អានតួអត្ថបទ
កម្ពុជា

ACU បញ្ជូនមន្រ្តី អាដហុក ៤ រូប និងមន្រ្តី គជប ១ រូប ទៅតុលាការ ជាថ្មីម្តងទៀត

ជា​ថ្មី​ម្តង​ទៀត អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​បញ្ជូន​ មន្រី្ត​អង្គ​ការអាដ​ហុក​ចំនួន ៤ រូប និង មន្រ្តី​ ជាន់ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ១ រូប ទៅ​កាន់សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។ សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ៣០​ ខែ មេសា ACU បាន​បញ្ជូន ​ម ន្ត្រី​ទាំង​ ៥ រូប ឲ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​អយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ រយៈ​ពេល​ជាង​ ១៥ នាទី ដើម្បី​បំពេញ​បែប​បទ និង កសាង​សំណុំ​រឿង រួច​ក៏​បញ្ជូន​ទៅ​កាន់​ ACU វិញ។

@ACU
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​សំណុំ​រឿង​របស់​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​អង្គការ​អាដ​ហុក បួន រូប និង មន្រ្តី​ជាន់ខ្ពស់​នៃគណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ទៅ​ដល់​ដៃ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ល្ងាចថ្ងៃ​ទី ៣០ មេសា អង្គភាព​ប្រឆាំង​អំពើ​ពុក​លួយ ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​អាទិត្យនេះ បាន​បញ្ជូនមន្រ្តី​ទាំង ៥ ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​ឲ្យ​តំណាងអយ្យការ​បន្ត​និតិ​វិធី​។

កាល​ពី​ថ្ងៃ​ទី ៣០ មេសា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​បាន​បញ្ជូន មន្រ្តី​ទាំង ៥ រូប ទៅ​កាន់សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ឲ្យ​តំណាង​អយ្យការ​បន្ត​និតិវិធី​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​រួចបញ្ជូន​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ ក្នុង​រយៈពេល​ប្រមាណ​ជា ១៥ នាទី ។

បុគ្គល​ទាំង​៥​រូប​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទុក​ និង បញ្ជូនទៅកាន់តុលាការនេះ រួម​មាន​លោក នី ចរិយា អគ្គលេខាធិការ​រង គជប និង​មន្ដ្រី​៤​រូប​មក​ពី​សមាគម​អាដហុក មាន​ជា​អាថិ៍៖ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង ដា និង​លោក​ស្រី លឹម មុនី​។

ជា​ការ​កត់​សម្គាល់ នៅ​ខាង​ក្រៅ​បរិវេណ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ១ ឧសភា នេះ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ស្រែក​ថា ការ​ចោទ​ប្រកាន់​មន្រ្តី​សង្គម​ស៊ីវិល​គឺ​ជា​អំពើ​អយុត្តិធម៌ និង ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ ព្រម​ទាំង ទាម​ទារ​ឲ្យ​មាន​ការ​ដោះលែង​មន្រ្តី​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​វិញ។  

សូម​បញ្ជាក់​ថា អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ថ្ងៃទី ២៨​ ខែ មេសា ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង បាន​ឃាត់​ខ្លួនមន្រ្តី​អង្គការអាដហុក និង លោក នី ចរិយា។ ការ​ឈាន​ទៅ​ដល់ការឃាត់ខ្លួននេះ ​ ក្រោយ​ពី​មាន​ការ​ឆ្លើយ​ដាក់​បន្ទុក​របស់កញ្ញា ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ដែលបាន​ចោទអ្នកទាំប្រាំរូបខាងលើថា​បាន​រួម​គំនិត​លួង​លោម​ឱ្យ​នាង​និយាយ​បដិសេធ ចំពោះ​មុខ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចំណង​​ស្នេហា​ជាមួយ​នឹង​លោក កឹម សុខា។

មិន​មែន​មាន​តែ​បុគ្គល​ប្រាំ​រូប​ខាង​លើ​នោះ​ទេ ក៏​មាន​ផង​ដែរ បុគ្គល​បី​រូបផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ ក្នុង​នោះ​រួម​មាន អ្នក​ស្រី​ ធីតា ឃឹះ ប្រធាន​អង្គការ​សិទ្ធិ​ស្រីសីលការ អ្នក​ស្រី​មេធាវី ទ្រី ឈួន និង​មន្រ្តី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក ស៊ឺន សាលី ។

យ៉ាង​ណា​ក៏​ដោយ លោក ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជាក់​ថា បាន​រួច​ផុត​ពី​ការ​ឃាត់​ខ្លួន និង​ចោទ​ប្រកាន់​ជាមួយ​នឹង​ចម្លើយដ៏​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ​តាម​វិជ្ជា​ជីវៈ​របស់​ពួក​គេ។

ចំពោះ​ករណី​មន្ត្រី UN លោក ស៊ឺន សាលី ដែល​មិន​ទាន់​បាន​ចូល​ខ្លួន​បំភ្លឺ​នោះ លោក ឱម យ៉ិនទៀង បាន​លើក​ឡើង​ថា អង្គភាព​នឹង​បន្ត​ធ្វើ​តាម​ច្បាប់ គឺ​ត្រូវ​នាំ​ខ្លួន លោក ស៊ឺន សាលី ដើម្បី​សាកសួរ​តែ​ម្ដង។ យ៉ាង​ណា​ក៏​ដោយ ប្រធាន ACU រូប​នេះ​ពុំ​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ជាក់​លាក់​ទេ៕ ​​​​

អត្ថបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ