ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/08 12h00 GMT
កម្ពុជា

​ACU ​សម្រេច​បើក​ការ​ស៊ើប​អង្កេត​លើ​អតីត​មេ PM ​ខេត្ត​រតន​គីរី ​ពី​បទ​ពុក​រលួយ​

media  
លោក គឹម រស្មី ដែលត្រូវបានចោទប្រកាន់ @RFI

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី ១១ កុម្ភៈនេះ បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​លើ​អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគីរី លោក គឹម រស្មី ពី​បទ​ពុក​រលួយ​។ ការ​ស៊ើប​អង្កេត​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក គឹម រស្មី ត្រូវ​បាន​ព្រះមហាក្សត្រ លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​មន្ត្រី​កង​យោធពល​ខេមរ​ភូមិន្ទ កាល​ពី​ថ្ងៃទី ០៩ កុម្ភៈ​។ 

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​ពី​បទ​ពុក​រលួយ លើ​អតីត​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គីរី​ម្នាក់ គឺ លោក គឹម រស្មី។ ការ​ស៊ើប​អង្កេត​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​បង្ហាញ​ពី​លោក គឹម រស្មី បាន​ចែក​ប្រាក់​ដល់​កូនៗ​របស់​លោក​ចំនួន​៥នាក់ ក្នុង​ម្នាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃទី ១១ កុម្ភៈ​នេះ​ថា អង្គភាព​របស់​លោក​បាន​សម្រេច​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ ដោយ​មិន​មាន​ការ​បង្គាប់​បញ្ជារ ឬ បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ពី​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​នោះ​ទេ គឺ​អង្គភាព​របស់​លោក​បាន​ចាប់​ផ្តើម​ប្រមូល​ឯកសារ​រួច​ហើយ​នៅ​ក្នុង​រឿង​នេះ។ ប៉ុន្តែ​លោក​ទេស​រដ្ឋមន្ត្រី​បាន​បដិសេធ​ក្នុង​ការ​អះ​អាង​លឿន​ពេក​ថា លោក គឹម រស្មី នឹង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​ឬ​អត់? ឬ​ថា តើ​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​អ្វី​?

លោក គឹម រស្មី អតីត​ឧត្តម​សេនីយ៍​ត្រី​និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា​ចេញ​ព្រះរាជ​ក្រឹត្យ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ កាល​ពី​ថ្ងៃ​ទី ០៩ កុម្ភៈ បន្ទាប់​ពី​មាន​សំណើរ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។ ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃទី ០៩ កុម្ភៈ បាន​ធ្លាក់​មក​នៅ​៤ថ្ងៃ​ក្រោយ​ពី​ការ​បែក​ធ្លាយ​វីដេអូ​ឃ្លីប​មួយ​ កាល​ពី​យប់​ថ្ងៃ​ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយ​លោក គឹម រស្មី នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​លោក បាន​ប្រកាស​ពី​លើ​វេទិកា​ដោយ​បែង​ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥នាក់​របស់​លោក ដោយ​ម្នាក់ៗ​ទទួល​បាន​សែក​ចំនួន​១០​ម៉ឺន​ដុល្លារ​។

មហាជន​បាន​រិះគន់​ថា តើ​ឧត្តម​សេនីយ៍​ត្រី ដែល​សម្ញែង​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ អាច​មាន​ការ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ឬ​ទេ? ខណៈ​ប្រាក់​បៀ​វត្សន៍​របស់​គាត់ នឹង​មិន​អាច​មាន​ចំនួន​ច្រើន​បែប​នេះ​ឡើយ​។ ចំណែក​អ្នក​ប្រើ​ប្រាស់​តាម​បណ្តាញ​សង្គម Facebook មួយ​ចំនួន​ទៀត ក៏​បាន​ដាក់​ការ​ចោទ​ប្រកាន់​ថា លោក គឹម រស្មី គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​រក​ស៊ី​ឈើ​នៅ​ខេត្ត​រតនៈគិរី ដែល​ជា​ខេត្ត​សម្បូរ​ព្រៃ​ឈើ​ទៀត​ផង​។ សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការ​លុប​ឈ្មោះ​លោក គឹម រស្មី ចេញ​ពី​ក្រប​ខណ្ឌ​កង​យោធពល​ខេមរ​ភូមិន្ទ​នេះ គឺ​ជា​ការ​វះ​កាត់​ប្រកប​ដោយ​ការ​ឈឺ​ចាប់​។ ប៉ុន្តែ​នេះ គឺ​ជា​អភិ​ក្រម​ទី៥ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ប្រកាស​ដាក់​ឲ្យ​មន្ត្រី​របស់​លោក​អនុវត្តន៍ ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល ព្យា​បាល និង​ចុង​ក្រោយ​ គឺ​ការ​វះកាត់​នេះ​ឯង​។

សូម​បញ្ជាក់​ជូន​ដែរ​ថា នេះ​គឺ​ជា​ករណី​ទីមួយ​ហើយ​សម្រាប់​ឆ្នាំ​២០១៩​នេះ ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តល់​ចំណាត់​ការ​ភ្លាមៗ លើ​ករណី​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​មន្ត្រី ដែល​បំរើ​ការងារ នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​របស់​លោក​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ