អានតួអត្ថបទ
កម្ពុជា

អង្គការ​ACT រក​ឃើញ​ថា​សារព័ត៌មាន​បែប​ហិង្សា​ផ្សាយ​ពី​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​មាន​៣៨%

អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ហៅ​កាត់ ACT បាន​រក​ឃើញ​ថា សារព័ត៌មាន​ឯករាជ្យ​មាន​តែ​១៦%​ប៉ុណ្ណោះ​ដែល​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត។ ចំណែក​សារព័ត៌មាន​បែប​សន្តិភាព​មាន​៤៦​ភាគ​រយ និង សារព័ត៌មាន​បែប​ហិង្សា​មាន​ដល់​ទៅ​៣៨​ភាគ​រយ​ឯណោះ។ នេះ​បើ​តាម​របាយការណ៍​ស្តី​ពី​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​ក្នុង​អំឡុង​ពេល​និង​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​របស់​អង្គការ​នេះ​ដែល​បាន​ចេញ​នៅ​ថ្ងៃ​នេះ។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ហៅ​កាត់ ACT សារព័ត៌មាន​បែប​ហិង្សា គឺ​ជា​សារព័ត៌មាន​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ឫ​ដែល​បង្កប់​នូវ​សារ​ដែល​បង្ក​ជម្លោះ បំផ្លាញ​អ្នក​ដទៃ ការ​ឃោសនា​លើក​តម្កើង​ព័ត៌មាន​បង្ហាញ​តែ​វីរជន និង​សំដៅ​លើ​តែ​ជ័យ​ជំនះ​តែ​ភាគី​ដែល​ខ្លួន​គាំទ្រ។ រីឯ​សារព័ត៌មាន​បែប​សន្តិភាព​វិញ ជា​សារព័ត៌មាន​ដែល​សរសរ​អត្ថបទ​ព័ត៌មាន​បង្ហាញ​ស្វែង​យល់​ទៅ​លើ​ទំនាស់ ស្វែង​រក​ការ​ពិត​ពី​គ្រប់​ភាគី មិន​ត្រូវ​លើក​យក​តែ​បុគ្គល​សំខាន់ ត្រូវ​មាន​ការ​ផ្តោត​ទៅ​រក​អ្នក​ដែល​គ្មាន​សំឡេង ស្វែង​រក​ដំណោះ​ស្រាយ និង​ការ​ដោះ​ស្រាយ​ទំនាស់​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ចំពោះ​ទិន្នន័យ​ដែល​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ហៅ​កាត់ ACT លើក​បង្ហាញ​នេះ គឺ​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​សារព័ត៌មាន​ដែល​ទាក់​ទង​នឹង​ដំណើរ​នៃ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ចំនួន​១០​ស្ថាប័ន​ដែល​មាន​វិទ្យុ​ជាតិ អន្តរជាតិ​៥​ស្ថាប័ន និង​វេបសាយ​របស់​កាសែត​ជាតិ និង​អន្តរជាតិ​ចំនួន​៥ ស្ថាប័ន​ទៀត។ ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​ធ្វើ​ឡើង​ចន្លោះ​ថ្ងៃ​ទី​២០ ឧសភា​ដល់​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៧។ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​នេះ គឺ​សារព័ត៌មាន​បែប​ហិង្សា​នៅ​តែ​មាន​ឥទ្ធិពល និង​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កម្ពុជា ពិសេស​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក។

លោក​ផុស សុវណ្ណ តំណាង​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​លើក​ឡើង​ថា របាយការណ៍​របស់​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ហៅ​កាត់ ACT​នេះ គឺ​អាច​ទទួល​យក​បាន​ជា​លក្ខណៈ​បឋម​សិន​ដោយ​លោក​មិន​ទាន់​ឯកភាព​ទាំង​ស្រុង​នោះ​ទេ។ មិន​ទាន់​ឯកភាព​ទាំង​ស្រុង ព្រោះ​ថា​ ក្រសួង​ត្រូវ​ការ​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ចំពោះ​របាយការណ៍​នេះ។

ចំណែក​លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​វិញ បាន​កត់​សម្គាល់​ស្រដៀង​គ្នា​នឹង​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ហៅ​កាត់ ACT​ដែរ​ថា ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​កន្លង​ទៅ​នេះ សារព័ត៌មាន​ខ្លះ​បាន​ផ្តល់​ព័ត៌មាន​មាន​លក្ខណៈ​អព្យាក្រិត និង​ខ្លះ​មាន​លក្ខណៈ​លម្អៀង តែ​លោក​មិន​បាន​បង្ហាញ​ឲ្យ​ចំ​តែ​ម្តង​ទេ ថា​តើ​សារព័ត៌មាន​ទាំង​នោះ​ជា​សារព័ត៌មាន​អ្វី​ខ្លះ​ឡើយ។ បើ​ទោះ​ជា​បែប​នេះ​ក្តី លោក​ហង្ស ពុទ្ធា នៅ​តែ​វាយ​តម្លៃ​ខ្ពស់​ដោយ​គូស​បញ្ជាក់​ថា សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​នេះ សារព័ត៌មាន​បាន​ផ្តល់​ព័ត៌មាន​លក្ខណៈ​វិជ្ជមាន​ច្រើន​ដល់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។ បើ​តាម​លោក​ហង្ស ពុទ្ធា​ដដែល នេះ​គឺ​ដោយ​សារ​តែ​គ.ជ.ប បាន​រឹត​បន្តឹង​ច្បាប់​បន្ថែម​ទៀត​ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ពី​ការ​បោះ​ឆ្នោត​ដល់​ពលរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ