អានតួអត្ថបទ
កម្ពុជា-ចរាចរណ៍

មេ​ប៉ូលីស៖ ហេតុការណ៍​លើ​ក្បួន​រថយន្ត​សម្ដេច​ក្រុម​ព្រះ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ មិន​មែន​ជា​ករណី​ឃាតកម្ម​ឡើយ

អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២១​មិថុនា​នេះ បាន​បញ្ចេញ​របាយការណ៍​អង្កេត​បឋម​ជុំវិញ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ក្បួន ព្រះ​ទីនាំង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ​ដែល​បណ្ដាល​ឲ្យ អ្នក​ម្នាង អ៊ុក ផល្លា ទទួល​មរណភាព។ របាយការណ៍​ប៉ូលីស​អះអាង​ថា ហេតុការណ៍​នោះ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​សុទ្ធ​សាធ គឺ​មិន​មែន​ជា​ករណី​ឃាតកម្ម ដូច​ការ​លើក​ឡើង​នា​ពេល​កន្លង​មក​ឡើយ។

អគ្គស្នងការ​នគរបាល​ជាតិ
អគ្គស្នងការ​នគរបាល​ជាតិ @នគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សន្និសីទ​កាសែត​រៀប​ចំ​ឡើង​នៅ​អគ្គស្នង​ការដ្ឋាន​ប៉ូលីស​ជាតិ នៅ​ថ្ងៃ​ទី​២១​មិថុនា​នេះ លោក​នាយ​ឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នង​ការ​រង​នគរបាល​ជាតិ​បាន​គូស​បញ្ជាក់​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​ក្បួន​ព្រះ​ទីនាំង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ កាល​ពី​ថ្ងៃ​ទី​១៥​មិថុនា នៅ​ខេត្ត​ព្រះសីហនុ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​សុទ្ធ​សាធ។​

ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ព្រោះ​ម្ចាស់​រថយន្ត​ឈ្នួល​ម៉ាក HIGHLANDER ឈ្មោះ មិល សារ៉េត ភេទ​ប្រុស ចេញ​មក​សារភាព​កំហុស​ថា រថយន្ត​របស់​គេ​ផ្ទុក​មនុស្ស​លើ​ចំណុះ​រហូត​ដល់​ទៅ​៧​នាក់ និង​បើក​បរ​ក្នុង​ល្បឿន​លឿន​រយៈ​ចំងាយ​១០០​គីឡូម៉ែត្រ នៅ​ក្នុង​១​ម៉ោង និង​បាន​បើក​វ៉ា​ជែង ក៏​ជ្រុល​ទៅ​បុក​ក្បួន​រថយន្ត​សម្ដេច​ក្រុម​ព្រះ។ ត្រង់​ចំណុច​នេះ លោក ហ៊ឹម យ៉ាន បាន​ឯកភាព​នឹង​ចម្លើយ​សារភាព​របស់​ជន​បង្ក តែ​បាន​ទាត់​ចោល​ព័ត៌មាន​ដែល​ថា ករណី​សម្ដេច​ក្រុម​ព្រះ​ជា​ករណី​ឃាតកម្ម ក្រោម​រូប​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍។

បើ​តាម​លោក ហ៊ឹម យ៉ាន សកម្មភាព​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​ ឈ្មោះ មិល សារ៉េត លើ​ក្បូន​ព្រះ​ទីនាំង​សម្ដេច​ក្រុម​ព្រះ បាន​ល្មើស​នឹង​មាត្រា​៨៣ និង​៨៥​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក។ ហើយ​បច្ចុប្បន្ន អ្នក​បើក​បរ​រថយន្ត​តាក់​ស៊ី​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដោយ​រង​ចាំ​ចំណាត់​ការ​បន្ត​ពី​តុលាការ។ ចំពោះ​ទី​តាំង​ដែល​សម្ដេច​ក្រុម​ព្រះ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​បាន​បញ្ជា​ឲ្យ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ឡើង​វិញ។

គេ​នៅ​ចាំ​បាន​ថាសម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ៊្វុន ស៊ិនប៉ិច បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន​បី​លើក​មក​ហើយ បូក​រួម​នឹង​ករណី​ចុង​ក្រោយ​នេះ។មួយ​ថ្ងៃ​បន្ទាប់​ពី​សម្តេច​ក្រុម​ព្រះ​និង​អ្នក​ម្នាង​ជួប​ប្រទះ​ឧប្បត្តិហេតុ​ចុង​ក្រោយ​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទូច​ឲ្យ​សមត្ថកិច្ច​នៃ​ក្រសួង​មហា​ផ្ទៃ បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​ជា​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ពិត​ប្រាកដ ឬ​ជា​ករណី​អ្វី​ផ្សេង? ការ​លើក​ឡើង​ដូច្នេះ ក៏​ដោយ​សារ​តែ​ក្បួន​រថយន្ត​របស់​សម្តេច​ក្រុម​ព្រះ ត្រូវ​បាន​រថយន្ត​ល្មើស​បុក​យ៉ាង​ពេញ​ទំហឹង ក្នុង​ចំណោម​រថយន្ត​ប្រមាណ​ជា​២០​គ្រឿង ដែល​ដង្ហែរ​ជា​ក្បួន។

បច្ចុប្បន្ន សម្តេច​ក្រុម​ព្រះ នរោត្តម​រណឫទ្ធិ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ប្រទេស​ថៃ​នៅ​ឡើយ ខណៈ​ដែល​អ្នក​ម្នាង អ៊ុក ផល្លា ត្រូវ​បាន​ធ្វើ​ពិធី​បូជា​កាល​ពី​ម្សិល​មិញ នៅ​ខាង​មុខ​វត្ត​បទុមវតី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ