អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​និង​នាយក​រដ្ឋ​មន្ត្រី​គឺ​ជា​ក្តី​សង្ឃឹម​ចុង​ក្រោយ​នៃ​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស

ក្រុម​គ្រួសារ​រួម​មាន​ភរិយា និង​កូន​របស់​សកម្មជន​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទាំង​៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប មួយ​រូប បាន​នាំ​គ្នា​ធ្វើ​លិខិត​មួយ​ច្បាប់​ថ្វាយ​ព្រះ​មហាក្សត្រ និង​នាយក​រដ្ឋ​មន្ត្រី ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​ស្វាមី​ និង​ឪពុក​របស់​ពួក​គេ ដែល​កំពុង​ជាប់​ឃុំ។ ការ​សុំ​កិច្ច​អន្តរាគមន៍​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ.ជ.ប ត្រូវ​បាន​ឃុំ​ឃាំង​អស់​រយៈ​ពេល​ជិត​ ៩​ខែ​កន្លង​ទៅ។

លោក នី ចរិយា ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៥នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ពី​បទ​សូក​ប៉ាន់​សាក្សី។
លោក នី ចរិយា ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ ៥នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ពី​បទ​សូក​ប៉ាន់​សាក្សី។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លិខិត​របស់​ក្រុម​គួ្រសារ​មន្ត្រី​សមាគម​អាដហុក​ចំនួន ៤​រូប និង​មន្ត្រី​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) មួយ​រូប ដែល​ចុះ​កាល​បរិច្ឆេទ និង​ស្នាម​មេដៃ​ចំនួន​ ៥​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដល់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​ ២៤ ខែ​មករា​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សមាគម​អាដ​ហុក។

ខ្លឹមសារ​នៅ​ក្នុង​លិខិត​នោះ​បាន​លើក​ឡើង​ពី​ការ​រៀប​រាប់​ទៅ​កាន់​លោក ហ៊ុន សែន ពី​ប្រវ​ត្តិការងារ និង​ការ​អប់រំ​ប្រជាពលរដ្ឋ​របស់​ប្តី​ និង​ម្តាយ​ពួក​គេ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ដើម​ទសវត្ស​ឆ្នាំ​៩០ ឲ្យ​យល់​ដឹង​ពី​សិទ្ធិ​ និង​កាតព្វកិច្ច និង​បញ្ហា​ជា​ច្រើន​ទៀត។ ក៏​ប៉ុន្តែ​បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ឃុំ​ខ្លួន​មក ក្រុម​គ្រួសារ​បាន​ជួប​ប្រទះ​បញ្ហា​លំបាក​ជា​ច្រើន ដូចជា​កូន​ៗ​បាក់​ទឹក​ចិត្ត​រៀន​សូត្រ ជីវភាព​នៅ​ក្នុង​គ្រួសារ​មាន​ការ​ធ្លាក់​ចុះ​ដោយ​បាត់​បង់​សសរ​ទ្រូង​ក្នុង​ការ​រក​ចំណូល សមាជិក​គ្រួសារ​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ និង​ខ្វះ​ភាព​សុខដុម​រមនា​នៅ​ក្នុង​គ្រួសារ​ទាំង​មូល។

លោក ស៊ុំ ចាន់គា អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​នេះ​ថា លោក​មាន​ការ​សង្ឃឹម​ខ្ពស់​ថា​អ្នក​ជាប់​ឃុំ​ទាំង​ ៥​នាក់ នឹង​មាន​សេរីភាព​ដោយសារ​លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ឥទ្ធិពល​ខ្លាំង​នៅ​ក្នុង​សំណុំ​រឿង​នេះ ដោយ​កន្លង​មក​លោក​ហ៊ុន សែន បាន​អន្តរាគមន៍​ជា​ច្រើន​ករណី​មក​ហើយ។

ដោយ​ឡែក​ចំពោះ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ជួយ​អន្តរាគម​លើ​រឿង​ដូចគ្នា​នេះ​ដែរ ត្រូវ​បាន​មន្ត្រី​អាដហុក​បញ្ជាក់​ថា​នឹង​បញ្ជូន​ទៅ​កាន់​ព្រះ​បរមរាជ​វាំង​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ផង​ដែរ។

សូម​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​ ៤​នាក់​ គឺ​លោក នី សុខា លោក យី សុខ​សាន្ត លោក​ណៃ វ៉ង់ដា លោក​ស្រី លឹម មុនី និង​លោក នី ចរិយា​អគ្គលេខាធិការ​រង​គ.ជ.ប ម្នាក់ ធ្លាប់​បាន​ដាក់​ពាក្យ​ទៅ​តុលាការ ដើម្បី​ស្នើ​សុំ​ឲ្យ​ប្តី​ និង​ម្តាយ​របស់​ពួក​គេ​បាន​នៅ​ក្រៅ​ឃុំ​ចំនួន ៦​ដង​រួច​មក​ហើយ ក៏​ប៉ុន្តែ​តុលាការ​គ្រប់​ជាន់​ថ្នាក់​បាន​ច្រាន​ចោល ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ