អានតួអត្ថបទ
កម្ពុជា

លោក​យឹម សុវណ្ណ​៖​​បោះឆ្នោត​​គឺ​​បញ្ចៀស​​​សង្គ្រាម​ ​មិនមែន​​បង្កើត​​សង្គ្រាម​​ទេ​

លោក​យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នកនាំពាក្យ​ផង បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ការបោះឆ្នោត គឺ​ដើម្បី​ជាការ​បញ្ជៀ​ស​សង្គ្រាម មិនមែន​បង្កើត​សង្គ្រាម​នោះទេ។ ទោះបី​ការលើកឡើង​នេះ​មិន​សំដៅទៅ​ចំ​អ្នកណា​ក្តី ក៏ប៉ុន្តែ​គេ​អាច​ដឹង​យ៉ាងច្បាស់​ថា វា​គឺជា​ការឆ្លើយតប​ទៅ​ការព្រមាន​ពី​កើតមាន​សង្គ្រាម​ជា​បន្តបន្ទាប់​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ
លោកយឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ @Yim Sovann Facebook
ផ្សាយពាណិជ្ជកម្ម

​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បេក្ខជន​ក្រុមប្រឹក្សា​សង្កាត់​របស់​គណបក្ស​ស​ង្គ្រោ​ជាតិ ប្រចាំរាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១៤ ឧសភា លោក​យឹម សុវណ្ណ បាន​គូសបញ្ជាក់​ដោយ​សម្តីម៉ាត់ៗដូច្នេះ​ថា បោះឆ្នោត​ត្រូវការ​ជីវិត បោះឆ្នោត​ត្រូវការ​សេរីភាព​និង​រក​មធ្យោបាយ​ដើម្បី​ស្វែងរក​សុភមង្គល​ជូន​គ្រួសារ មិនមែន​បោះឆ្នោត​ដើម្បី​សង្គ្រាម​ទេ។ លោក​យឹម សុវណ្ណ បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា បើ​ធ្វើសង្គ្រាម​ដដែល​គឺ​គេ​អត់​ចាំបាច់​រៀបចំ​ឲ្យ​មានការ​បោះឆ្នោត​ឡើយ ហើយ​តាំងតែ​ពី​ឆ្នាំ១៩៩៣រហូតមកដល់​ពេលនេះ ដោយសារតែ​ការបោះឆ្នោត​នេះហើយ​ទើបបានជា​មិនមាន​សង្គ្រាម​កើតឡើង។ ក្នុងន័យនេះ សម្រាប់​លោក​យឹម សុវណ្ណ ការបោះឆ្នោត គឺ​ដើម្បី​បញ្ជៀ​ស​សង្គ្រាម។

ការគូសបញ្ជាក់​របស់​លោក​យឹម សុវណ្ណ​នេះ បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែលជា​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្រមាន​ជាថ្មីទៀត​ពី​ការកើតមាន​សង្គ្រាម​នៅក្រោយ​ការបោះឆ្នោត។ កាលពី​ថ្ងៃទី១០ ឧសភា​កន្លងទៅ គឺ​នៅក្នុង​ពិធី​អបអរសាទរ​ខួប១០ឆ្នាំ​នៃ​ទិវា​អតីតយុទ្ធជន​កម្ពុជា លោក​ហ៊ុន សែន ដែល​មិនមែនជា​លើក​ទី១ បាន​ព្រមាន​ជាថ្មី​ថា បើ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដឹកនាំ​ប្រទេស​ទេនោះ សង្គ្រាម​នៅ​កម្ពុជា ប្រាកដជា​កើតមាន​ជាថ្មី។ បើតាម​លោកនាយក​រដ្ឋមន្ត្រី សង្គ្រាម​មិនមែន​កើតចេញ​តែ​មកពី​អាវុធ​នោះទេ តែ​ក៏​កើតចេញពី​មាត់​របស់​អ្នក​អប់រំ​នយោបាយ​ផងដែរ។

សម្រាប់​លោក​យឹម សុវណ្ណ ដែលជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ថា សង្គ្រាម​អាច​នឹង​កើតឡើង​បែបណា​បើ​ព្រះមហាក្សត្រ​មិន​ប្រកាសសង្គ្រាម​ផង ហើយ​ផ្ទុយទៅវិញ ព្រះអង្គ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថែមទៀត។

សូមបញ្ជាក់ថា ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហមុនី តាមរយៈ​ព្រះរាជសារ​មួយ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៅ​ថ្ងៃទី៤ មិថុនា ខាងមុខនេះ​ឲ្យគ្រប់ៗគ្នា ដោយ​កុំ​ឲ្យ​មាន​ព្រួយបារម្ភ​ពី​ការគាបសង្កត់ ការ​គម្រាមកំហែង ឫ​សម្លុត​ពី​ជនណាម្នាក់​ឫ​បក្ស​ណាមួយ​ឲ្យ​សោះ។ ព្រះមហាក្សត្រ ទ្រង់​ក៏​ថែមទាំង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​សិទ្ធិសេរីភាព​រប​ស់​ខ្លួន បោះឆ្នោត​ទៅតាម​សតិ​ស​ម្ប​ជ​ញ្ជៈ​ដែលមាន​ទំនុកចិត្ត​ទៅលើ​បេ​ក្ខ​ណា​ម្នាក់ និង​គណបក្ស​ណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ