អានតួអត្ថបទ
កម្ពុជា

អាដហុក​ ឆ្ងល់​ពី​ចំណាត់​ការ​របស់ ACU តែ​បញ្ជាក់​ថា​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បំភ្លឺ​ពី​​ភាព​ស្អាត​ស្អំ

សមាគម​អាដហុក បាន​បញ្ជាក់​ថា​ ខ្លួន​កំពុង​តែ​វង្វេង​នឹង​ការ​ចោទ​ប្រកាន់​របស់​កញ្ញា​ខុម ចាន់​ដារ៉ាទី ហៅ​ស្រីមុំ មក​លើ​បុគ្គលិក​របស់​សមាគម​អាដហុក។ លើស​ពី​នេះ អាដហុក ​ក៏​ឆ្ងល់​ពី​ចំណាត់​ការ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ដែល​កោះ​ហៅ​បុគ្គលិក​ខ្លួន ​ឲ្យ​ចូល​បំភ្លឺ​លើ​ករណី​នេះ​ដែរ​។ យ៉ាង​ណា​ក៏​ដោយ ប្រធាន​សមាគម​អាដហុក បាន​អះអាង​ថា គេ​មាន​ភស្តុតាង​ក្នុង​ដៃ​គ្រប់គ្រាន់​ ដើម្បី​បង្ហាញ​ថា ​សមាគម​ធ្វើ​តាម​គោលការណ៍ និង​គោរព​ច្បាប់​ជាតិ។​ ហើយ​បុគ្គលិក​អាដហុក ៥​នាក់ នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ ACU។ ការ​បញ្ជាក់​ទាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​សន្និសីទ​កាសែត នៅ​ស្នាក់​ការ​អង្គការ CHRAC​ នា​ព្រឹក​ថ្ងៃទី ២៦​មេសា​នេះ។

សមាគម​អាដហុក ​ធ្វើ​សន្និសីទ​កាសែត​ នៅ​ស្នាក់ការ​អង្គការ​ CHRAC ​នា​ព្រឹក​ថ្ងៃ​ទី​ ២៦​មេសា​នេះ។​
សមាគម​អាដហុក ​ធ្វើ​សន្និសីទ​កាសែត​ នៅ​ស្នាក់ការ​អង្គការ​ CHRAC ​នា​ព្រឹក​ថ្ងៃ​ទី​ ២៦​មេសា​នេះ។​ សហការី
ផ្សាយពាណិជ្ជកម្ម

ប្រធាន​សមាគម​អាដហុក លោក​ធន សារ៉ាយ បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ថា បុគ្គលិក​ ៥​នាក់​របស់​អាដហុក នឹង​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) តាម​ការ​កោះហៅ នៅ​ថ្ងៃទី ២៧ និង​២៨​មេសា​ខាង​មុខ។ បុគ្គលិក​ទាំង ៥ ដែល​រួម​មាន​ លោក​ស្រី​មេធាវី​ ទ្រី ឈួន -លោក​ស្រី​លឹម មុនី ​មន្ត្រី​អង្កេត​ជាន់​ខ្ពស់ -លោក​នី សុខា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត -លោកយី សុខសាន្ត និង​លោក​ណៃ វ៉ងដា អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត។

ទោះបី​ទៅ​ឆ្លើយ​បំភ្លឺ​តែ​អាដហុក ក៏​កំពុង​តែ​ឆ្ងល់​ពី​ចំណាត់​ការ​របស់ ACU។ ឆ្ងល់​ព្រោះ​ថា ACU គួរ​មាន​សមត្ថកិច្ច​ធ្វើ​ការ​អង្កេត​តែ​លើ​ការ​លួច​ប្រាក់​ជាតិ តែ​ហេតុអ្វី​ក៏​កោះ​ហៅ​សមាគម​ ដែល​ស្ថិត​នៅ​ក្រៅ​រដ្ឋាភិបាល​ទៅ​បំភ្លឺ​រឿង​នេះ​វិញ។​ យ៉ាង​ណា​ក៏​ដោយ លោក​ធន សារ៉ាយ អះអាង​ថា​ អាដហុក​ មិន​ភ័យ​ខ្លាច​ទេ​ ព្រោះ​ថា​ខ្លួន​មាន​ភស្តុតាង​គ្រប់​គ្រាន់។ ភស្តុតាង ដែល​បញ្ជាក់​ថា កញ្ញា​ស្រី​មុំ ដាក់​ពាក្យ​ស្នើសុំ​ប្រាក់​ឧបត្ថម្ភ​ពី​សមាគម ចំនួន ២០៤​ដុល្លារ ដើម្បី​ចំណាយ​លើ​ការ​ស្នាក់​នៅ ហូប​ចុក និង​ថ្លៃ​ធ្វើ​ដំណើរ​ទៅ​មក​ អំឡុង​ពេល​ត្រូវ​មក​ស្វែង​រក​អន្តរាគម​ផ្នែក​ច្បាប់​នៅ​សមាគម​អាដហុក និង​នៅ​ក្រសួង​មហាផ្ទៃ។ ​ហើយ​ការ​ផ្តល់​ថវិកា​ឧបត្ថម្ភ​នេះ ក៏​ជា​គោលការណ៍​ ដែល​អាដហុក ត្រូវ​ជួយ​ដល់​ជន​រងគ្រោះ ដោយ​មិន​មែន​តែ​ករណី​កញ្ញា​ស្រី​មុំ​នេះ​ទេ។

ចំពោះ​ ការ​ដក​មេធាវី​ឈប់​ជួយ​ស្រីមុំ​វិញ​ ក៏​ត្រូវ​បាន​អាដហុក អះអាង​ដដែល​ជា​ដដែល​ថា ដោយ​សារ​នាង​លែង​មាន​ភាព​ភ័យ​ខ្លាច​ដូច​ពី​មុន​ទៀត​ ដូច្នេះ​ករណី​នេះ វា​លែង​ស្ថិត​នៅ​ក្នុង​អណត្តិ​របស់​អាដហុក​ទៀត​ហើយ​។ ​

គួរ​ជម្រាប​ជូនថា កញ្ញា​ស្រីមុំ ដែល​ជាប់​ឈ្មោះ​ថា​មាន​រឿង​អាស្រូវ​ស្នេហា​ជាមួយ​លោក​កឹម សុខា ពី​ដំបូង​ បាន​ទៅ​ស្វែង​រក​ជំនួយ​ពី​សមាគម​អាដហុក ដោយ​បដិសេធ​ថា ខ្លួន​គ្មាន​រឿង​បែប​នេះ​ជាមួយ​អនុប្រធាន​គណបក្ស​ប្រឆាំង​ឡើយ​។ ប៉ុន្តែ​ស្រាប់​តែ​នៅ​ថ្ងៃ​ទី ១៩​មេសា ស្រីមុំ បាន​ប្រាប់​តុលាការ​ពី​ការ​ពិត​ផ្សេង​មួយ​ទៀត ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌។ ហើយ​ក្រោយ​មក​បាន​សរសេរ​លិខិត​ដោយ​ដៃ ​​ចោទ​សមាគម​អាដហុក និង​មន្ត្រី​ផ្សេង​ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ រួម​នឹង​លោក​កឹម សុខាផង ថា​បាន​បង្ខំ​ឲ្យ​នាង​ផលិត​ការពិត។ ទោះ​យ៉ាង​នេះ​ក្តី ប្រធាន​សមាគម​អាដហុក​ ថា​នឹង​មិន​ប្តឹង​បក​ទៅ​កញ្ញា​ស្រីមុំ​វិញ​ទេ ព្រោះ​គេ​យល់​ថា​នាង​ជា​ជន​រងគ្រោះ ហើយ​ប្រហែល​ជា​អាច​រង​សម្ពាធ​ណា​មួយ។ អាដហុក គ្រាន់​តែ​ចង់​ឲ្យ​ស្រីមុំ​ ចេញ​មក​បំភ្លឺការ​ពិត ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​អាដហុក​វិញ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ