អានតួអត្ថបទ
កម្ពុជា

ការ​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​មាន​ឧបសគ្គ​ច្រើន

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ចាត់​ទុក​ការ​ចុះ​បញ្ជី​ដី​សមូហភាព​សម្រាប់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ដែល​បាន​ដំណើរ​ការ​កន្លង​មក​បាន​ជួប​ការ​ប្រឈម​ច្រើន ស្មុគស្មាញ​ ដោយសារ​កង្វះ​ឆន្ទៈ​នយោបាយ និង​មិន​មាន​កិច្ច​សហការ​ពី​សំណាក់​ផ្នែក​ពាក់​ព័ន្ធ។ ទោះ​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​តែ​មាន​កិច្ច​គាំពារ​ដីធ្លី​របស់​ពួកគេ តាម​មធ្យោបាយ​ផ្សេងៗ។

ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្តី​ពី ​«ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​របស់ស​​ហគមន៍​ជន​ជាតិ​ដើម​ភាគ​តិ​ច​នៅ​កម្ពុជា» របស់​មជ្ឈ​មណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា។​
ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ស្តី​ពី ​«ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​របស់ស​​ហគមន៍​ជន​ជាតិ​ដើម​ភាគ​តិ​ច​នៅ​កម្ពុជា» របស់​មជ្ឈ​មណ្ឌល​សិទ្ធ​មនុស្ស​កម្ពុជា។​ @CCHR
ផ្សាយពាណិជ្ជកម្ម

ការ​ចុះ​បញ្ជី​ដី​សមូហភាព​សម្រាប់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច មាន​ការ​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន ដោយសារ​តែ​លក្ខណៈ​ស្មុគស្មាញ​និង​ប្រើប្រាស់​ពេល​វេលា​វែង​ក្នុង​ដំណើរ​ការ​ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព កង្វះ​ឆន្ទៈ​នយោបាយ​និង​ដោយសារ​តែ​សកម្មភាព​របស់​ភាគី​ពាក់​ព័ន្ធ​ដែល​បាន​ចូលរួម ក្នុង​នោះ​មាន​អាជ្ញាធរ​មូលដ្ឋាន ក្រុមហ៊ុន និង​នៅ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​សហគមន៍​ជនជាតិដើម​ភាគ​តិច និង​សហគមន៍​ខ្លួន​ឯង​ផ្ទាល់។

នៅ​ក្នុង​ការ​ចេញ​ផ្សាយ​របស់​ខ្លួន នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១១​កុម្ភៈនេះ ដែល​មាន​កំរាស់​ជិត​៧០​ទំព័រ ​មាន​ចំណង​ជើង​ថា​«ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា» មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចាត់​ទុក​ថា​របាយការណ៍​នេះ​ មាន​បំណង​លើក​ឡើង​នូវ​មូលហេតុ​នៃ​កង្វះ​ខាត​ក្នុង​ការ​អនុវត្ត​ការ​ចុះ​បញ្ជី​ដី​ធ្លី​សហគមន៍ និង​កំណត់​នូវ​អនុសាសន៍​នានា​សម្រាប់​ដាក់​ជូន​ដល់​អ្នក​ពាក់ព័ន្ធ​ដែល​អាច​ជួយ​លើក​កម្ពស់​អនុវត្ត​ឲ្យ​បាន​ប្រសើរ ដើម្បី​បង្កើន​ការ​ការពារ​សិទ្ធិ​ដីធ្លី​របស់​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ដដែល ក៏​បាន​លើក​ឡើង​ពី​កង្វះ​ខាត​ការ​គាំទ្រ​ពី​សមត្ថកិច្ច ការ​ស៊ុំ​គ្រលំ​ជាមួយ​ក្រុមហ៊ុន ការ​គាប​សង្កត់​ឲ្យ​ទទួល​យក​កម្មសិទ្ធិ​ដីធ្លី​ឯក​ជន ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ប្រព័ន្ធ​យុត្តិធម៌​និង​កង្វះ​ខាត​ការ​យល់​ដឹង​ពី​សិទ្ធិ​នៃ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជា​ដើម។

លើស​ពី​នេះ​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន របាយការណ៍​នៃ​ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​សិទ្ធិ​ដី​ធ្លី​របស់​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ការ​ធានា​ថា​សហគមន៍​អាច​ចុះ​បញ្ជី​ដីធ្លី​របស់​ពួក​គេ​បាន​ទាន់​ពេល​វេលា។ ប៉ុន្តែ​កង្វះ​ឆន្ទៈ​នយោបាយ​នៅ​តែ​ជា​បញ្ហា​ប្រឈម​ក្នុង​ការ​ការពារ​ដី​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​មាន​ភស្តុតាង​ច្បាស់​ដោយសារ​តែ​មាន​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​សមូហភាព តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​រហូត​មក​ទល់​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ