អានតួអត្ថបទ
កម្ពុជា

ADB ព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ​នៅ​មាន​ភាព​វិជ្ជមាន

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​និង​២០១៦​នៅ​តែ​មាន​ភាព​រឹងមាំ​បើ​ទោះ​ជា​មាន​ការ​ថមថយ​តិច​តួច​ដែល​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​នូវ​សក្តានុពល​កំណើន​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី និង​ការ​ងើប​ឡើង​វិញ​យឺត​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំ​ៗ។

សន្និសីទ​សារ​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB កន្លង​ទៅ​។
សន្និសីទ​សារ​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB កន្លង​ទៅ​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​នៅ​តែ​រឹងមាំ​រហូត​ដល់​ឆ្នាំ ២០១៦ បើ​ទោះ​បី​ជា​កំណើន​ទំនង​ជា​នឹង​មាន​ល្បឿន​យឺត​តិចតួច​ ជាង​ការ​ព្យាករណ៍​កាល​ពី​ដើម​ឆ្នាំ​នេះ​ក៏​ដោយ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB នៅ​ថ្ងៃ​អង្គារ​ទី​២២​កញ្ញា។

នៅ​ក្នុង​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​ប្រចាំឆ្នាំ ដែល​មាន​ចំណង​ជើង​ថា​«ទស្សន​វិស័យ​ អភិវឌ្ឍន៍ (ADO)២០១៥» ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ព្យាករណ៍​ថា កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប (ផសស) សម្រាប់​ប្រទេស​កម្ពុជា​គឺ៧​ភាគរយ សម្រាប់​ឆ្នាំ​២០១៥ និង​៧,២ភាគរយ​ សម្រាប់​ឆ្នាំ​២០១៦។

ជាមួយ​គ្នា​នេះ​ADB បាន​រំលឹក​ពី​របាយការណ៍​របស់​ខ្លួន​កាល​ពី​ខែ​មីនា ដែល​បាន​ព្យាករណ៍​ថា​កំណើន​ឆ្នាំ​២០១៥​មាន​៧,៣ភាគរយ​ និង​ឆ្នាំ​២០១៦​ មាន​៧,៥ភាគរយ។ ក៏​ប៉ុន្តែ​ការ​ព្យាករណ៍​ពេល​នេះ​ បែរ​ជា​ថមថយ​ទៅ​វិញ​នោះ ADB ពន្យល់​ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ថយ​ចុះ​ នូវ​សក្តានុពល​កំណើន​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី និង​ការ​ងើប​ឡើង​វិញ​យឺត​យ៉ាវ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ឧស្សាហកម្ម​ធំ​ៗ។

សេដ្ឋកិច្ច​វិទូ​ជាន់​ខ្ពស់​ADB​ប្រចាំ​ប្រទេស​លោក Jan Hansen ឲ្យ​ដឹង​ថា​ការ​ពង្រីក​ឧស្សាហកម្ម​កាត់​ដេរ សំណង់ សេវាកម្ម​ទេសចរណ៍ ហិរញ្ញវត្ថុ និង​អចលនទ្រព្យ នៅ​តែ​បន្ត​ជម្រុញ​កំណើន​បន្ថែម​ទៀត។ លើស​ពី​នេះ តម្រូវ​ការ​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ខ្លាំង​។ ការ​នាំ​ចូល​ក៏​មាន​កំណើន​ខ្ពស់។ រីឯ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​មាន​ការ​កើន​ឡើង​១១​ភាគរយ​ ថយ​ចុះ​ពី​១៤,៥ភាគរយ​ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៤។ កំណើន​ការ​នាំ​ចេញ​ទំនិញ​សរុប​ថយ​មក​នៅ​១៤​ភាគរយ​ពី​១៨,៣ភាគ​រយ។ កំរិត​អតិផរណា​ប្រចាំ​ឆ្នាំ​ស្ថិត​នៅ​ត្រឹម​១​ភាគរយ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១៥។ ក្រោយ​មក​កំរិត​នៃ​អតិផរណា​ ត្រូវ​បាន​កែ​សម្រួល​មក​នៅ​១,៣ភាគរយ បន្ទាប់​ពី​មាន​ការ​ថយ​ចុះ​នូវ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​និង​ឥន្ធនៈ ក្រោយ​ពេល​មាន​ការ​ថយ​ចុះ​យ៉ាង​គំហុក​នៃ​តម្លៃ​ប្រេង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ