អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

១,៤​លាន​ដុល្លារ​ នឹង​ត្រូវ​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​នៅ​កម្ពុជា​

ជំនួយ​ជា​ទឹក​ប្រាក់​ប្រមាណ​១,៤លាន​ដុល្លារ​អាមេរិក​ នឹង​ត្រូវ​ប្រើ​ប្រាស់​ទប់​ទល់​​ទៅ​​នឹង​​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា ​តាម​រយៈអង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៩​ស្ថាប័ន​។ ​ពលរដ្ឋ​កម្ពុជា​២១.០០​០​គ្រួសារនឹង​ទទួល​បាន​ផល​ប្រយោជន៍​តាម​រយៈ​គម្រោង​​របស់​អង្គការ​ទាំង​១៩​ស្ថាប័ន​នោះ​។​  

រដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ អ​ភិវ្ឍន៍អន្តរជាតិ​ដោះស្រាយការបែ្រប្រួលអាកាសធាតុ
រដ្ឋាភិបាល​កម្ពុជា​និង​ដៃគូ អ​ភិវ្ឍន៍អន្តរជាតិ​ដោះស្រាយការបែ្រប្រួលអាកាសធាតុ © Reuters
ផ្សាយពាណិជ្ជកម្ម

អង្គការ​សង្គម​ស៊ីវិល​ទាំង​១៩ ​ស្ថាប័ន​ក្នុង​ប្រទេស​កម្ពុជា ​នឹង​ទទួល​បាន​ទឹក​ប្រាក់​ប្រមាណ​១,៤​លាន​ដុល្លារអាមេរិក​ ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB​ តាម​រយៈ​អង្គការ ​Plan​ International​ Cambodia​។ ​នេះ​បើតា​ម​សេច​ក្តីប្រកាស​ព័ត៌​មាន​របស់ ​ADB​ កាល​ពីថ្ងៃទី០១​ ខែ​កក្កដា។​

 
សេច​ក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​អង្គការ​ដែល​ទទួល​បាន​ប្រាក់​ពី​ADB​ នឹង​អនុវត្ត​គម្រោងកាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​តាម​សហគមន៍​ ក្នុង​វិស័យ​ជា​ច្រើន ​ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ ​កសិកម្ម​ ការ​គ្រប់​គ្រង​ធន​ធាន​ទឹក ​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត ​និង​អនាម័យ​ អប់រំ​ និង​សុខភាព​ រួម​ទាំង​ការ​ការ​ពារ​បរិស្ថាន ​ក្នុងខេ​ត្ត​ចំនួន​១៧ ​ទូទាំង​ប្រទេស​កម្ពុជា។​

កម្ពុជា​គឺ​ជា​ប្រទេស​នៅ​ក្នុង​តំបន់​មេគង្គ​តែ​មួយ​គត់ ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​នៅ​ក្នុង​កម្ម​វិធី​សាកល្បង​សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាស​ធាតុ​នេះ។​ ចំពោះ​មូល​ហេតុ​ដែល​​កម្ពុជា​ត្រូវ​បាន​ជ្រើស​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​សាក​ល្បង​សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាស​ធាតុ ​វិទ្យុ​បារាំង​អន្តរ​ជាតិ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គ្រប់​គ្រង​គម្រោង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB​ បាន​ទេ ​នៅ​ថ្ងៃទី២​ ខែ​កក្កដា។

លោក ​យុន ​ស៊ីណា អ្ន​ក​ឯ​ក​ទេស​កសាង​សមត្ថ​ភាព ​និង​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​របស់​អង្គការ ​Plan ​អន្តរ​ជាតិ បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​អង្គការ​របស់​លោក​បាន​ជ្រើស​រើស​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ទាំង​១៩​រូច​រាល់​ហើយ​ ដោយ​ចាប់​ផ្តើម​អនុវត្ត​គម្រោង​កាល​ពី​ខែ​មិថុនា​។ ​លោក​យុន ​ស៊ី​ណាបា​ន​ឲ្យ​ដឹង​ទៀត​ថា ​ការ​ជ្រើស​រើស​យក​តែ​ខេ​ត្ត​១៧ ​ ឬ​១៩ស្ថាប័ន​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ​គឺ​អាស្រ័យ ​ដោយ​ការ​សរសេរ​គម្រោង​របស់​អង្គការ​ក្នុង​ស្រុក​មួយ​ចំនួន​មិន​ចំគោល​ដៅ ​ដែល​អង្គការ​របស់​លោក​ចង់​បាន​ និង​ដោយ​សារ​ចំនួន​ថវិកា​​មា​នកំណត់។​

សូម​បញ្ជាក់​ថា ​កាលពី​ឆ្នាំ​២០១១​ កន្លង​ADB ​បាន​ជួយ​រដ្ឋាភិបាល​កម្ពុជា​រៀប​ចំ​កម្មវិធី​សម្រាប់​ភាព​ធន់​ទៅ​នឹង​អាកាស​ធាតុ ​ដែល​កម្មវិធី​នោះ​មាន​ទឹក​ប្រាក់​ប្រមាណ​៥៨៥​លាន​ដុល្លារ​អាមេរិក ​ដើម្បី​បញ្ជ្រាប​ភាព​ធន់​ទៅ​នឹងអាកាស​​ធាតុ ​ក្នុង​វិស័យ​កសិកម្ម ​គ្រប់​គ្រង​ធន​ធាន​ទឹក​ និង​អនាម័យ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ