អានតួអត្ថបទ
កម្ពុជា

ក្នុង​សំណុំ​រឿង​ជាមួយ​ACU​៖ សង្គម​ស៊ីវិល​ចេញ​លិខិត​អំពាវនាវ និង​ស្វែង​រក​អន្តរាគមន៍

គិត​មក​ដល់​ថ្ងៃ​សុក្រ​នេះ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​បន្ត​សាកសួរ​មន្ត្រី​សង្គម​ស៊ីវិល​មក​ពី​អង្គការ​សិទ្ធ​មនុស្ស​អាដ​ហុក ពីរ​ថ្ងៃ​មក​ហើយ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា ស្រីមុំ ដែល​អះអាង​ថា​ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា។ ក្រោយ​ការ​សាកសួរ​បិទ​ទ្វា ក្រោម​ការ​សង្ស័យ សង្គម​ស៊ីវិល​ដែល​រួម​មាន​អង្គការ​អាដហុក បាន​ចេញ​សេចក្តី​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​យាយី ហើយ​ក្រៅ​ពី​នេះ​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​ផង​ដែរ។

សមាគម​អាដ​ហុក ​និង​សង្គម​ស៊ីវិល​ជិត​៣០ ​បាន​ធ្វើ​ការ​អំពាវនាវ​រក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ​ផង​ ក្នុង​សំណុំរឿ​ង​សាកសួរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មក​លើ​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​៤​រូប​ និង​មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប។
សមាគម​អាដ​ហុក ​និង​សង្គម​ស៊ីវិល​ជិត​៣០ ​បាន​ធ្វើ​ការ​អំពាវនាវ​រក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ​ផង​ ក្នុង​សំណុំរឿ​ង​សាកសួរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មក​លើ​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​៤​រូប​ និង​មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត១រូប។ @ADHOC
ផ្សាយពាណិជ្ជកម្ម

រយៈ​ពេល​ពីរ​ថ្ងៃ​មក​នេះ អង្គការ​ចំនួន​២៨​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ផង​ និង​បាន​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ​ផង ក្នុង​សំណុំ​រឿង​សាកសួរ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មក​លើ​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​៤​រូប និង​មន្ត្រី​ជាន់​ខ្ពស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​១​រូប។ អ្នក​ទាំង​នោះ​រួម​មាន លោក នី​ ចរិយា លោក​ណៃ វ៉ង់ដា លោក​នី សុខា លោក​យី សុខសាន្ត និង​អ្នក​ស្រី​លឹម មុនី។

អង្គការ​ទាំង​២៨ ដែល​រួម​មាន សម្ព័ន្ធ​សិទ្ធមនុស្សអន្តរជាតិ (FIDH) និង​អង្គការ​អាដហុក រួម​ទាំង​លីកាដូ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​យាយី​ដល់​មន្ត្រី​សង្គម​ស៊ីវិល​ ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ពេល​នេះ។ សង្គម​ស៊ីវិល បាន​ថ្កោល​ទោស​ការ​កោះ​ហៅ​នេះ​ថា​មិន​ត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​នោះ​ទេ ហើយ​ជា​យន្តការ​គំរាម​កំហែង។ សង្គម​ស៊ីវិល បាន​ចោទ​អង្គភាព​អេស៊ីយូ​ ដែល​ដឹកនាំ​ដោយ​លោក ឱម​យ៉ិនទៀងថា ធ្វើ​ការ​គ្មាន​ឯករាជ្យភាព និង​ក្រោម​គំនាប​នយោបាយ។

បន្ថែម​ពី​នេះ​សង្គម​ស៊ីវិល បាន​ស្នើ​ឱ្យ​សហភាព​អ៊ឺរ៉ុប​ ដែល​ល្បី​លើ​ការ​គោរព​មាន​គោលការណ៍​សិទ្ធិ​មនុស្ស អន្តរាគម​ចំពោះ​រឿង​នេះ ក្នុង​កិច្ច​សន្ទនា​រវាង​សហភាពអ៊ឺរ៉ុប ​និង​រដ្ឋាភិបាល​កម្ពុជា​នៅ​សប្តាហ៍​ក្រោយ​នេះ។ សង្គម​ស៊ីវិល​បាន​ទាមទារ​ឱ្យ​អ៊ឺរ៉ុប​និយាយ​ចំ​ៗ និង​ដំឡើង​សំឡេង​ឱ្យ​ខ្លាំង​ទៅ​កាន់​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ចំពោះ​ស្ថានភាព​នយោបាយ​ក្តៅ​ដែល​រួម​ទាំង​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​តាំង​ពី​ថ្នាក់​កំពូល​ដល់​ថ្នាក់​ក្រោម។ សូម​បញ្ជាក់​ថា​រហូត​មក​ដល់​ពេល​នេះ អ្នក​ទាំង​៥​រូប​នេះ កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ក្នុង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាំង​ពី​ថ្ងៃ​ទី​២៧​ និង​២៨​ មេសា​មកម្ល៉េះ។ យ៉ាង​ណា​ក៏​ដោយ លោក ធន់​ សារាយ ប្រធាន​អង្គការ​អាដហុក​ ដែល​កូន​ចៅ​ខ្លួន​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ មិន​ទាន់​ហ៊ាន​អត្ថាធិប្បាយ​យ៉ាង​ណា​ទេ ប៉ុន្តែ​អះអាង​ថា​កំពុង​បន្ត​ស្វែង​រក​អន្តរាគមន៍ ពី​បណ្តា​ស្ថាន​ទូត​នានា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ