ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

ខួប​២៨​ឆ្នាំ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ​ថ្ងៃ​២៣ ​តុលា​ត្រូវ​បាន​លើក​ឡើង​ព្រោងព្រាត​តាំង​ពី​ព្រះ​បរមរាជវាំង ​រហូត​ដល់​អង្គការ​សង្គម​ស៊ីវិល

media  
ក្រុមអង្គការសង្គមស៊ីវិលប្រារព្ធខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ central

នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​ឆ្នាំ​២០១៩​នេះ ​គឺ​ជា​ខួប​លើក​ទី​២៨​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​​។​ ដើម្បី​អបអរ​សាទរ​ដល់​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ ​ទាំង​ព្រះ​បរមរាជវាំង​ ទាំង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ទាំង​គណបក្ស​នយោបាយ ​រួមទាំង​អង្គការ​សង្គម​ស៊ីវិល ​បាន​បញ្ចេញ​សារ​ផ្សេង​ៗ​គ្នា ​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ ​និង​មាន​ប្រារព្ធ​ពិធី​ជា​សាធារណៈ​ផងដែរ​។

ផ្តើម​ចេញ​ពី​ព្រះ​បរមរាជវាំង ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ ​Royal du Cambodge ​បាន​សរសេរ​ថា ​ក្រោម​ព្រះ​រាជ​បូជនីយ​កិច្ច​ នៃ​ព្រះ​ករុណា​ ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​បរម​រតន​កោដ្ឋ​ ដោយ​មាន​រណសិរ្ស ​ហ្វុនស៊ីនប៉ិច ​ដែល​បាន​នាំ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព​ឡើងវិញ​បន្ទាប់​ពី​សង្រ្គោម​ដ៏​រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍ ​តាមរយៈ​ការ​ចរចា​បង្រួបបង្រួម​បញ្ចប់​សង្រ្គោម​រហូត​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​សន្តិភាព​ទីក្រុង​ប៉ារីស​ពី​បណ្តា​ភាគី​ធំ​ៗ​។

ជាមួយ​គ្នា​នេះ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក៏​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​នេះ​ដែរ​ថា ​២៨ ​ឆ្នាំ​មុន ​ពោល​គឺ​នៅ​ថ្ងៃ​ទី​២៣ ​តុលា ​ឆ្នាំ​១៩៩១ ​ភាគី​ទាំង​៤​ របស់​កម្ពុជា ​បាន​ឈាន​ទៅ​ចុះ​ហត្ថលេខា ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព ​នៅ​ទី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង ​ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស​ រួមទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផង​ដែរ​ ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​។

សំណេរ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មុននឹង​ឈាន​មក​ដល់​កិច្ច​ព្រមព្រៀង​នា​ទីក្រុង​ប៉ារីស ​២៣ ​តុលា ​គឺ​សម្តេច ​ហ៊ុន សែន ​បាន​ជួប​ពិភាក្សា​ដំបូង​បំផុត​ជាមួយ ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ សម្តេច​ព្រះ ​នរោត្តម ​សីហនុ ​នៅ​ថ្ងៃ​ទី​២ ​ខែ​ធ្នូ ​ឆ្នាំ​១៩៨៧ ​នៅ ​FERE-EN-TARDENOIS ​នៃប្រទេស​បារាំង ​ដែល​ការ​ចរចា​នេះ ​មាន​សេចក្តីប្រកាស​រួម​ឡាយ​ព្រះហស្តលេខា​ដោយ ​សម្តេច​ព្រះនរោត្តម សីហនុ ​និង​សម្តេច​ ហ៊ុន សែន ​ហើយ​បន្ទាប់​មក​ក៏​មាន​កិច្ច​ចរចា​បន្ត​រវាង ​សីហនុ-​ហ៊ុន សែន ​លើក​ទី​២ ​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី ​២០-២១ ​ខែ​មករា ​ឆ្នាំ​១៩៨៨ ​នៅ ​SAINT-GERMAIN-EN-LAYE ​ប្រទេស​បារាំង ​និង​នៅ​ទីកន្លែង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ ​លោក ​ហ៊ុន សែន ​ក៏បាន​រំលេច​ពី​ការ​អូស​បន្លាយ​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា ​បង្ក​ដោយ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ ​(ប៉ុល​ ពត​) ​ព្រមទាំង​រំលេច​នូវ​នយោបាយ ​ឈ្នះ-ឈ្នះ ​របស់​លោក ​ដែល​នាំ​មក​នូវ​ការបញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំងស្រុង​នៅ​ឆ្នាំ​១៩៩៨​។

ដោយឡែក ​អតីត​គណបក្ស​សង្គ្រោះជាតិ​វិញ ​នៅ​ថ្ងៃ​នេះ​ដែរ​ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ​ដោយ​ធ្វើ​ការ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ជាពិសេស​ប្រទេស​ហត្ថលេខី ​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ​និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ដោយ​មាន​ការ​ពិភាក្សា​ជា​បន្ទាន់ ​ក្នុង​គោលបំណង​អនុម័ត​នូវវិធាន​សមស្រប​ទាំងឡាយ ​ដើម្បី​ធានា​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​សហគមន៍​អន្តរជាតិ ​និង​គ្រប់​ភាគី​ពាក់ព័ន្ធ ​ក្នុងការ​ស្តារ​ និង​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​បច្ចុប្បន្ន​។

នៅ​ថ្ងៃ​នេះ​ដែរ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ក៏​បាន​ឆ្លៀត​យក​ឱកាស​ថ្ងៃ​២៣​តុលា​នេះ ​ចេញ​សេចក្តីថ្លែងការណ៍ ​ទាក់ទង​ទៅនឹង​ការ​រក្សា ​EBA ​និង​លើក​កម្ពស់​សេរីភាព​នយោបាយ ​ដែល​នេះ ​គឺ​ជា​ការ​ឆ្លុះបញ្ចាំង​នូវ​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។

ទន្ទឹម​គ្នា​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ព្រឹក​នេះ​ដែរ​ ក៏បាន​រៀបចំ​ធ្វើ​ពិធី​អបអរ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​២៣​តុលា ​នៅ​ទីលាន​ប្រជាធិបតេយ្យ ​ដោយមាន​ការ​ចូលរួម​ពីតំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ផងដែរ​។ ​ក្រោម​ប្រធានបទ ​«​២៣ ​តុលា ​នាំមកនូវ​ការ​រួបរួម​ជាតិ ​សន្តិភាព ​ប្រជាធិបតេយ្យ ​និង​ការ​អភិវឌ្ឍ”​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ពី​ប្រវត្តិ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព ​ថ្ងៃ​២៣​តុលា ​និង​ការ​វិវត្តន៍​នយោបាយ​ខ្មែរ​ក្រោយ​ថ្ងៃ២៣​តុលា​ឆ្នាំ​១៩៩១​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ