អានតួអត្ថបទ
កម្ពុជា

ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​បិទ​កម្មវិធី​ចម្រុះ​ ABC 3 Spring របស់​អាចារ្យ​ A

 នៅ​ថ្ងៃនេះ ក្រសួង​ព័ត៌មាន បានបញ្ជា​ឲ្យ​បិទ​កម្មវិធី​ចម្រុះ​ ABC 3 Spring របស់​អាចារ្យ​ A។ ជា​ការ​ចេញ​បញ្ជា​ ក្រោយ​ពី​មានសង្គ្រាម​ពាក្យ​សម្តី​ជា​ច្រើន​ជុំវិញ​ឥរិយាបថ​របស់​ពិធីការិនី ​ម្នាក់​ ឡើង​អង្គុយលើតុ និង​ដើរ​រំលង​តុវេទិកា ខណៈពេល​ដែល​កំពុង​តែ​ផ្សាយ​បន្តផ្ទាល់​តាម​កញ្ចក់ទូរទស្សន៍​​។ ក្រសួង​ព័ត៌មាន ​យល់​ឃើញ​ថា នេះជា​អាកប្បកិរិយា​ពុំ​គប្បី ហើយ​បង្ក​ឲ្យ​ខូច​កិត្តិយស​ពិធិករ​-ពិធីការិនីផ្សេង​ៗទៀត។ 

ABC 3 Spring
ABC 3 Spring @RFI
ផ្សាយពាណិជ្ជកម្ម

 

ការ​បញ្ជាក់​​របស់​ក្រសួង​ព័ត៌មានយ៉ាង​​ដូច្នេះ គឺតាម​​សេចក្តីជូន​​ដំណឹង ​ ផ្ញើ​​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ​-ទូរទស្សន៍​ប៉ុស្តិ៍លេខ​៣ ដែល​សហការ​ផលិត​កម្មវិធី​ ជាមួយ​ស្ថានីយវិទ្យុ​ ABC កម្ពុជា​ FM 107.50 MHZ ។

គួរ​រម្លឹក​ជូនថា កម្មវិធី​​ចម្រុះ​ ABC 3 Spring ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ រាជធានីភ្នំពេញ រយៈ​ពេល​៣ម៉ោង​ក្នុង​មួយ​ថ្ងៃ ពីម៉ោង​៦ដល់​ម៉ោង​៩ព្រឹក​។​ ហើយ​កាលពី​ពេល​ថ្មីៗនេះ មាន​ពិធីការិនី​ បាន​រំកិល​ខ្លួន​លើតុវេទិកា លោតរត់​​​ទៅ​ដណ្តើម​ក្បាល​មេក្រូ​គេនិយាយ ខណៈ​ពេល​ដែល​ទូរទស្សន៍​កំពុង​ផ្សាយ​ផ្ទាល់​។ កាយ​វិការ​បែបនេះ ធ្វើឲ្យ​មាន​សង្គ្រាម​ពាក្យ​សម្តី រិះគន់​ពីមហាជន​មួយ​ចំនួន ថា​ជាការ​មិន​សមរម្យ ហើយ​ខ្វះ​សីលធម៌​វិជ្ជាជីវៈ។

ភ្លាមៗ ក្រុម​ពិធិករ-ពិធិការិនី បាន​បកស្រាយ​បំភ្លឺ​ក្នុង​កម្មវិធី​របស់​ខ្លួន​វិញថា កម្មវិធី​​ចម្រុះ​ ABC 3 Spring ​នេះ គឺ​មិនមែន​ជា​កម្មវិធី​ព័ត៌មាន​ដូច​ស្ថាប័ន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទូទៅ​នោះទេ។ គឺ​មិនគ្រាន់តែ​អង្គុយ​ធ្មឹង ​អាន​ព័ត៌មាន​ឡើយ។​ ដ្បិត​ កម្មវិធី​ចម្រុះ​ ABC 3 Spring មាន​បាវ​ច​នារបស់​ខ្លួន ចំនួន​បី។​ ​ពោល គឺការ​កម្សាន្ត កម្សត់ និង​ ខ្លឹម។ ដូច្នេះ ការ​កម្សាន្ត​ត្រូវមាន​ការ​កំប្លែង​ខ្លះៗ ហើយវា​លាយ​ឡំ​ការ​​យំសោក​ នៅ​គ្រា​កម្សត់។ ​ចំណែក​ឯ​ព័ត៌មាន​របស់​ABC  ទៀត​សោត គឺ​មាន​ខ្លឹម ដែល​មិន​ដូច​ព័ត៌មានរបស់​ស្ថានីយ​​ដ​ទៃ​។ នេះបើ​តាម​ការ​បក​ស្រាយ​របស់​ក្រុម​ការងារ​កម្មវិធី​​ចម្រុះ​  ABC 3 Spring។​

ទោះបី​ជាយ៉ាងនេះក្តី ក្រសួង​ព័ត៌មាន​កម្ពុជា តាមរយៈ​លោករដ្ឋមន្ត្រី ខៀវ កា​ញ្ញារិទ្ធ គឺ​ពុំ​យល់​ដូច្នោះឡើយ។ ក្រសួង​គិត​ថា ការ​ប្រព្រឹត្ត​របស់​ក្រុម​ពិធិករ-ពិធិការិនីកម្មវិធី​ ABC 3 Spring គឺ​ជាទង្វើ​ពុំ​គួរ​គប្បី ដោយ​សម្តែង​កាយវិការ​មិន​សមរម្យ ការ​ប្រើពាក្យ​សម្តី​ខ្វះ​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​បាន​ប្រមាថ​មើលងាយ​អ្ន​កស្តាប់​និង​ទស្សនិកជន​ក្នុង​ពេល​បំពេញ​ភារៈកិច្ច។ តាម​ក្រសួង​ដដែល ទង្វើបែប​នេះ គឺវា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ពិធិករ-ពិធិការិនីដទៃ​ផ្សេងទៀត។​

ចំពោះ​សេចក្តី​សម្រេច​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​កម្មវិធី​ខាងលើ​នេះ ​ម្ចាស់​ស្ថានីយ​វិទ្យុ​ABC គឺ​​លោក សេង ប៊ុនវេង ឬ​លោក​អាចារ្យ A គឺ​គ្មាន​ប្រតិកម្ម​ឆ្លើយ​តប​យ៉ាង​ណា​នៅឡើយ​ទេ នៅពេល​នេះ។

ចំណែក​ពិធីការិនី​រូប​នោះ បានសុំទោស​ក្នុង​កម្មវិធី​របស់ខ្លួន​ ហើយ​សុំ​ឈប់​សម្រាក​ពីការ​ងារ​មួយរយៈពេល​ខ្លី។ នាង​និយាយថា «​ខឹងអ្នកដែលមកជាន់ពន្លិចថែម! ខ្ញុំដឹងខ្លួន សុំទោស​ទស្សនជន! អត់មានបំណងចង់ឌឺជាមួយទស្សនជននោះទេ។​ ខ្ញុំធ្វើការ​៧ឆ្នាំហើយ ខ្ញុំរស់នៅ ABC។​ មានរឿងអីធ្ងន់ធ្ងរ សម្រាប់ការផ្លោះតុនោះ។​ យើងមិនមែនជាអ្នក​សារព័ត៌​មានផង។​ គ្រាន់តែជាអ្នកសម្តែងប៉ុណ្ណោះ មិនបានតាំងខ្លួនជាពិធីករ ពិធីការនីអីទេ តាំងពីដើមមក»​។

ជា​ការ​កត់​សម្គាល់ ការ​សម្រេច​ឲ្យ​ឈប់​ផ្សាយ​កម្មវិធី​ចម្រុះ ABC 3 Spring​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មានភាព​​ចម្រូង​ចម្រាស់​ចំពោះ​ឥរិយាបថ​របស់​អ្នក​និយាយ​កម្មវិធី ហើយក៏​​ធ្វើឡើយ​​ក្រោយ​ពី​ក្រុម​ការងារ​របស់​វិទ្យុ​ ABC បាន​ចុះ​ផ្លូវ​តវ៉ា​ប្រឆាំង​នឹង​វិទ្យុ​អាស៊ីសេរី ដែល​​ពួក​គេ​បាន​ចោទថាជា​វិទ្យុ​ប្រឆាំងរដ្ឋាភិបាល​ និងគាំទ្រ​បក្ស​សង្គ្រោះជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ