ACU សម្រេចបើកការស៊ើបអង្កេតលើអតីតមេ PM ខេត្តរតនគីរី ពីបទពុករលួយ
អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ១១ កុម្ភៈនេះ បានសម្រេចបើកការស៊ើបអង្កេតលើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរី លោក គឹម រស្មី ពីបទពុករលួយ។ ការស៊ើបអង្កេតនេះ បានធ្វើឡើងក្រោយពីលោក គឹម រស្មី ត្រូវបានព្រះមហាក្សត្រ លុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ០៩ កុម្ភៈ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣២
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចបើកការស៊ើបអង្កេតពីបទពុករលួយ លើអតីតមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគីរីម្នាក់ គឺ លោក គឹម រស្មី។ ការស៊ើបអង្កេតនេះ បានធ្វើឡើង បន្ទាប់ពីមានការបង្ហោះវីដេអូឃ្លីបមួយតាមបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីលោក គឹម រស្មី បានចែកប្រាក់ដល់កូនៗរបស់លោកចំនួន៥នាក់ ក្នុងម្នាក់ចំនួន១០ម៉ឺនដុល្លារ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី ១១ កុម្ភៈនេះថា អង្គភាពរបស់លោកបានសម្រេចបើកការស៊ើបអង្កេតករណីនេះ ដោយមិនមានការបង្គាប់បញ្ជារ ឬ បន្ទាប់ពីមានពាក្យបណ្តឹងពីអង្គការសង្គមស៊ីវិលណាមួយនោះទេ គឺអង្គភាពរបស់លោកបានចាប់ផ្តើមប្រមូលឯកសាររួចហើយនៅក្នុងរឿងនេះ។ ប៉ុន្តែលោកទេសរដ្ឋមន្ត្រីបានបដិសេធក្នុងការអះអាងលឿនពេកថា លោក គឹម រស្មី នឹងត្រូវបានចោទប្រកាន់ពីបទពុករលួយឬអត់? ឬថា តើគាត់ត្រូវបានចោទប្រកាន់ពីបទអ្វី?
លោក គឹម រស្មី អតីតឧត្តមសេនីយ៍ត្រីនិងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ត្រូវបានព្រះមហាក្សត្រកម្ពុជាចេញព្រះរាជក្រឹត្យលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី ០៩ កុម្ភៈ បន្ទាប់ពីមានសំណើរពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យចុះថ្ងៃទី ០៩ កុម្ភៈ បានធ្លាក់មកនៅ៤ថ្ងៃក្រោយពីការបែកធ្លាយវីដេអូឃ្លីបមួយ កាលពីយប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយលោក គឹម រស្មី នៅក្នុងថ្ងៃខួបកំណើតរបស់លោក បានប្រកាសពីលើវេទិកាដោយបែងចែកប្រាក់ដល់កូនៗចំនួន៥នាក់របស់លោក ដោយម្នាក់ៗទទួលបានសែកចំនួន១០ម៉ឺនដុល្លារ។
មហាជនបានរិះគន់ថា តើឧត្តមសេនីយ៍ត្រី ដែលសម្ញែងលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ អាចមានការពាក់ព័ន្ធនឹងអំពើពុករលួយឬទេ? ខណៈប្រាក់បៀវត្សន៍របស់គាត់ នឹងមិនអាចមានចំនួនច្រើនបែបនេះឡើយ។ ចំណែកអ្នកប្រើប្រាស់តាមបណ្តាញសង្គម Facebook មួយចំនួនទៀត ក៏បានដាក់ការចោទប្រកាន់ថា លោក គឹម រស្មី គឺជាអ្នកនៅពីក្រោយខ្នងនៃការរកស៊ីឈើនៅខេត្តរតនៈគិរី ដែលជាខេត្តសម្បូរព្រៃឈើទៀតផង។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការលុបឈ្មោះលោក គឹម រស្មី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទនេះ គឺជាការវះកាត់ប្រកបដោយការឈឺចាប់។ ប៉ុន្តែនេះ គឺជាអភិក្រមទី៥ ដែលលោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសដាក់ឲ្យមន្ត្រីរបស់លោកអនុវត្តន៍ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងចុងក្រោយ គឺការវះកាត់នេះឯង។
សូមបញ្ជាក់ជូនដែរថា នេះគឺជាករណីទីមួយហើយសម្រាប់ឆ្នាំ២០១៩នេះ ដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានផ្តល់ចំណាត់ការភ្លាមៗ លើករណីសង្ស័យពីការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រី ដែលបំរើការងារ នៅក្នុងជួររដ្ឋាភិបាលរបស់លោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ