អានតួអត្ថបទ
កម្ពុជា

ACU បញ្ជូនមន្រ្តីអាដហុក ៤ រូប និង អគ្គលេខាធិការរង គជប ម្នាក់ ទៅតុលាការ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ល្ងាច​ថ្ងៃទី ៣០​ ខែ មេសា នេះ បាន​បញ្ជូន មន្រ្តី​អង្គការ​អាដហុក ចំនួន ៤ រូប និង អគ្គ​លេខាធិការ​រង គជប ម្នាក់ ទៅ​កាន់​តុលាការ ដើម្បី​ឲ្យ​តំណាង​អយ្យការ​បន្តនិតិវិធី​ជា​បន្ត​ទៀត។ នេះ​បើ​តាម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ ​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​៤​រូប និង​មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​១​រូប ត្រូ​វបាន​ACU សម្រេច​ឃាត់​ខ្លួន និង​ ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​ ដោយ​ចោទ​ប្រកាន់​ថា​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។

@ACU
ផ្សាយពាណិជ្ជកម្ម

ជុំ​វិញ​សំណុំ​រឿង​មន្ដ្រី​សង្គម​ស៊ីវិលចំនួន ៤ រូប ​និង​អគ្គលេខាធិការ​រង គជប ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍ រហូត​មក​ទល់​ពេល​នេះ អង្គភាពប្រឆាំង​ពុក​រលួយ (ACU) បាន​បញ្ជូន ទៅ​តុលាការ​ហើយ ដើម្បី​ឲ្យ​តំណាង​អយ្យការ​បន្ត​ការ​សួរនាំ និងមាន​វិធាន​ការ​បន្ត​ទៀត។ យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ទាំង ៥ រូប ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ បន្ទាប់​ពី​ការ​សាក​សួរ។ ការ​បញ្ជូន​មន្រ្តី​ទាំង ៥ នាក់ ទៅ​កាន់ តុលាការ ព្រោះ​តែ ការ​ឃុំ​ខ្លួន​នៃដំ​ណើរការសួរ​នាំ​ដល់​រយៈពេល​៤៨​ម៉ោង ដូច្នេះ​ត្រូវ​មកបង្ហាញ​មុខ​និង​បំពេញ​សំណុំ​បែប​បទ​ចំពោះ​មុខ​ព្រះរាជអាជ្ញា រួច​នាំ​ត្រឡប់​ទៅ​វិញ ។

សូម​បញ្ជាក់​ថា ការ​សម្រេច​ឃាត់​ខ្លួន​ និង បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សាកសួរ​រយៈ​ពេល​២​ថ្ងៃ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់ កញ្ញា ខុម ចាន់​តារាទី ហៅ​ស្រីមុំ ដែល​ថា មន្រ្តី​សង្គម​ស៊ីវិល​ណែនាំ​នាង​ឱ្យ​និយាយ​កុហក​ប្រាប់​សមត្ថកិច្ច ពី​ទំនាក់​ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា។

គួរ​ជម្រាប​ជូនផងដែរ​ថា កាល​ពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​ចូល​សួរ​សុខ​ទុក្ខ​អ្នក​ដែល​ត្រូវ​ឃុំ​ខ្លួន​។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ អង្គការ​អាដហុក​បាន​ព្យាយាម​ស្នើ​សុំ​ឲ្យ​មេធាវី​ចូល​ជួប​ជាមួយ​អ្នក​ទាំង​៥ ប៉ុន្តែ​មិន​ត្រូវ​បាន ACU ​អនុញ្ញាត​ឡើយ​។

បុគ្គល​ទាំង​៥​រូប​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ទុក​នៅ ACU រួម​មាន​លោក នី ចរិយា អគ្គលេខាធិការ​រង គជប និង​មន្ដ្រី​៤​រូប​មក​ពី​សមាគម​អាដហុក មាន​ជា​អាថិ៍៖ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង ដា និង​លោក​ស្រី លឹម មុនី​។ អ្នក​ទាំង​៥​ត្រូវ​បាន ACU រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​៕

អត្ថបទដោយ៖ សរ ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ