អានតួអត្ថបទ
កម្ពុជា

អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ ​កោះ​​ហៅ​​មន្រ្តី​អប់រំ ​៥​រូប ​ពាក់​ព័ន្ធ​​​ភាព​​មិន​​ប្រក្រតី​​ពេល​​ប្រលង​​បាក់​​ឌុប​

កាល​ពី​ថ្ងៃ​ម្សិលមិញ (៣០ សីហា ២០១៦) មន្រ្តី​​នគរបាល​យុត្តិធម៌ នៃអង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ បាន​ចេញ​លិខិត កោះ​ហៅ​មន្រ្តី​អប់រំ ៤​រូបបន្ថែម​ទៀត​ ដើម្បី​ស្តាប់​ចម្លើយ​ពាក់ព័ន្ធ​នឹង​ ភាព​មិន​ប្រក្រតី​ ក្នុង​ការ​អនុវត្ត​តួនាទី ភារកិច្ច នា​សម័យ​ប្រលង​បាក់​ឌុប​កន្លង​មក។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លោក ឱម យិនទៀង បានថ្លែង​ថា អ្នក​ទាំង​នោះ មាន​ពាក់ព័ន្ធ​នឹង​ការ​មិន​គោរព​បទប្បញ្ញតិ្ត របស់​​ក្រសួង​​អប់រំ ​និង​​ការ​​ប្រើ​ប្រាស់​​អំណាច​​របស់ខ្លួន ​មិន​​ត្រឹម​​ត្រូវ​។

លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ
លោកទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​​ណាស់ ​បុគ្គលិក​​អប់រំ​ ៥​រូប ត្រូវ​​បាន​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុ​ក​​រលួយ កោះ​ហៅ​​ រៀង​ៗ​​ខ្លួន​​ ដើម្បី​​ស្តាប់​ចម្លើយ​​ពាក់ព័ន្ធ​​ភាព​​មិន​​ប្រក្រតី​​ក្នុង​​ការ​​អនុវត្ត​​តួនាទី​​របស់​​ខ្លួន​ នា​​សម័យ​​ប្រលង​​បាក់ឌុប កាល​​ពី​​ខែ​​សីហា​ ​ឆ្នាំ​២០១៦​។​

លោក ឱម យិនទៀង ទេស​រដ្ឋមន្រ្តី និង​ជាប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ នៅ​ថ្ងៃពុធ​នេះ​ថាបុគ្គលិក​អប់រំ ដែល​ត្រូវ​បាន​កោះ​ហៅ​ទាំង​នោះមាន​ពាក់ព័ន្ធ​នឹង​ការ​ មិន​គោរព​បទ​បញ្ញតិ្ត ​របស់ក្រសួង​អប់រំ និង​ការ​ប្រើប្រាស់​អំណាច​របស់​ខ្លួន មិន​ត្រឹមត្រូវ ប៉ះពាល់​ទៅ​លើ​ច្បាប់​មួយ​ចំនួន។ ​

កាល​ពី​ថ្ងៃ​ម្សិលមិញ (ថ្ងៃទី​៣០ សីហា) មន្រ្តី​អប់រំ ៤​រូប ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កោះ​ហៅ ទៅ​ស្តាប់ចម្លើយ នៅ​ថ្ងៃ​ចន្ទ ទី៥ ខែ​កញ្ញា ខាង​មុខ ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​អនុវត្ត​តួនាទី​ ភារកិច្ច​ នា​សម័យ​បាក់ឌុប​ឆ្នាំ​២០១៦។ មន្រ្តី​ទាំង​នោះ រួម​មាន អគ្គនាយក​រង នៃអគ្គ​នាយកដ្ឋាន​យុវជន (ជា ប្រធានមណ្ឌល​កំណែ មណ្ឌល​វិទ្យាល័យ​ព្រះយុគន្ធរ) ម្នាក់ អនុប្រធាន​នាយកដ្ឋាន​នីតិកម្ម នៃ​ក្រសួង​អប់រំ យុវជន និងកីឡាម្នាក់ ព្រមទាំងស្រ្តី គ្រូបង្រៀន​ ម្នាក់​បង្រៀន​នៅវិទ្យាល័យ​ទួលស្វាយព្រៃ និងស្រ្តីម្នាក់​ទៀតបង្រៀន​នៅ វិទ្យាល័យ ហ៊ុនសែន ប៊ុននារី ផ្សារ​ដើមថ្កូវ។

ដោយ​ឡែក ស្រ្តី ជា គ្រូបង្រៀន​ម្នាក់​នៃ វិទ្យាល័យ​ទួលអំពិល ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​បង្ហាញ​ខ្លួន​រួចហើយ​ នៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​ថ្ងៃ​ចន្ទ ២៩ សីហា កន្លង​មក ពាក់ព័ន្ធ​នឹង​ការ​ទទួល​លុយ​ពី​បេក្ខជន នាសម័យ​ប្រលង​បាក់ឌុបឆ្នាំ​២០១៦។

ប្រតិកម្ម​តប​នឹង​បញ្ហា​នេះ ប្រធាន​ស្តីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី ថ្លែង​ថា មន្រ្តី​អប់រំទាំង​៥​រូប ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កោះ​ហៅ មិន​មែន​ជាសមាជិករបស់សមាគម​គ្រូបង្រៀនកម្ពុជា​ឯករាជ្យនោះ​ទេ។ លោកស្រីបាន​បន្ថែម​ថា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យមិន​គាំទ្រលោកគ្រូ អ្នកគ្រូ ណា​ម្នាក់​ដែល​ប្រព្រឹត្តិ​ខុស​វិន័យ​ក្នុង​ការ​ប្រលង​ឡើយ​ ប៉ុន្តែ​សមាគម ក៏​មិន​សប្បាយ​ចិត្ត​ដូចគ្នា​ នៅ​ពេល​ដែលបុគ្គលិក​ក្រសួង​អប់រំ បែរ​ជា​ ត្រូវ​ប្រឈម​នឹង​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហើយ​មិន​មែន​ជាស្វាមី​អាណាព្យាបាល​ ក្រសួង​អប់រំជា​អ្នកចាត់​វិធានការណ៍​ពិន័យ។

គួរ​ជម្រាប​ថា តាម​ប្រកាស​ស្តី​ពី ការ​កម្រិត​វិន័យ​ចំពោះ​បុគ្គលិក​អប់រំ ក្នុង​ការ​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​ របស់ក្រសួង​អប់រំ យុវជន និង​កីឡា កាលពី​ថ្ងៃទី​១១ ខែ​កក្កដា ២០១៦ ប្រសិន​បើ បុគ្គលិក​អប់រំ​ បាន​ប្រព្រឹត្តិ​សកម្មភាពមិន​ត្រឹម​ត្រូវ ក្នុង​ការ​ប្រលងដូចជា ទទួល​ប្រាក់​សំណូក​ពី​បេក្ខជន​ជា​ថ្នូរ​នឹង​ការ​ចម្លង ឬ​ធ្វើ​ចម្លើយ​អោយ​បេក្ខជន ជាដើមពួក​គេ​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ខាង​វិន័យ​ ចាប់ពីស្តី​បន្ទោស រហូត​ដល់បណ្តេញ​ចេញ​ពី​មុខ​តំណែង​រាជការ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ