ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
កម្ពុជា

ឯកអគ្គរដ្ឋទូត​អាមេរិក៖ ​ការ​ចោទ​ប្រកាន់​​អាមេរិក​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ខុស​ទាំង​អស់​!

media  
លោកឯកអគ្គរដ្ឋ​ទូត William Heidt ក្នុង​សន្និសីទ​សារព័ត៌មាន @facebook

ការ​ចោទ​ប្រកាន់​អាមេរិក​ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម សុខា នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ គឺ​ខុស​ទាំង​អស់។ នេះ​គឺ​ជា​ការ​គូស​បញ្ជាក់​របស់​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១២​កញ្ញា​នេះ​។ សម្រាប់​លោក​ឯកអគ្គរដ្ឋទូត ការ​ចោទ​ប្រកាន់​ទាំង​នោះ ធ្វើ​ឡើង​ដោយ​គ្មាន​ភស្តុតាងច្បាស់​លាស់ ឬ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​បន្តិច​សោះ​ឡើយ​។ ជា​ការ​កត់​សម្គាល់ ការ​លើក​ឡើង​របស់​លោក William Heidt យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា ចោទ​សហរដ្ឋ​អាមេរិក​ថា​ជា​បាត​ដៃ​ទី​៣ គាំទ្រ​ដល់​លោក កឹម សុខា ដើម្បី​ផ្ដួល​រំលំ​របប​ដឹក​នាំ​នៅ​កម្ពុជា​។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​ដែល​ថា សហរដ្ឋ​អាមេរិក​គាំទ្រ​លោក​កឹម សុខា ដើម្បីផ្ដួល​រំលំ​របប​ដឹក​នាំ​នៅ​កម្ពុជា លោក William Heidt បាន​លើក​ឡើង​ពី​ការងារ​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​កន្លង​មក​នៅ​កម្ពុជា​ ដូច​ជា ​ទាក់ទាញ​វិនិយោគិន​ឲ្យ​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​, បង្កើត​កម្មវិធី​កសិកម្ម​ថ្មី​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​កសិផល​របស់​កម្ពុជា​, លើក​កម្ពស់​វិស័យ​សុខភាព​សាធារណៈ​របស់​កម្ពុជា​​​, ផ្ដល់​ការ​អប់រំ​ដល់​ជនជាតិ​កម្ពុជា​រាប់​ពាន់​នាក់, ជំរុញ​ឲ្យមានយុត្តិធម៌, អភិរក្ស​វប្បធម៌​ខ្មែរ, និង​ពិសេស​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ទាំង​នេះ​សុទ្ធ​សឹង​ជា​ការ​គាំទ្រ​របស់​អាមេរិក​ចំពោះ​កម្ពុជា។ នេះ​បើ​តាម​លោក Heidt។

ថ្វី​ត្បិត​តែ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា អាមេរិក​ធ្លាប់​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា​ក៏​ពិត​មែន ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​អាមេរិក អះអាង​ថា អាមេរិក​មាន​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​។ ដោយ​ក្នុង​នោះ អាមេរិក​បាន​ផ្ដល់​ប្រាក់​ចំនួន​ជាង​១៦០​លាន​ដុល្លារ សម្រាប់​ការងារ​លុប​បំបាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទៀត​ផង​។

ចំពោះ​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​​លើ​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្មី​ៗ​នេះ លោក​ឯកអគ្គរដ្ឋទូត Heidt សង្កត់​ធ្ងន់​ថា វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​ឡើយ​ ហើយ​អ្នក​ដែល​ប៉ះពាល់ គឺកម្ពុជា​ទៅ​វិញ​ទេ​​។ បើ​តាម​លោក Heidt ព្រឹត្តិការណ៍​ថ្មី​ៗ​នេះ កំពុង​តែ​ធ្វើ​ឲ្យ​កម្ពុជា ឯកោ​ពី​សហគមន៍​អន្ដរជាតិ៖ ជនជាតិ​អាមេរិក​និង​អ្នក​ទេសចរណ៍​លោក​ខាង​លិច លែង​កក់​ក្ដៅ​ពេល​មក​កម្ពុជា, ក្រុមហ៊ុន​អាមេរិក​និង​លោក​ខាង​លិច​កាន់​តែ​តិច​ថែម​ទៀត​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​, អ្នក​បរិច្ចាគ​មនុស្ស​ធម៌​អាមេរិក គិត​ថា​កម្ពុជា​លែង​ស្វាគមន៍​ពួក​គេ, ហើយ​ប៉ះពាល់​ធ្ងន់​ធ្ងរ​បំផុត​គឺ​ធ្លាក់​មក​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ក្មេង​ខ្ចី​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក William Heidt អះអាង​ថា ការ​បន្ត​អភិវឌ្ឍ​ប្រជាធិបតេយ្យ និង​ស្ដារ​ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក នៅ​មិន​ទាន់​ហួស​ពេល​ដែរ​។ ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នៅ​កម្ពុជា ក៏​នៅ​មាន​ពេល​សង្គ្រោះ​បាន​ដែរ​។ ក្នុង​ន័យ​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ទាមទារ​ឲ្យ​ដោះ​លែង លោក កឹម សុខា ជា​បន្ទាន់, បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​សង្គម​ស៊ិវិល និង​ស្ដារ​ទីផ្សារ​សារព័ត៌មាន​កម្ពុជា​ឲ្យ​ដំណើរការ​ធម្មតា​ឡើង​វិញ​។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល ចាប់​ផ្ដើម​កិច្ច​សន្ទនា អំពី​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ក្នុង​បរិយាកាស​បើក​ចំហរ គោរព និង​គ្មាន​សម្ពាធ​។

សម្រាប់​លោកឯកអគ្គរដ្ឋទូត Heidt អាមេរិក​មិន​មែន​ជា​ប្រទេស​ស្មុគស្មាញ​ពិបាក​ធ្វើ​ការ​ជាមួយ​នោះ​ទេ​។ ហើយ​អាមេរិក​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​បង្ហាញ​សុឆន្ទៈ ដើម្បី​បន្ត​​ភាព​ជា​ដៃ​គូ​ដ៏​ពិសេស​និង​ខ្លាំង​ក្លា ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​កាល​ពី​ឆ្នាំ​មុនឡើង​វិញ​​​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ