អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់ ស្តីពី​ការការពារ​សាក្សី និង​បុគ្គល​រាយការណ៍នឹង​ចេញ​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ដាក់​សេចក្តី​ព្រាង​ច្បាប់ ស្តីពី ការកា​រពារ​សាក្សី និង​បុគ្គល​រាយការណ៍ ឲ្យ​ភាគី​ពាក់ព័ន្ធ​ពិភាក្សា នៅ​ក្នុង​សិក្ខាសាលា​មួយ​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ មុន​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា។ យ៉ាង​ណា​ក៏​ដោយ គេ​រំពឹង​ថា សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​នឹង​ចេញ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៦​នេះ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ដាក់​សេចក្តី​ព្រា​ងច្បាប់​ ស្តីពី ​ការការ​ពារ​សាក្សី​ និង​បុគ្គល​រាយការណ៍ ​
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បាន​ដាក់​សេចក្តី​ព្រា​ងច្បាប់​ ស្តីពី ​ការការ​ពារ​សាក្សី​ និង​បុគ្គល​រាយការណ៍ ​ Facebook
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ព្រាង​ច្បាប់ ស្តីពី ការ​ការពារ​សាក្សី និង​បុគ្គល​រាយការណ៍ ត្រូវ​បាន​រៀបចំ​ឡើង​តាម​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្រ្តី កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៥ និង​ស្រប​តាម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី ការ​ប្រឆាំង​អំពើ​ពុករលួយ (UNCAC) ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​តាំង​ពី​ឆ្នាំ​២០០៧​មក។

សេចក្តី​ព្រាង​ច្បាប់ ទាំង​ពីរ​នេះ ត្រូវ​បាន​ចាប់​ផ្តើម​ព្រាង​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ និង​បាន​យក​គំរូ​តាម​ច្បាប់​នៅ​ក្នុង​ប្រទេស​ជា​ច្រើន នៅ​ទ្វីប​អាស៊ី អឺរ៉ុប អាមេរិក និង​ទ្វីប​អាហ្រ្វិច​ផង​ដែរ។ នេះ​បើ​ផ្អែក​តាម​បទ​បង្ហាញ​ដោយ​មន្រ្តី​ជំនាញ​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩​ មិថុនា​នេះ​តទៅ។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ទទួល​បន្ទុក​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ រំពឹង​ថា ច្បាប់​ស្តីពី ការការពារ​សាក្សី និង​រួម​ចំណែក​លើក​កម្ពស់​ប្រសិទ្ធភាព​យុត្តិធម៌ និង​ការ​បង្រ្កាប​បទ​ល្មើស, ធានា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​សាក្សី​ និង​បុគ្គល​ពាក់ព័ន្ធ ខណៈ​ដែល​ច្បាប់​ស្តី​ពី​ការ​ការពារ​បុគ្គល​រាយការណ៍ នឹង​ជួយ​ជម្រុញ​ដល់​ការ​បង្កើន​តម្លាភាព ប្រសិទ្ធភាព ការ​បំពេញ​តួនាទី, ធានា​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​រាយការណ៍, ធានាសុវត្ថិភាព និង​លុប​បំបាត់​នូវ​ផល​វិបាក អវិជ្ជមាន​ដែល​អាច​កើត​មាន​ដល់​បុគ្គល​អ្នក​រាយការណ៍។

គួរ​ជម្រាប​ជូន​ថា ច្បាប់​ស្តីពី​ការ​ការពារ​សាក្សី ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៧០ ខណៈ​ដែល​ក្រុម​ឧក្រិដ្ឋជន ដែល​គេ​ហៅថា ក្រុម​ម៉ាហ្វៀ​ (Mafia) បាន​សម្លាប់​បុគ្គល​ណា​ដែល​សហការ​ផ្តល់​ព័ត៌មាន​ដល់​នគរបាល​ឬ​អាជ្ញាធរ។ មាន​ប្រទេស​កាន់តែ​ច្រើន​ឡើង បាន​អនុម័ត​ច្បាប់ វិធាន ឬ​គោលនយោបាយ​ដើម្បី​ការពារ​សាក្សី​នេះ ហើយ​ជា​លទ្ធផល សំណុំ​រឿង​ធំ​ៗ​ជា​ច្រើន​ត្រូវ​បាន​បំបែក ដោយសារ​តែ​មាន​កិច្ច​សហការ​របស់​សាក្សី។

គេ​រំពឹង​ថា សេចក្តី​ព្រាង​ច្បាប់​ទាំងពីរ​នេះ នឹង​ចេញ​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៦​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ