ACU៖ ខ្លួនមិនមានសមត្ថកិច្ចស៊ើបអង្កេតលើពាក្យបណ្តឹងថា ប្រធានអង្គការអាដហុកគេចវេសមិនបង់ពន្ធជូនរដ្ឋ
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអះអាងថា អង្គភាពរបស់ខ្លួនមិនមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតលើពាក្យបណ្តឹង ដែលថាប្រធានអង្គការអាដហុកនិងភរិយា គេចវេសពីការបង់ពន្ធលើថ្លៃជួលផ្ទះនោះទេ។ ពាក្យបណ្តឹងដែលធ្វើឡើងដោយជនអនាមិក ខណៈដែលអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានបង្ហាញពីចម្ងល់លើករណីចុងក្រោយនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៥
ការច្រានចោលរបស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺបន្ទាប់ពីការស៊ើបអង្កេតមួយបង្ហាញថា សមាគមសិទ្ធិមនុស្សអាដហុក មិនមានបញ្ហារឿងមិនបង់ពន្ធជួលផ្ទះជូនរដ្ឋនោះទេ។ ឆ្លើយតបតាមរយៈសារអេឡិចត្រូនិច មកកាន់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី ២ សីហានេះ លោក ឱម យ៉ិនទៀង បានលើកឡើងថា ពីរនាក់ប្តីប្រពន្ធ គឺលោក ធន សារ៉ាយ និងភរិយាលោកស្រី ឆាយ សុវណ្ណ ពិតជាបានជួលផ្ទះរបស់ខ្លួន ឲ្យទៅអង្គការរបស់ខ្លួនមែន ហើយបានបង់ពន្ធកាត់ទុកគ្រប់ចំនួន។ តែប្រសិនបើអ្នកទាំងពីរ មិនបានបង់ពន្ធទេ នោះវាជាបទល្មើស ស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ មិនស្ថិតក្នុងសមត្ថកិច្ចរបស់ អង្គភាពប្រឆាំងអំពើពុករលួយទេ។
គួរជំរាបជូនថា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលពាក្យបណ្តឹងមួយចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ថា ប្តីប្រពន្ធលោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្សអាដហុក បានប្រព្រឹត្តអំពើពុករលួយ ដោយមិនបង់ប្រាក់ពន្ធថ្លៃជួលផ្ទះ ឬពន្ធកាត់ទុក ជូនរដ្ឋនៅឆ្នាំ២០១៥ និងឆ្នាំ២០១៦។ ប៉ុន្តែផ្អែកតាមការប្រមូលព័ត៌មាននៃការគ្រប់គ្រងអចលនទ្រព្យ និងការបំពេញកាតព្វកិច្ចសារពើពន្ធលើឈ្នួលផ្ទះ និងដីខាងលើនេះបង្ហាញថា ម្ចាស់ផ្ទះបានបំពេញកាតព្វកិច្ចសារពើពន្ធដោយបានបង់ប្រាក់ពន្ធកាត់ទុកលើឈ្នួលផ្ទះ និងដីចំនួន១០% ជាង៩២០០០០រៀល ឬស្មើនឹង២៣០ដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៦។ ដោយឡែក ចំពោះទិន្នន័យក្នុងឆ្នាំ២០១៥វិញ អគ្គនាយកដ្ឋានពន្ធដារមិនមានទេ ព្រោះមិនទាន់បានដាក់ឲ្យប្រើប្រាស់ប្រពន្ធ Single Invoices នៅឡើយ។
យ៉ាងណាក៏ដោយ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក បានអះអាងថា សមគមរបស់លោកបានបំពេញកាតព្វកិច្ចត្រឹមត្រូវដែលច្បាប់បានកំណត់។ ប៉ុន្តែលោកបានចោទជាសំណួរថា ពាក្យបណ្តឹងនេះ គួរធ្វើឡើងដោយអគ្គនាយកដ្ឋានពន្ធដារ មិនមែនអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ យ៉ាងណាក៏ដោយ លោកបានលើកឡើងថា ករណីនេះ គួរត្រូវបានបញ្ចប់នៅត្រឹមនេះ។
សូមបញ្ជាក់ថា នេះគឺជាករណីចុងក្រោយមួយបំផុត ដែលបានកើតឡើងទៅលើសមាគមការពារសិទ្ធិមនុស្សដ៏ល្បីល្បាញនៅកម្ពុជាមួយនេះ បន្ទាប់ពីករណីចាប់ខ្លួនមន្រ្តីអាដហុក៤នាក់ និងអតីតបុគ្គលិករបស់ខ្លួនម្នាក់ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី គឺកញ្ញា ខុមចាន់តារាទី ហៅ ស្រីមុំ កាលពីខែមេសា ឆ្នាំ ២០១៦។ លោក ធន សារ៉ាយ ដែលជាប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចាកចេញពីប្រទេសកម្ពុជា តាំងពីពេលនោះមក នៅមិនទាន់វិលចូលប្រទេសកម្ពុជាវិញនៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ