អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក​ យន្ត​ មីន​ សុខ​ចិត្ត​លា​ចេញ​ពី​តំ​ណែង​ ខណៈ​លោក ​ញឹម​ វណ្ណដា​ ត្រូវ​បាន​ដក​ចេញ​ទាក់​ទង​រឿង​បាក់​អាគារ​នៅ​កំពង់​សោម​

នៅទី​​បំផុត​ លោក​ យន្ត​ មីន​ អភិ​បាល​​ខេត្ត​​ព្រះ​សីហនុ​ បាន​សុខ​​ចិត្ត​​ចុះ​​ចេញ​​ពី​​តំ​ណែង​​ហើយ​​ បន្ទាប់​​ពី​​មាន​ករណី​​រលំបា​ក់​​អាគារ​កម្ពស់​​៧​ជាន់ ​​ក្នុង​​ខេត្ត​ជាប់​​មាត់​​សមុទ្រ​មួយ​នេះ​។​ ជា​មួយគ្នា​នោះ ​លោក​ ញឹម ​វណ្ណដា​ អនុប្រធានទី១នៃ​​គណៈ​កម្មា​ធិការ​​ជាតិ​​គ្រប់​​គ្រង​​គ្រោះ​មហន្ត​រាយ​​ ក៏ត្រូវ​បាន​​ប្រមុខ​​រដ្ឋា​ភិបាល​​ដក​ចេញ​ពី​តំណែង​ផង​ដែរ​ បន្ទាប់​ពី​មាន​​ហេតុ​​ការ​ណ៍​រលំ​​បាក់​​អាគារ​​ដែល​​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​២៨​នាក់​ និង​​របួស​២៦នាក់​កាល​ពី​ថ្ងៃ​សៅរ៍​​។​

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ @FB
ផ្សាយពាណិជ្ជកម្ម

«លោក យន្ត មីន អភិបាលខេត្តព្រះ​សីហនុ​បាន​ទទួល​ស្គាល់​កំហុស​លើការ​គ្រប់​គ្រង​ក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួនដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។ គាត់​បាន​ស្នើ​មក​ខ្ញុំ​ដើម្បី​លាលែង​ចេញ​ពីអភិបាល​ខេត្ត​ព្រះសីហនុ»។​ នេះជា​​ការ​គូស​បញ្ជាក់​​របស់​​លោក​​នាយក​រដ្ឋ​មន្រ្តី​​ ហ៊ុន​ សែន ​នៅថ្ងៃច​ន្ទនេះ​ ពោល​តែពីរ​ថ្ងៃ​ក្រោយ​រលំបាក់​អាគារនៅ​ខេត្ត​ជាប់​សមុទ្រ​ដែលសំបូរ​ជន​ជាតិ​រស់​នៅនោះ​។​

ជាមួយ​គ្នានោះ លោក​ប្រមុខ​រដ្ឋាភិបាល​ក៏បាន​សម្រេច​ដក​ លោក ញឹម វណ្ណដា ចេញ​ពី​អនុប្រធាន​ទី១នៃ​គណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយផងដែរ ដែលបើតាម លោក ហ៊ុន សែន គឺមកពីលោក ញឹម វណ្ណដា ខ្វះការទទួលខុសត្រូវនិងភូតភរ។

ជាការកត់សំគាល់​ នេះជាលើកទី១​ហើយ​ដែលមន្រ្តីរដ្ឋាភិបាល​ត្រូវបានដក​ចេញ ឬ​សុខ​ចិត្ត​លាឈប់​ដោយ​ខ្លួន​ឯង​ដោយសារតែមានករណីមនុស្សស្លាប់និង​របួស​រាប់​សិប​នាក់​ដោយ​​ឧបទ្វហេតុ។

​បើតាម​ប្រមុខ​រដ្ឋាភិបាល លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នឹងត្រូវ​ប្តូរ​មក​ធ្វើ​ជា​អភិបាល​ខេត្តព្រះសីហនុវិញ តែនៅពេលនេះ លោក យន្ត មីន នៅបន្ត​ដឹក​នាំ​យុទ្ធនា​ការ​រុក​រក​និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការនិងអភិបាលខេត្តថ្មីចូលកាន់តំណែង។

ចំណែក លោក គន់ គីម អតីតនាយសេនាធិការចម្រុះ​នៃកង​យុទ្ធពល​ខេមរៈភូមិន្ទ ដែល​បច្ចុប្បន្ន​ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានតែងតាំង ជា​អនុប្រធាន​ទី​១ ​នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនួស លោក ញឹម វណ្ណដា។ ប៉ុន្តែ លោក ញឹម វណ្ណដា ក៏ត្រូវបានតែងតាំង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ឋានៈ​ស្មើ​ទេស​រដ្ឋ​មន្រ្តី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ