដែល​មាន​ឈ្មោះថា​« Doing Business 2020» ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២៤​តុលា ធនាគារ​ពិភព​លោក​ ឬ World Bank បាន​ដាក់​ចំណាត់​ថ្នាក់​បរិយា​កាស​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២០​ខាង​មុខ​គឺ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​រៀងទី​១៤៤ ក្នុង​ចំណោម​ប្រ​ទេស​១៩០​។ ​ជា​ចំណាត់​ថ្នាក់​មួយ​ដែល​បង្ហាញថា បរិយាកាស​នៃការធ្វើ​អាជីវកម្ម​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​បន្ត​ធ្លាក់​ចុះ​ពី​លេខ​រៀង​ទី​១៣៨ ដែល​ទទួល​បាន​នៅ​ឆ្នាំ២០១៩​នេះ​។

តាម​រយៈ​ការ​សិក្សានេះ គឺ​មាន​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ចំណាត់​ថ្នាក់​នៃ​ការ​ធ្វើ​អាជីវកម្ម​នៅកម្ពុជា​បន្ត​ធ្លាក់ចុះ នោះ​ដោយសារ​តែ នៅ​ពេលចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​អ្វីមួយ​ដំបូង​ត្រូវ​ចំណាយ​ដើម​ទុន​ ដើម្បីទទួល​បាន​ការ​ចុះបញ្ជី​អាជីវកម្ម​។​ លើសពី​នេះទៀត ក៏​មាន​កត្តា​ស្មុគស្មាញ​ជាច្រើន​ទៀត ដូចជា​នៅពេល​ចាប់​បើក​អាជីវកម្ម គឺ​តម្រូវ​ឲ្យ​សុំច្បាប់​សាងសង់​ឃ្លាំង​និង​ការគ្រប់​គ្រង​គុណ​ភាព​និង​សុវត្ថិភាព

ការ​ចំណាយ​ពេល​វេលាយូរ​ក្នុង​ការ​រត់​ការ​ផ្ទេរកម្ម​សិទ្ធិ​អចលនៈទ្រព្យ ការ​ប្រើពេល​យូរ​ក្នុង​ការ​ទូទាត់​ការ​បង់​ពន្ធ​របស់​ក្រុមហ៊ុន ជាពិសេស​ការ​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន​នៅពេល​កើត​ជម្លោះ​ពាណិជ្ជកម្ម​តាម​ផ្លូវ​ការ​តុលាការ​។ ភាព​ស្មុគស្មាញ​ទាំងនេះ បាន​ធ្វើ​ឲ្យអាជីវ​កម្ម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម(SME)​មួយ​ចំនួន​ត្រូវ​ទទួល​បរាជ័យ​ឬ​ការក្ស័យធន​តាំង​ពី​ចាប់​ផ្តើម​ដំណើរ​ការ​ដំបូង​។​ នេះបើ​តាម​ការសិក្សា​ដដែល​។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​វេទិកា​រវាង​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​ លើក​ទី១៨ កាលពី​ពាក់​កណ្តាល​ឆ្នាំនេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បាន​​ប្រកាស​ដាក់​ចេញ​កំណែ​ទម្រង់​ទ្រង់ទ្រាយ​ធំ​មួយ​មិន​ធ្លាប់​មាន​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​នៅកម្ពុជា។ ​យុទ្ធសាស្ត្រ​ចំនួន ១៧ ចំណុចនោះ​ រួមមាន ការ​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ទំនិញ​តាម​នាវា ថ្លៃ​សេវា​​កំពង់ផែ ការ​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី និង​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ផ្លូវ​ដែក ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ ការ​លើក​ទឹក​ចិត្ត​ផ្នែក​សារពើពន្ធ​ និង​ការ​តម្រូវ​ឲ្យ​ពន្លឿន​ការ​បញ្ចប់​​​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​វិនិយោគ​ និង​ច្បាប់​​ស្តីពី​តំបន់​សេដ្ឋកិច្ច​ផង​ដែរ​។​​ការ​កែ​សម្រួល​ទាំង​នេះ ​ដែល​បើ​តាម លោក ហ៊ុន សែន ​នឹង​ជួយ​សន្សំ​ការ​ចំណាយ​លើ​​ការ​ធ្វើ​អាជីវកម្ម​របស់​វិស័យ​ឯកជន​រហូត​ដល់​ ៤០០ លាន​ដុល្លារ​ក្នុង ​១ ​ឆ្នាំ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ