ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/09 12h00 GMT
កម្ពុជា

ADB ​ផ្តល់​ឥណទាន​សម្បទាន​ជិត​២០០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុ​ជា​លើ​គម្រោង​ចំនួន​៣

media  
ធនាគារអភិវឌ្ឍន៍អាស៊ី ADB DR

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(ADB)​ និង​ក្រសួង​ហិរញ្ញវត្ថុ ​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​០៩ ​ខែ​មករា​នេះ ​បាន​ចុះ​ហត្ថលេខា​រួមគ្នា​លើ​កិច្ច​ព្រមព្រៀង ​ផ្តល់​ឥណទាន​សម្បទាន ​ចំនួន​ជិត២០០​លាន​ដុល្លារ ​សម្រាប់​គម្រោង​ចំនួន​៣​ដើម្បី​គាំទ្រ​ដល់​ការ​កែ​លម្អ​ផ្លូវ​ថ្នល់ ​ការ​ផ្គត់ផ្គង់​​ទឹក ​​អនាម័យ​​តាម​​ខេត្ត ​និង​ការ​អភិវឌ្ឍ​កសិកម្ម​ខ្នាត​តូច​។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​ADB​ បាន​លើកឡើង​ថា​គម្រោង​ទី​១​នៃ​ឥណទាន​សម្បទាន​នេះ ​គឺ​ជា​ការ​កែ​លម្អ​បណ្តាញ​ផ្លូវ​ថ្នល់ ​ដែល​មាន​ទឹក​ប្រាក់​៧០​លាន​ដុល្លារ​ នឹង​កែ​លម្អ​ផ្លូវ​ប្រវែង​១៤៧​គីឡូម៉ែត្រ ​នៅ​ក្នុង​ខេត្ត​ព្រៃវែង ​សៀមរាប ​និង​ខេត្ត​ស្វាយរៀង​។

គម្រោង​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​ថ្នាក់ជាតិ ​ដើម្បី​បង្កើន ​ប្រសិទ្ធភាព ​សុវត្ថិភាព ​និង​ភាព​ធន់ទ្រាំ​ទៅនឹង​អាកាសធាតុ ​និង​បង្កើន​សមត្ថភាព​របស់​ក្រសួង​សាធារណការ​ ក្នុងការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​ផ្លូវ​ថ្នល់ ​តាម​រយៈ​ការ​រៀបចំ​ផែនការ​ប្រតិបត្តិការ ​និង​ការ​ជួសជុល​ថែទាំ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។ ​នេះ​បើ​តាម ​ABD​។

ចំពោះ​គម្រោង​ទី​២ ​គឺ​គម្រោង​ផ្គត់​ផ្គង​ទឹក ​និង​អនាម័យ​ខេត្ត ​នឹង​ជួយ​ពង្រីក ​និង​កែ​លម្អ​ការ​ផ្គត់ផ្គង់​ទឹក ​និង​សេវា​អនាម័យ​នៅ​តំបន់​ប្រជុំជន ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ២​សែន​នាក់ ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ​កំពង់ចាម ​សៀមរាប ​និង​ខេត្ត​ព្រះសីហនុ​។​

តាម​ADB ​ឥណទាន​សម្បទាន​នៅ​ក្នុង​ទឹក​ប្រាក់​៥០​លាន​ដុល្លារ​របស់​ខ្លួន ​សម្រាប់​គម្រោង​នេះ ​នឹង​ត្រូវ​បំពេញ​បន្ថែម​ដោយ ​ហិរញ្ញប្បទាន​ឥត​សំណង​១០​លាន​ដុល្លារ​ ពី​មូលនិធិ​ជប៉ុន​សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួមគ្នា ​ក្រោម​ការ​ឧបត្ថម្ភ ​មូលនិធិ​ពី​រដ្ឋាភិបាល​ជប៉ុន​និង​សហ​ហិរញ្ញប្បទាន​ ជាង​៤៣​លាន​ដុល្លារ ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​AFD ​រួមទាំង​ហិរញ្ញប្បទាន​ឥត​សំណង​ជាង ​៥លាន​ដុល្លារ​ទៀត ពី​កម្មវិធី​វិ​និយោគ​អាស៊ី​នៃ​សហភាព​អឺរ៉ុប​។ ​រដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​ចូលរួម​បដិភាគ​ក្នុង​ទឹកប្រាក់​ ១១​លាន​ដុល្លារ​ផង​ដែរ​។

ដោយឡែក ​គម្រោង​ទី​៣ ​គឺជា​ហិរញ្ញប្បទាន​បន្ថែម ​សម្រាប់​ការ​កាត់បន្ថយ​ភាព​ក្រីក្រ ​និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច ​នៅ​តំបន់​ទន្លេសាប ​នឹង​បន្ត​បង្កើន​ផលិតភាព​កសិកម្ម ​និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជុំវិញ​បឹង​ទន្លេសាប ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​កសិករ​ខ្នាតតូច ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ​កំពង់ចាម ​កំពង់ធំ ​សៀមរាប ​និង​ខេត្ត​ត្បូងឃ្មុំ​។ ​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​នឹង​ផ្តល់​ទឹកប្រាក់​ ៥០​លាន​ដុល្លារ​ សម្រាប់​គម្រោង​នេះ ​រួម​នឹង​ឥណទាន​សម្បទាន ​១០​លាន​ដុល្លារ ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​និង​ការ​ចូលរួម​បដិភាគ​សមមូល​៦លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ផង​ដែរ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ